ភ្ញៀវ​​​ទេសចរ​អន្តរជាតិ​​​ចូល​កម្ពុជា​កើន​ឡើង​ជិត​២​ភាគរយ​នៅ​ខែ​កក្កដា​ នាំ​មុខ​ដោយ​ភ្ញៀវ​ចិន

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

តួលេខរបស់រដ្ឋាភិបាល បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជា បានបន្តកើនឡើងនៅក្នុងរយៈពេល ៧ខែដើម​ឆ្នាំ​នេះ ដោយ​ចំនួន​ភ្ញៀវទេសចរជនជាតិចិននៅតែនាំមុខដដែល។

តួលេខរបស់​ក្រសួងទេសចរណ៍ដែលចេញនៅ​ព្រឹកថ្ងៃ​នេះ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេសសរុបជាង ៤៥មឺុននាក់ បានចូលមកកម្ពុជានៅក្នុងខែកក្កដា ឆ្នាំ២០១៨នេះ ឬកើនឡើងជិត ២​ភាគរយ បើធៀបនឹងខែកក្កដា ឆ្នាំ២០១៧​កន្លង​មក។

តួលេខដដែលនេះ បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសសរុបជិត ៣.៥​លាននាក់ បានចូលមកកម្ពុជានៅក្នុងរយៈពេល​ ៧ខែឆ្នាំ២០១៨នេះ ឬកើនឡើង ១១.១​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

តាមតួលេខក្រសួងទេសចរណ៍ ចំនួន​ភ្ញៀវទេសចរជនជាតិចិន​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ពី​ចំនួន​ជាង ១០​ម៉ឺន​នាក់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន ទៅ​ដល់ជាង ១៦មឺុននាក់ នៅ​ខែ​កក្កដាឆ្នាំ​នេះ ឬមានកំណើនដល់ទៅ ៥៦.១ភាគរយ។

ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​​ជាង ៥​លាន ៦​សែន​នាក់ កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក ក្នុង​នោះ​ភ្ញៀវ​ជន​ជាតិ​មាន​ដល់​ទៅ​ជាង ១​លាន ២១​ម៉ឺន​នាក់ ឬ​ស្មើ​នឹង​ ២១.៦​ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​សរុប​ដែល​បាន​មក​ដល់​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ