អ្នកតំណាងរាស្រ្ត និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦របស់គណបក្សប្រជាជនកម្ពុជា ចំនួន ៤៩នាក់ បានដាក់ពាក្យលាឈប់ពីតំណែងជាសមាជិករដ្ឋសភា និងលាលែងពីបញ្ជីបេក្ខជននៅអាណត្តិទី៦នេះ។
តាមសំណើរ ដែលចេញកាលពីម្សិលមិញ បានឲ្យដឹង លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជន បានស្នើសុំឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រថ្មី ៣៨នាក់ ដោយត្រូវឡើងមកជំនួសសមាជិកសភាដែលដាក់ពាក្យលាឈប់ និងអ្នកដែលលាលែងពីបញ្ជីបេក្ខជន ៤៩នាក់។ អ្នកតំណាងរាស្រ្ត និងបេក្ខជនតំណាងរាស្ត្រដែលស្នើលាឈប់ទាំងនេះត្រូវទៅកាន់តួនាទីក្នុងរដ្ឋាភិបាល។
នៅព្រឹកថ្ងៃទី៦កញ្ញា រដ្ឋសភាថ្មីបានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើសមាសភាពរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៦ឆ្នាំ២០១៨ ក្នុង នោះ លោក ហ៊ុន សែន ត្រូវបានបោះឆ្នោតធ្វើជានាយករដ្ឋមន្ដ្រីបន្ដទៀត៕