ក្រុមហ៊ុនឌុយមិចថា ផលិតផលដែលមានបាក់តេរីនោះមិនមានលក់នៅកម្ពុជាទេ

ផលិតផលម្សៅទឹកដោះគោ​ Dumex Mamil Gold Infant Milk Formula Step 1 ដែលក្រសួងហាមឃាត់មិនឲ្យប្រើប្រាស់ (រូបភាព៖ បណ្ដាញសង្គម)

ក្រុមហ៊ុន​ឌុយមិចកម្ពុជា បានអះអាងថា ម្សៅ​ទឹក​ដោះ​គោ​ដែល​ត្រូវ​បាន​អាជ្ញាធរ​សិង្ហបុរី​រក​ឃើញ​ថា មាន​ផ្ទុក​បាក់តេរី​នោះ មិន​មាន​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នោះ​ទេ ដោយ​ថា វា​ផលិត​ឡើង​សម្រាប់​តែ​លក់​នៅ​សិង្ហបុរី​តែ​ប៉ុណ្ណោះ។

អគ្គនាយកដ្ឋាន​កាំកុងត្រូល​កម្ពុជា កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ប្រើ​ប្រាស់​ម្សៅ​ទឹក​ដោះ​គោ Mamil Gold Infant Milk Formula Step 1 ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Danone Dumex បន្ទាប់​ពី​អាជ្ញាធរ​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ​សិង្ហបុរី បាន​រក​ឃើញ​ថា ម្សៅ​ទឹក​ដោះ​គោ​មួយ​ប្រភេទ​នេះ​ ផ្ទុក​ទៅ​ដោយ​បាក់តេរី Cronobacter sakazakii ហើយ​ត្រូវ​បាន​បញ្ជា​ឲ្យ​ប្រមូល​ត្រឡប់​មក​វិញ។

ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១ ខែកញ្ញា ក្រុមហ៊ុន Dumex ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​ថា ម្សៅ​ទឹក​ដោះ​គោ​មួយ​ប្រភេទ​នេះ មាន​លក់​តែ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​សិង្ហបុរី​តែ​ប៉ុណ្ណោះ ហើយ​មិន​មាន​លក់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​នោះ​ឡើយ។

ប្រធាននាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក ស៊ិន ស៊ីដេត ក៏​បាន​អះ​អាង​ប្រាប់​វីអូឌី​កាល​ពី​ចុង​ខែ​សីហា​កន្លង​មកថា​ មកដល់ពេលនេះ ផលិតផល​ម្សៅទឹកដោះគោ Dumex Mamil Gold Infant Milk Formula Step 1  មិនទាន់មានលក់នៅកម្ពុជានោះទេ ហើយលោកក៏បានចុះ​ត្រួតពិនិត្យតាមហាងមួយចំនួនរួចមកហើយ ប៉ុន្តែ មិនទាន់បានរកឃើញឡើយ។

ក្រុមហ៊ុន Danone Dumex បាន​ប្រកាស​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា ខ្លួន​បាន​ប្រមូល​​​ពី​ទីផ្សារ​​ត្រឡប់​មក​វិញ​ហើយ​​នូវ​​ម្សៅ​ទឹក​ដោះ​គោ​ប្រភេទ​នេះ​ បន្ទាប់​ពី​​ទឹក​ដោះ​គោ​ប្រភេទ​នេះ ត្រូវ​បាន​រក​ឃើញ​ថា ផ្ទុកទៅ​ដោយ​បាក់តេរី Cronobacter Sakazakii។

ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​សិង្ហបុរី​មួយ​នេះ​ បាន​ប្រកាស​ថា រហូត​មក​ដល់​ពេល​នេះ អតិថិជន​របស់​ខ្លួន​ពុំ​ទាន់​បាន​រាយការណ៍​ត្រឡប់​ទៅ​វិញ​អំពី​បញ្ហា​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​ម្សៅ​ទឹក​ដោះ​គោ​នេះ​នៅ​ឡើយ​ទេ ហើយ​ក៏​ជំរុញ​ទៅ​អតិថិជន​របស់​ខ្លួន​ឲ្យ​យក​ម្សៅ​ទឹក​ដោះ​គោ​មួយ​ប្រភេទ​ ទៅ​ដូរ​យក​ម្សៅ​ទឹក​ដោះ​គោ​ប្រភេទ​ផ្សេង​វិញផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ