មន្រ្តីកាំកុងត្រូល​កម្ពុជា​ថា ម្សៅ​ទឹក​ដោះ​គោ​ Dumex ផ្ទុក​បាក់តេរី ពុំ​ទាន់​មាន​វត្តមាន​នៅ​កម្ពុជា

ផលិតផលម្សៅទឹកដោះគោ​ Dumex Mamil Gold Infant Milk Formula Step 1 ដែលក្រសួងហាមឃាត់មិនឲ្យប្រើប្រាស់ (រូបភាព៖ បណ្ដាញសង្គម)

អាជ្ញាធរ​​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចំណី​អាហារ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ម្សៅ​ទឹក​ដោះ​គោ​កូន​ក្មេង​មួយ​ប្រភេទ​ផលិត​ឡើង​ដោយ​​ក្រុមហ៊ុន Dumex ដែល​ត្រូវ​បាន​អាជ្ញាធរ​សិង្ហបុរី​ហាម​ឃាត់​នោះ មិនទាន់​ត្រូវ​បាន​រក​ឃើញ​ថា មាន​ចែក​ចាយ​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

អគ្គ​នាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ បាន​ប្រកាស​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​កុំ​ឲ្យ​ទិញ​ម្សៅ​ទឹក​ដោះ​គោ​ Mamil Gold Infant Milk Formula Step 1 របស់​ក្រុមហ៊ុន Danone Dumex បន្ទាប់​ពី​អាជ្ញាធរ​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ​សិង្ហបុរី បាន​រក​ឃើញ​ថា ម្សៅ​ទឹក​ដោះ​គោ​មួយ​ប្រភេទ​នេះ​ ផ្ទុក​ទៅ​ដោយ​បាក់តេរី Cronobacter sakazakii ហើយ​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រមូល​ត្រឡប់​មក​វិញ។

ក្រោយពីបានចុះទៅត្រួតពិនិត្យតាមបណ្តាហាងមួយចំនួនរួចមក ខាងកាំកុងត្រូលពុំទាន់រកឃើញនូវផលិតផលម្សៅ​ទឹកដោះគោ Dumex Mamil Gold Infant Milk Formula Step 1  នៅឡើយទេ នេះបើតាមការអះអាងរបស់ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល។

ទោះជាយ៉ាង​ណា ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក ស៊ិន ស៊ីដេត បានឲ្យដឹងថា មកដល់ពេលនេះ ផលិតផល​ម្សៅទឹកដោះគោ Dumex Mamil Gold Infant Milk Formula Step 1  មិនទាន់មានលក់នៅកម្ពុជានោះទេ ហើយលោកក៏បានចុះ​ត្រួតពិនិត្យតាមហាងមួយចំនួនរួចមកហើយ ប៉ុន្តែ មិនទាន់បានរកឃើញឡើយ។

យើងបានចុះទៅតាមហាង ជាពិសេសហាងមួយចំនួនដែលធំៗ ប៉ុន្តែ យើងអត់ទាន់បាន​រកឃើញនៅឡើយទេ ផលិតផលហ្នឹង។ […] ខ្មែរយើងអត់ទាន់មានទេ ប៉ុន្តែ យើងខ្លាចក្រែងលោមាននាំចូលតាមច្រករបៀង ឬក៏​អ្នកដែលទៅ Singapore ទៅអីហ្នឹង គេដាក់យកមកប្រើប្រាស់ផ្ទាល់ខ្លួនហ្នឹងណា […]

ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក ស៊ិន ស៊ីដេត

[…]ហើយសុំបញ្ជាក់អញ្ចេះ ម្សៅទឹកដោះគោ Dumex ហ្នឹង មិនមែនគ្រប់តែផលិតផល Dumex មានបញ្ហាទេ មានតែ​ប្រភេទតែមួយគត់ដែលយើងបានផុសក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូលហ្នឹង […]

ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក ស៊ិន ស៊ីដេត

កាលពីម្សិលមិញនេះ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានប្រកាស​ប្រាប់​ប្រជាជន ឲ្យបញ្ឈប់ការប្រើប្រាស់ និង​ចែកចាយផលិតផលម្សៅទឹកដោះគោ​ Dumex Mamil Gold Infant Milk Formula Step 1 ​បន្ទាប់​ពី​ម្សៅ​ទឹកដោះ​គោ​មួយ​ប្រភេទ​នេះ ត្រូវ​បាន​អាជ្ញាធរ​ប្រទេសស​ិង្ហបុរី​រកឃើញ​បាក់តេរីម្យ៉ាងក្នុងផលិតផលនេះ​។

ក្រុមហ៊ុន Danone Dumex បាន​ប្រកាស​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ខ្លួន​បាន​ប្រមូល​​​ពី​ទីផ្សារ​​ត្រឡប់​មក​វិញ​ហើយ​​នូវ​​ម្សៅ​ទឹក​ដោះ​គោ​ប្រភេទ​នេះ​ បន្ទាប់​ពី​​ទឹក​ដោះ​គោ​ប្រភេទ​នេះ ត្រូវ​បាន​រក​ឃើញ​ថា ផ្ទុកទៅ​ដោយ​បាក់តេរី Cronobacter Sakazakii។

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​មួយ​នេះ​ បាន​ប្រកាស​ថា រហូត​មក​ដល់​ពេល​នេះ អតិថិជន​របស់​ខ្លួន​ពុំ​ទាន់​បាន​រាយការណ៍​ត្រឡប់​ទៅ​វិញ​អំពី​បញ្ហា​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​ម្សៅ​ទឹក​ដោះ​គោ​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​ជំរុញ​ទៅ​អតិថិជន​របស់​ខ្លួន​ឲ្យ​យក​ម្សៅ​ទឹក​ដោះ​គោ​មួយ​ប្រភេទ​ ទៅ​ដូរ​យក​ម្សៅ​ទឹក​ដោះ​គោ​ប្រភេទ​ផ្សេង​វិញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ