បទយកការណ៍៖ ការរស់នៅចង្អៀតនិងកង្វះអាហារធ្វើឲ្យអ្នកជាប់ពន្ធនាគារកើតជំងឺ

លោក គង់ រ៉ៃយ៉ា, អ្នកស្រី ទេព វន្នី និងលោក គឹម សុខ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មជនដីធ្លី មន្រ្តីការពារសិទ្ធិមនុស្ស អ្នកវិភាគសង្គម អ្នកនយោបាយ និងសកម្មជននយោបាយមួយចំនួន ត្រូវបានចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយចោទប្រកាន់លើបទល្មើសផ្សេងៗគ្នា។

មានអ្នកខ្វះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារជាងមួយឆ្នាំ ហើយអ្នកខ្លះទៀតត្រូវបានផ្តន្ទាទោសររហូតដល់ទៅ២០ឆ្នាំ។ បន្ទាប់ពីឃុំខ្លួនជាច្រើនឆ្នាំ សកម្មជនមួយចំនួនត្រូវបានលើកលែងទោសជាបន្តបន្ទាប់នៅក្នុងខែសីហា ឆ្នាំ២០១៨នេះ ដោយដោះលែងឲ្យមានសេរីពភាព និង ជួបជំគ្រួសារវិញ។

អំឡុងពេលជាប់ពន្ធនាគារ ពួកគាត់មានបញ្ហាសុខភាពដោយកើតរមាស់ កង្វះអាហារ និងជាពិសេសបន្ទប់ឃុំឃាំងក្នុងពន្ធធនាគារតូចចង្អៀត ដែលធ្វើឲ្យពួកគាត់ពិកបាកក្នុងការរស់នៅ។

អ្នកឃ្លាំមើលបញ្ហសង្គម និង នយោបាយ លោក​​​ គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារយៈពេល១៨ខែ ពីបទញុះញង់ឲ្យប្រព្រឹត្ដនូវបទឧក្រិដជាអាដ និងបរិហាកេរ្ដិ៍ជាសាធារណៈតាមបណ្ដឹងរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ហើយ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញនាព្រឹកថ្ងៃទី១៧ ខែសីហានេះ បន្ទាប់ពីលោកបានអនុវត្តទោសរួចរាល់តាមសាលក្រមរបស់តុលាការ។

លោក គឹម សុខ បានមានប្រសាសន៍នៅក្នុងកម្មវិធីចែករំលែកជាមួយ វីអូឌី​​​កាលពីថ្ងៃទី​​​២៤​​​ខែសីហា​​​ឆ្នាំ២០១៨ ឲ្យដឹងថា លោកជាប់ឃុំនៅក្នុងបន្ទប់តូចមួយមានអ្នកទោសចន្លោះ២០ ទៅ៣០នាក់ នៅក្នុងពន្ធនាគារព្រៃស (ម១) ហើយរូបលោក មានបញ្ហាកង្វះទឹកស្អាតប្រើប្រាស់។ ហើយរាល់ពេលប្រើប្រាស់បន្ទប់ទឹកនៅក្នុងពន្ធធនាគារត្រូវបានកំណត់រយៈពេល ៥នាទីក្នុងមួយនាក់។ ទឹកដែលប្រើប្រាស់មានតែ២ ទៅ៥ បោយតែប៉ុណ្ណោះសម្រាប់ងូតទឹក និងមួយថ្ងៃងូតទឹកតែម្ដងប៉ុណ្ណោះ។ លោកបានលើកឡើងថាពេលនរណាម្នាក់ប្រើប្រាស់បន្ទប់ទឹកហួសពេលកំណត់នោះ ប្រធានអនាម័យនឹងដាក់ពិន័យ។

អ្នកវិភាគនយោបាយ និងបញ្ហាសង្គម លោក គឹម សុខ ក្រោយត្រូវបានតុលាការដោះលែង
ចូលបន្ទប់ទឹកម្ដង ៥នាទីច្បាប់ អញ្ចឹងអ្នកណាលើសពី៥នាទី ហើយមានគេចាំច្រើន គេស្ដីឲ្យហើយ អាហ្នឹងអញ្ចឹងហាស​ [..] ចំណុចទីពីរ គេមានពេលវេលាងូតទឹក អត់មានអង្គុយៗចាំថាបង ចាំងូតម៉ោងប៉ុណ្ណេះ ម៉ោងប៉ុណ្ណោះអត់ទេ ក្នុ្ងងបន្ទប់គេមានប្រធានបន្ទប់ ប្រធានវិន័យ ប្រធានអនាម័យ ប្រធានអនាម័យគឺមើលការខុសត្រូវ រឿងទឹក រឿងសំអាត ហ្នឹងទំាងអស់អាហ្នឹងគេហៅប្រធានអនាម័យ [..] ប្រើប្រាស់មិនត្រឹមត្រូវអីប្រធានអនាម័យគេដាក់ពិន័យតែម្ដង គេដាក់វិន័យលីធុងទឹកអី គេទះកំផ្លៀង គេអីតែម្ដង [..]

អ្នកឃ្លាំមើលបញ្ហសង្គម និង នយោបាយ លោក​​​ គឹម សុខ

លោក គឹម សុខបាននិយាយថា មន្ត្រីពន្ធនាគារតាមដានលោកគ្រប់ពេល ហើយអ្វីដែលលោកនិយាយ​​​មន្ត្រីទាំងនោះបានកាត់ត្រាទុកគ្រប់ពាក្យ។ សំរាប់អ្នកដែលមានភាពស្និទ្ធស្នាលជាមួយលោកគឺប្រធានបន្ទប់នីមួយៗគាបសង្កត់ពួកគេ​​​បន្ដបន្ទាប់ទៅតាមឋានៈ​​រៀងៗខ្លួន។ មន្ត្រីទាំងនោះតែងតែធ្វើបាបអ្នកដែលបន្តភាពស្និទ្ធស្នាលជាមួយលោក ប៉ុន្ដែពួកគេមិនវាយធ្វើបាបរូបលោកទេ។

និយាយរួមអ្នកណាដែលត្រូវជាមួយខ្ញុំដឹងតែអត់បានតែម្ដង គឺប្រធានបន្ទប់គេអត់ឲ្យ ជិតស្និតជាមួយខ្ញុំទេ។ កាលណាជិតស្និទ្ធជាមួយខ្ញុំ គឺមន្ដ្រីពន្ធធនាគារទៅគាប ប្រធានបន្ទប់ ប្រធានបន្ទប់ពិបាកមកគៀប អ្នកណាដែលនៅក្បែរៗខ្ញុំ ដែលចូលចិត្តខ្ញុំ និយាយ ជាមួយខ្ញុំនឹង។ ប៉ុន្ដែមនុស្សចូលចិត្តសឹងតែទំាងអស់នឹង ព្រោះគ្រាន់តែថាគេមិនហ៊ាននិយាយជាមួយយើង [..] អ្នកណាដែលមកក្បែរខ្ញុំធ្វើខុសតិចចតួចដឹងតែកំផ្លៀងហើយ ប៉ុន្ដែគេមិនហ៊ានវៃខ្ញុំគេវៃ អ្នកដែលជិតស្និតជាមួយខ្ញុំ[..]

អ្នកឃ្លាំមើលបញ្ហសង្គម និង នយោបាយ លោក​​​ គឹម សុខ

ក្នុងនោះដែរលោក គឹម សុខ បានបន្ថែមទៀតថា ម្ហូបអាហាររនៅក្នុងពន្ធនាគារគឺមិនអាចហូបបានទេ ហើយត្រីវិញគឺឆ្អាបតែម្ដង ប៉ុន្ដែប៉ុន្មានខែមុនដែលលោកចេញពីពន្ធធនាគារ គឺម្ហូបអាហារប្រសើរជាងមុនបន្ដិច។

ហើយសម្លវីញ ម្ហូបអាហារសម្លនឹង មួយពេលមានមួយមុខ។ មួយមុខនឹងហូបអត់កើតទេ បើយើងអញ្ចឹងហូបអត់កើតទេ បើថាសាច់ជ្រូកចេះបន្លំៗដាក់ទឹកត្រីម្ទេស ហឹរៗទៅរួច តែបើត្រីវិញហាស សម្លត្រីវិញគឺគ្រាន់តែដាក់ប៉ុកអញ្ចឹងអាត្រីហឹ្នងឆ្អាបជាងត្រីដែលយើងចាប់ពីក្នុងបឹងមកទៀត […] ។​​​បើស្លមនុស្សហូបបន្ដិចហើយ បើពីមុនស្លដូចមុនខ្ញុំចេញនឹងសម្លដូចមនុស្សហូបហើយ […] ពីមុនអត់ទេទឹកលូរយ៉ាងមិច គឺអញ្ចឹងអត់មានយើងមើលទៅឃើញថាជាសម្លមនុស្សហូបទេ[…]

អ្នកឃ្លាំមើលបញ្ហសង្គម និង នយោបាយ លោក​​​ គឹម សុខ

សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ជាសកម្មជនម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារបួនដង ដែលជាប់ពាក់ព័ន្ធការតវ៉ាទាមទាដីធ្លីសំរាប់សហគមន៍របស់អ្នកស្រី។ នៅលើកទីបួននេះអ្នកស្រី ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល​​​២ឆ្នាំកន្លះដែលពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានប្រព្រឹត្តិអំពើហឹង្សាទៅល់សន្ដិសុខខណ្ឌដូនពេញនៅក្បែរផ្ទះលោកនាយករដ្ឋមន្ដ្រីកាលពីឆ្នាំ២០១៣។

អ្នកស្រី ទេព វន្នី បាននិយាយក្នុងកម្មវីធីតុមូល វីអូឌី កាលពីថ្ងៃ២១ ខែសីហា ឆ្នាំ២០១៨ ឲ្យដឹងថាការរស់នៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) អ្នកស្រីបានជួបបញ្ហាលំបាកជាច្រើន ដោយស្នាក់នៅក្នុងបន្ទប់ តូចចង្អៀតដែលមានទំហំប្រហែល ៦ម៉ែត្រ គុណ ១៧ម៉ែត្រ ហើយមានអ្នកទោសចន្លោះពី ១៣០ ទៅ ​​​១៥០នាក់។ ការស្នាក់នៅក្នុងបន្ទប់តូចចង្អៀតបែបនេះ ធ្វើឲ្យមានការប៉ះពាក្យសម្ដីគ្នា ដោយសារតែការគេងប៉ះគ្នាទៅវិញទៅមក ហើយអ្នកស្រីមានការព្រួយបារម្ភចំពោះជម្ងឺឆ្លងផ្សេងៗផងដែរ។

អ្នកស្រី​ ទេព​ វន្នី
អញ្ចឹងខ្ញុំបារម្ភរឿងនឹងខ្លាំងដែរកាលខ្ញុំរស់នៅក្នុងនឹងជាពិសេសគឺថា ចង្អៀតខ្លំាងពេកអញ្ចឹងទៅ ពេលខ្លះពួកគាត់ឧស្សាហ៍ឈ្លោះគ្នាអីមួយយប់អីអញ្ចឹងទៅមាន ៣ ឬ៤គូរ រឿងចង្អៀតពេក ដេកទៅប៉ះគ្នា ប៉ះទៅប៉ះមកពេលខ្លះពួកគាត់អារម្មណ៍អត់ល្អ គាត់ក៏មួរម៉ៅ ទាស់ទែងគ្នាអីទំាងកណ្ដាលយប់អធ្រាដអីអញ្ចឹង​​​​​​​​​​​​​​​​ទៅ

សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី

យុវជនមួយរូបទៀតត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្ដបទឧក្រិដជាអាថ៌ ដោយយុវជនរូបនេះបានធ្វើការអធិប្បាយនៅលើទំព័រហ្វេស ប៊ុក របស់ខ្លួនថាថ្ងៃណាមួយនៅពេលអនាគត យុវជនរូបនេះនឹងធ្វើបដិវដ្ដន៍ពណ៌ដើម្បីផ្លាស់ប្ដូររបបសង្គមខ្មែរ ហើយបើទោះបីជាត្រូវជាប់ពន្ធធនាគារឬស្លាប់នៅតែធ្វើដដែល។ លោក គង់ រៃយ៉ា ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចផ្ដន្ទទោសដាក់ពន្ធធនាគារយៈពេល ១៨ កាលពីខែមិនា ឆ្នាំ២០១៦។

លោក គង់ រៃយ៉ា បានលើកក្នុងកម្មវិធីតុមូល វីអូឌី កាលពីថ្ងៃ២១ ខែសីហា ឆ្នាំ២០១៨   ឲ្យដឹងថា          អាហារនៅក្នុងពន្ធនាគារ មិនមានបរិមាណគ្រប់គ្រាន់នោះទេសំរាប់លោក ដោយបរិមាណម្ហូបអាហារ ត្រីសាច់មានចំនួនតិចតួច ហើយគ្មានអនាម័យទេសំរាប់អ្នកទោស។ លោក ក៏មានផលលំបាកក្នុងការប្រើប្រាស់ទឹក ដោយលោកត្រូវប្រើប្រាស់ទឹកកង្វក់ ដើម្បីងូតនឹងប្រើប្រាស់ក្នុងបង្គន់ ហើយយកទឹកស្អាតដើម្បីប្រើប្រាស់ក្នុងផ្ទះបាយ។ ការប្រើប្រាស់ទឹកមិនស្អាតនេះហើយទើបឲ្យលោកកើតជម្ងឺរមាស់និងអ្នកទោសដទៃទៀតកើតជម្ងឺរមាស់ ប៉ុន្ដែលោកបានព្យាបាលដោយខ្លួនឯងទាន់ពេលវេលា។

លោក គង់ រ៉ៃយ៉ា
ទាក់ទងជាមួយនឹងទឹកស្អាតគឺយើងមានទឹកស្អាត និងទឹកកង្វក់ ទឹកអណ្ដូងប៉ុន្ដែកង្វក់មែនទែនគឺយើងប្រើលាយគ្នា ទឹកស្អាតប្រើសម្រាប់ហូប ហើយនឹងដាំស្ល ហើយងូត […] ហើយជម្ងឺរមាស់នឹងខ្លាំងមែនទែន ធ្លាប់ខ្ញុំកើតជម្ងឺរមាស់នឹងដែរ ប៉ុន្តែខ្ញុំព្យាយាមព្យាបាល។​​​ហើយមានអ្នកខ្លះគាត់កើតធ្ងន់ធ្ងរមែនទែនជម្ងឺរមាស់នឹងគាត់កើតពេញទំាងខ្លួនតែម្ដង ដល់ថ្នាក់ដើរអត់រួចក៏មានដែរ វាកាចសាហាវណាស់ជម្ងឺរមាស់នឹង វាមិនអាចលុបបំបាត់បានសោះនៅក្នុងពន្ធនាគារ

លោក គង់ រៃយ៉ា

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក សន កែវ បានច្រានចោលនូវការចោទប្រកាន់ដែលថា អ្នកជាប់ពន្ធនាគារកើតជំងឺផ្សេងដោសារកង្វះទឹកស្អាត។ លោកបានលើកឡើងថានៅក្នុងពន្ធនាគារមានអាហារគ្រប់គ្រាន់ និងមានអនាម័យសំរាប់អ្នកទោសបរិភាគ ព្រមទាំងមានការគោរពសិទ្ធិមនុស្ស។

នេះជាសិទ្ធនិយាយស្ដីរបស់គាត់។ ប៉ុន្ដែបើយើងប្រមើលមើលជាក់ស្ដែង តើកញ្ញាអាចយល់បានទេ បើការពិតដូចគាត់លើកឡើងថា អ្នកដែលររស់នៅក្នុងនឹងប្រើប្រាស់ទឹកបង្ករឲ្យកើតជម្ងឺផ្សេងៗ? ចុះអ្នកដែលជាប់យូរជាងគាត់មកហើយនោះ ច្រើននាក់ហើយនោះគេមិនកើតជម្ងឺពេញគុកអស់ហើយចុះ? ហ្នឹងចង់និយាយអញ្ចឹងហាស […] អញ្ចឹងទេពន្ធនាគារបច្ចុប្បន្នការគ្រប់គ្រងអ្នកជាប់ឃុំប្រកបដោយគោរពសិទ្ធមនុស្សផងដែរ។ អញ្ចឹងអ្វីដែលជាសិទ្ធមនុស្សយើងនៅតែគោរពការគិតគូរតាំងពីទឹកភ្លើងគឺយើងបានគិតគូរយ៉ាងល្អិតល្អន់ […] ទោះវាមិនមានស្ដង់ដាដូចនៅខាងក្រៅទោះយ៉ាងណា ទទួលយកបានបច្ចុប្បន្ននេះ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក សន កែវ

នៅក្នុងខែសីហាឆ្នាំ២០១៨នេះ សកម្មជនដីធ្លី និងសកម្មជននយោយបាយជិត២០នាក់ ត្រូវបានលើកលែងទោស ឲ្យមានសេរីភាព ប៉ុន្តែនៅបន្តឃុំខ្លួន​​​ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ