ស្ថាបនិក​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៧១​ឆ្នាំ​នៅ​ថ្ងៃ​នេះ

លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា កាលពីពេលកន្លងទៅ (រូបថតពីហ្វេសប៊ុក​របស់​លោក​)

ស្ថាបនិក​នៃ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​នេះ​នៅ​ឯ​ប្រទេស​កំណើត​របស់​លោក បន្ទាប់​ពី​លោក​ទ្រាំ​ទ្រ​នឹង​ជំងឺ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​ជា​ភាសា​បារាំង​នៅ​ល្ងាច​ថ្ងៃ​នេះ។

សេចក្ដី​ជូន​ដំណឹង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ឲ្យ​ដឹង​ថា ស្ថាបនិក​នៃ​មន្ទីរ​ពេទ្យ​សប្បុរសធម៌​រូប​នេះ បាន​ទទួល​មរណភាព​នៅ​ម៉ោង ២ និង​ ៤៥​នាទីព្រឹក​ម៉ោង​នៅ​ប្រទេស​ស្វីស ក្នុង​ជន្មាយុ ៧១​ឆ្នាំ  បន្ទាប់​ពី​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៧។

លោក​វេជ្ជ​បណ្ឌិត Beat Richner ដែល​កើត​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​១៩៤៧ នៅ​ទីក្រុង​ហ៊្សូរីច ប្រទេស​ស្វីស បាន​បង្កើត​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩២ ដើម្បី​ផ្ដល់​​សេវា​សុខាភិបាល​ដល់​កុមារ​កម្ពុជា​រាប់​លាន​នាក់ មួយ​ឆ្នាំ​ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​នោះ។

នៅ​ក្នុង​រយៈ​ពេល​ជាង ២៦​ឆ្នាំ​មក​នេះ លោក​វេជ្ជ​បណ្ឌិត Beat Richner បាន​ពង្រីក​សាខា​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​រហូត​ដល់ ៥​កន្លែង​ទាំង​នៅ​ភ្នំពេញ និង​ខេត្ត​សៀមរាប។

បើ​តាម​វេបសាយ​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា កុមារ​កម្ពុជា​មិន​តិច​ជាង ១៣​លាន​នាក់​ទេ ទទួល​បាន​​សេវា​សុខាភិបាល​ពី​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទាំង​នៅ​ភ្នំពេញ និង​នៅ​ឯ​ខេត្ត​សៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ