ចិនអាចនឹងជួបវិបត្តិបើមានការសម្លាប់រង្គាលលើអ្នកកាន់សាសនាឥស្លាមអ៊ុហ្គួរ

ជនជាតិភាគតិចអ៊ុហ្គួរ កាន់សាសនាឥស្លាម ក្នុងប្រទេសចិន (រូបភាព៖ វេបសាយបរទេស)

រដ្ឋាភិបាលចិនកំពុងតែដាក់ចេញវិធានការតឹងរឹងលើជនជាតិភាគតិចអ៊ុហ្គួរ កាន់សាសនាឥស្លាមរាប់លាននាក់ ដោយបារម្ភខ្លាចក្រុមនេះគោរពប្រតិបត្តិសាសនាមានលក្ខណៈជ្រុលនិយមបង្កឲ្យមានសង្គ្រាមផ្ទុះឡើងនៅក្នុងតំបន់នេះ។​

ខេត្តស៊ីជាំង នៅភាគខាងជើងនិងខាងលិចនៃប្រទេសចិន មានជនជាតិភាគតិចអ៊ុហ្គួរនិយាយភាសាទួកគី មានចំនួន​១៣លាននាក់កំពុងរស់នៅ។​ ប៉ុន្មានថ្ងៃនេះអាជ្ញាធរបើកការបង្ក្រាបហើយឃាត់ខ្លួនជនជាតិអ៊ុហ្គួរជាង១លាននាក់ រក្សាទុកនៅក្នុងជំរុំសួរចម្លើយក្នុងនោះភាគច្រើនជាយុវជន។​

អង្គការឃ្លាំមើលសិទ្ធិមនុស្សនានាបានថ្កោលទោសរដ្ឋាភិបាលចិនដោយចោទថា មានការធ្វើទារុណកម្ម ការឃុំឃាំងដោយបំពាន។ មានករណីខ្លះមានការឃុំឃាំងនៅកន្លែងត្រជាក់ខ្លាំង និងមានការជះទឹកបន្ថែមទៀតដោយមិនឲ្យអ្នកជាប់ឃុំទាំងនោះដេកបាននោះទេ។​

មូលហេតុនៃការបង្ក្រាប

រដ្ឋអំណាចចិន​បានបង្ខំឲ្យជនជាតិអ៊ុហ្គួររៀនសូត្រភាសា និងប្រពៃណីទំនៀមទម្លាប់ចិន កាត់ផ្តាច់ជំនឿសាសនាកំណើត។

មេដឹកនាំចិន​ក៏បង្កើនកម្លាំងជាប្រព័ន្ធក្នុងការគ្រប់គ្រងទំបន់បនោះគឺបន្តឹងការត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូន ការដើរឆ្លងកាត់ភូមិឬ ខេត្ត និងការឆ្លងកាត់ព្រំដែនប្រទេស។ អាជ្ញាធរក៏បានបង្កើតប្រព័ន្ធឃ្លាំមើលពីលំហអាកាសត្រួតពិនិត្យតំបន់នេះដែរ។

សារព័ត៌មាន Bloomberg ចុះផ្សាយថា នេះគឺសកម្មភាពរបស់រដ្ឋាភិបាលចិនក្នុងការសាកល្បងវិធីសាស្ត្រ ដើម្បីក្តោបក្តាប់ក្រុមបះបោរកុំឲ្យមានការងើបតវ៉ាផ្តាច់ខ្លួន។​

ក្តីកង្វល់របស់អាជ្ញាធរចិនក៏បារម្ភខ្លាចជនជាតិភាគតិចទាំងនេះធ្វើចលនាបះបោរកាន់តែខ្លាំងឡើងក្លាយទៅជាសង្គ្រាមដូចករណីនៅស៊ីរី និងអ៊ីរ៉ាក់។​ មេដឹកនាំចិន​លោក ស៊ី ជីនពីង ប្តេជ្ញាបង្ក្រាបលើចលនារបស់ជនជាតិភាគតិចទាំងអស់។

កាលពីឆ្នាំ២០០៩ កុប្បកម្មរបស់ជនជាតិដើមភាគតិចនៅក្នុងទីក្រុង Urumqi បានបណ្តាលឲ្យមនុស្សជាង២០០នាក់ស្លាប់ ចំណែកករណីវាយប្រហារនៅក្បែរទីលានទៀនណាមេន ក្នុងទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៣ ក៏នគរបាលចោទថា នោះជាសកម្មភាពរបស់ក្រុមអ៊ុហ្គួរដែរ។​

សកម្មភាពបង្ក្រាបពេលនេះធ្វើឡើងស្របពេលដែលមានរបាយការណ៍ថា ជនជាតិភាគតិចអ៊ុហ្គួរប្រមាណ៥០០០នាក់ កំពុងចូលរួមជាក្រុមភេរវកម្មនៅក្នុងប្រទេស៊ីរី។​

ប្រតិកម្មអន្តរជាតិ

អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អាមេរិក​ រួមជាមួយប្រទេសសេរី និង អង្គការអន្តរជាតិផ្សេងៗទៀត បានថ្កោលទោសអាជ្ញាធរចិន។ ក្រុមសមាជិកសភាអាមេរិក ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក Marco Rubio និង សមាជិករដ្ឋសភាលោក Chris Smith បានស្នើឲ្យលោកដូណល ត្រាំ ប្រើច្បាប់ Global Magnitsky  ចាត់វិធានការលើមន្ត្រីថ្នាក់ដឹកនាំនៅក្នុងខេត្តស៊ីជាំងផងដែរ។​

បើសិនជាការរឹតបន្តឹងនោះបង្កភាពអយុត្តិធម៌ខ្លាំងនោះ វិធានការថ្មីរបស់ថ្នាក់ដឹកនាំចិន នឹងជំរុញចលនាតស៊ូប្រឆាំងកាន់តែខ្លាំងថែមមួយកម្រិតទៀត។

លោកស៊ី ជីនពីង មេដឹកនាំចិនបច្ចុប្បន្ន​ត្រូវបានគេដាក់ឈ្មោះនិងមនោគមន៍នយោបាយចូលក្នុងរដ្ឋធម្មនុញ្ញគឺផ្តល់ឋានៈស្មើនឹងលោក ម៉ៅ សេទុង ស្ថាបនិកសាធារណរដ្ឋប្រជាមានិតចិន។​ បដិវត្តន៍វប្បធម៌ក្រោមការដឹកនាំរបស់លោក ម៉ៅ សេទុង ចន្លោះឆ្នាំ១៩៦៦ដល់១៩៧៦ មានការសម្លាប់មនុស្សរាប់លាននាក់ក្រោមហេតុផលសំអាតផ្ទៃក្នុង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ