វិភាគ៖ តើមានអ្វី​នៅពីក្រោយការដោះលែង​អ្នក​ទោស​មន​សិការ​ក្រោ​យ​បោះ​ឆ្នោត​?

លោក គឹម សុខ (ឆ្វេង) លោក អ៊ុំ សំអាន (កណ្ដាល) និងអ្នកស្រី ទេព វន្នី (ស្ដាំ)

នៅប៉ុន្មានថ្ងៃនេះ ព្រឹត្តិការណ៍ដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺអ្នកទោសមនសិការមួយចំនួនត្រូវ​បានដោះលែងជា​ប​​ន្ត​​បន្ទាប់​ និងមួយចំនួន​ទៀ​តគ្រោ​​ង​នឹងដោះលែងឆាប់ៗ ក្រោយពីការ​បោះឆ្នោត​ដ៏​ច​ម្រូងស​ម្រាសមួយ​ ត្រូ​វ​​បាន​បិ​ទប​​ញ្ច​ប់​​ទៅតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

អ្នក​ទោសទាំងនោះមានអ្នកឃ្លាំមើលនិងវិភាគបញ្ហាសង្គម លោក គឹម​ សុខ សកម្មជនដីធ្លីដ៏​ល្បីឈ្មោះ​នៅ​តំប​​ន់​បឹងកក់អ្នកស្រី ទេព វន្នី អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំង ដែលសកម្មរិះគន់ពីបញ្ហាព្រំដែន លោ​ក អ៊ុំ សំអាន និងស​កម្មជ​នន​​យោ​បាយ​១២​អ្នកទៀត នឹង​ត្រូវ​ដោះ​លែ​ង​​ឆា​ប់​ៗ​នេះ។

អ្នកទោសទាំងនោះ ទទួលទោសបាន១ឆ្នាំកន្លះ ខ្លះពីរឆ្នាំ និងខ្លះច្រើនជាងនេះ តែពួក​គេខ្លះត្រូ​វបា​នព្រះម​ហា​ក្ស​ត្រលើ​កលែងទោស តាមសំណើរបស់នាយករដ្ឋមន្ត្រី។

ប៉ុន្តែអ្វីជាការកត់សម្គាល់ ជនជាប់ចោទទាំងនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ មុនការបោះ​ឆ្នោត​ម​​ក​ដ​ល់ ហើយពួកគេត្រូវ​បានដោះលែងវិញជាបន្តបន្ទាប់ក្រោ​យការបោះឆ្នោ​ត ។​

តើមានអ្វីនៅពីក្រោយនៃការដោះលែងអ្នកទោសមនសិការនេះ ?

អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី និយាយថាការចាប់ និងការដោះ​លែងអ្នក​ទោ​សមនសិការ ជាល្បែងនយោបាយចាស់ ដើម្បីយកប្រៀបលើដៃគូប្រកួត។

នៅពេលដែលដល់តំណាក់កាលមួយត្រូវគេអនុវត្ត ទោះបីរឿងហ្នឹងវាស្រពេចស្រពិល​យ៉ាង​ម៉េច​ត្រូវ​ប្រមូលដាក់ទ្រុង​ទាំងអស់សិន រួចហើយទុករហូតដល់ការបោះ​ឆ្នោតហើយទើបព្រ​លែង​មកវិញ។ ខ្ញុំ មិន​ដឹងថា​រឿងហ្នឹងជាការគ្រង​ទុកយ៉ាងម៉េចទេ ព្រោះវាជាការមើលឃើញអញ្ចឹង មិនមែនជារឿងថ្មី

អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី

អ្នកវិភាគរូបនេះ យល់ថា ចរន្តបើកទ្វារគុកពេលនេះមិនខុសពីពេលមុនៗដែរ គឺដើម្បីទាក់ទាញ​សហ​គមន៍​អ​ន្ត​រ​ជាតិឲ្យនៅជាមួយបក្សកាន់អំណាច ។

ការដោះលែងនេះខ្ញុំមើលទៅអាចជាបំណងមួយដើម្បីបន្ធូរស្ថានការណ៍ ហើយទី២ទៀត ធ្វើម៉េ​ច​ដើ​ម្បី​​ឲ្យអ​ន្តរជាតិហ្នឹងដើរជាមួយម្តងបន្តិចៗទៅ ហើយភ្លេចខ្លួនទៅ អ្វីៗនឹងមកធម្មតាវិញ ប្រហែ​ល​នេះ​ជា​កា​រ​គិតឃើញរបស់​រដ្ឋាភិបាលពីព្រោះគាត់​ធ្លាប់ធ្វើបានជោគ​ជ័យកា​ល​ពី​ឆ្នាំ១៩៩៨និង៩៩

អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី

ប៉ុន្តែលោក មាស នី វិភាគថាបើបក្សកាន់អំណាចភ្លេចខ្លួន គិតតែពីប្រើយុទ្ធសាស្ត្រចាស់ ចាប់និងក​ម្ទេ​ច​ដៃ​គូមុនបោះឆ្នោត ហើយមិនវិលទៅធ្វើកំណែទម្រង់ដ៏ពិតប្រាកដមួយទៅអាណត្តិថ្មីនេះ ដើ​ម្បី​ឆ្លើ​យ​តប​ទៅនឹ​ង​បញ្ហារបស់ប្រជាពលរដ្ឋទេ លោកព្រមានថាអាណត្តិទី៧ឆ្នាំ២០២២ បក្សកាន់អំ​​ណា​​​​​ច​​អា​​​ចគ្រោះថ្នាក់​ធ្ងន់ធ្ងរពី​ប្រជាប្រិយភាពនេះ បើអ្នកប្រជាធិបតេយ្យរៀបចំខ្លួន​បានល្អនោះ។​ដោយ​ថា​អាណត្តិទី៦នេះ​បក្ស​ប្រ​​​​​​ជា​ជនគ្រប់គ្រងទាំងរដ្ឋសភាព ព្រឹទ្ធសភានិងរដ្ឋាភិបាល។

អ្នកតាមដាននយោបាយបាយ លោក ឯម សុវណ្ណារ៉ា និយាយថាចរន្តដោះលែងនៅពេលនេះ​ជាសញ្ញាប​ន្ថ​យ​ក​​ម្តៅនយោបាយខ្លះតបទៅនឹងការចង់បានរបស់ក្រុមប្រទេសលោកសេរី ដើម្បីកុំឲ្យក្រុមអ្នក​ទាំង​នោះ​មើ​​ល​ម​ករដ្ឋាភិបាលក្នុងរូបភាពខ្មៅងងឹតពេក ពីបំណងចង់ឲ្យស្តារប្រជាធិបតេយ្យរបស់ពួកគេ។

ប៉ុន្តែអ្ន​កវិភាគរូប​នេះយល់ថា ចរន្តដោះលែងតែមួយផ្នែក មិនមែនជាល​ក្ខណៈសម្បត្តិគ្រប់​គ្រាន់អាច​ទាក់​ទា​ញ​​​ប្រទេ​​ស​​​លោកសេ​រី ឲ្យទទួលស្គាល់រដ្ឋាភិ​បាលថ្មីកើតចេ​ញពីការបោះឆ្នោត​ដ៏ចម្រូងចម្រាសគ្មានវត្ត​មា​ន​ប​​​ក្ស​​ប្រឆាំ​ង​នោះ​​ទេ ដរាបណា ការចរចានយោបាយ មិនត្រូវធ្វើឡើ​ង ធានាដល់ដំណើរការ​ប្រជាធិ​បតេ​យ្យ​ឡើ​ងវិញដូចដែលប្រទេសលោកសេរីចង់បាននោះ។

អន្តរជាតិគេមិនទាមទារតែលក្ខខណ្ឌប៉ុណ្ណឹងទេ គេទាមទាររហូតឲ្យមានការរៀបចំការបោះឆ្នោត បាន​ន័​យថាគេចង់ឲ្យមានលំហរសេរីភាពដូចការបោះឆ្នោតឆ្នាំ២០១៧ ដែលមានបក្សប្រឆាំ​ងចូលរួម។ អញ្ចឹ​ង​ជា​យ​​ន្ត​ការមួយពិបាកនឹងគេឲ្យតម្លៃសម្រាប់ថាការដោះលែងហ្នឹងជាការរុញទៅឲ្យគេទទួល​ស្គាល់​រដ្ឋា​ភិបាលថ្មីណាស់

អ្នកតាមដាននយោបាយបាយ លោក ឯម សុវណ្ណារ៉ា

អ្នកឃ្លាំមើលនិងវិភាគបញ្ហាសង្គម លោក គឹម​ សុខ និយាយថា ការដោះលែងអ្នកទោសនយោបាយនិង​អ្នក​ទោសម​នសិការនៅប៉ុ​ន្មានថ្ងៃនេះ គ្រាន់តែជាការត្រួសត្រាយផ្លូវ ឲ្យរដ្ឋាភិបា​លថ្មី អាច​គេចចេញពីការ​ថ្កោលទោ​ស រ​ប​​​ស់​ក្រុម​ប្រទេសលោ​កសេរីតែប៉ុណ្ណោះ មិនមែនជាការត្រួសត្រាយផ្លូវ ដើម្បីឈាន​ទៅបង្រួម​បង្រួម​ជា​តិ និង​ស្តារប្រ​ជាធិប​តេយ្យ​ពិតប្រាកដទេ​។

តាមពិតគេប្រុងនឹងធ្វើដើម្បីសម្រួលបញ្ហាប្រឈមដែលរដ្ឋាភិបាលថ្មីដែលប្រុងនឹងកើតកុំឲ្យវាប្រទាំងប្រទើសទៅនឹង​ប្រតិកម្មនៃឥរិយាបថ របស់អន្តរជាតិ ពីព្រោះបើគេបង្រួបបង្រួម​ជាតិវាទាស់តែនាំគ្នា​ប​ញ្ចប់ជ​ម្លោះហើយ នាំគ្នានិយាយគ្នាអំពីយន្តការដោះស្រាយបញ្ហាប្រឈមជាចាំបាច់របស់ជាតិ ដូចជាប្រព័ន្ធ​បោះឆ្នោតប្រ​កួត​ប្រជែ​ង គ.ជ.ប ដែលគួរឲ្យអៀនខ្មាស់ដែលយើងឃើញហ្នឹង ប្រព័ន្ធយុត្តិធម៌ដខ្មៅ​ងងឹត​រប​ស់ក​ម្ពុជាបច្ចុ​ប្បន្ន​ជាដើ​ម

អ្នកឃ្លាំមើលនិងវិភាគបញ្ហាសង្គម លោក គឹម​ សុខ

អ្នកជំនាញផ្នែកគោលនយោបាយ និងជាសាស្ដ្រាចារ្យជំនាញការទូត និងកិច្ចការពិភព​លោកនៅមហាវិ​ទ្យា​ល័​យ Occ​idental នៅ​សហរដ្ឋអាមេរិក លោក អ៊ា សុផល ពន្យល់ថា​វិធីសាស្ដ្រ​ដែ​លរ​ដ្ឋាភិ​បា​លកំពុងធ្វើ ដើម្បី​បញ្ចៀសទណ្ឌកម្ម ពីប្រទេសលោកខាងលិច ដូចករណីចាប់ខ្លួន លោក កឹម សុខា ​កាល​ពីខែ​មក​រាឆ្នាំ​២​០​០៦ អំឡុងពេលលោក កឹម ​សុខា ធ្វើជាប្រធានមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា។

របាយការណ៍របស់ គ.ជ.ប បង្ហាញថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ គណប​​ក្ស​ប្រ​ជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ ជាង៣លាន៥សែន។ គណប​ក្សសង្គ្រោះជា​តិទ​ទួល​​បានសំ​ឡេង​គាំទ្រជាង៣លាន៥ម៉ឺន។

អ្នកវិភាគយល់ថា តួលេខអ្នកគាំទ្រដ៏ប្រកៀកប្រកិត រវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងនេះ ជាកត្តាជំរុញឲ្យមានការភ័យខ្លាចនៃការប្រកួតប្រជែងអំណាច និងជាដើមចមបង្កឲ្យសំឡេងប្រឆាំ​ងជាប់ប​ណ្តឹ​ង​​ជា​​ច្រើន​នៅតុលាការ។

សរុបសេចក្តីទៅ អ្នកវិភាគថា ចរន្តដោះលែងអ្នកទោសមនសិការនៅពេលនេះ អាចជាការបញ្ចុះក​ម្តៅន​យោបាយផង និងជាការទាក់ទាញឲ្យស​ហគមន៍អន្តរជាតិនៅបន្ត​គាំទ្របក្សឈ្នះឆ្នោត​ដែលកើតចេ​ញពីកា​រប្រ​កួត​ដោយគ្មានវត្តមានបក្សប្រឆាំង ។

ប៉ុន្តែពួ​កគេនៅមានជំនឿតិចតួចថា រ​ដ្ឋាភិបាលថ្មីអាចនឹងមិ​នទទួល​បា​ន​ការគាំទ្រដ​ដែលបើគ្មាន​ចរន្ត​បង្រួប​បង្រួ​មជាតិ ធានាដល់ដំណើរការប្រជា​ធិបតេយ្យតាមស្មារ​តីនៃកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​នោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ