ព្រាប សុវត្ថិ ប្រកាសច្រៀងតែបទចាស់ៗ ក្នុងគម្រោងច្រៀងនៅប្រទេសកូរ៉េ

លោក​ ព្រាប សុវត្ថិ ​បាន​ប្រកាស​​​​ក្នុង​​​វេទិកាសន្និសីទសារព័ត៌មានថា លោកបាន​​​​បណ្ដាក់ទុន​ក្នុងជំនួញដីធ្លីជាមួយលោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថ្ងៃទី ២១ កក្កដា ២០១៨

ខុសពីការរំពឹងទុកដែលថា តារាចម្រៀងលោក ព្រាប សុវត្ថិ នឹងកញ្ជ្រោលឆាកតន្ត្រីនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាមួយនឹងបទថ្មីៗដែលមានការគាំទ្រក្នុងស្រទាប់យុវវ័យ។

ប្រភពពីតារាចម្រៀងរូបនេះ បានអះអាងថាដំណើរទៅកាន់ទឹកដីដែលសំបូរពលករខ្មែររស់នៅមួយនេះ នឹងបកស្រាយតែបទចាស់ៗតែប៉ុណ្ណោះ។ លោកគ្រោងនឹងប្រើ៣បទ ខណៈដែល៣បទនោះ ក៏ត្រូវគេស្គាល់ថាល្បីខ្ទរខ្ទារជាយូរមកហើយ តាំងពីពេលដែលលោកចូលប្រឡូកក្នុងវិស័យចម្រៀងដំបូង។

លោក ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម Galaxy និងជាអ្នកធានាលោកព្រាប សុវត្ថិ យកទៅច្រៀងនៅក្នុងប្រទេសកូរ៉េនៅថ្ងៃទី២៤ និង២៥ កញ្ញា ខាងមុខនេះ បានថ្លែងបញ្ជាក់ថា លោកព្រាប សុវត្ថិ នឹងបកស្រាយបទគោលតែ៣បទប៉ុណ្ណោះ ក្នុងការសម្ដែងនៅក្នុងប្រទេសកូរ៉េ ដោយសារតែលោកប្រកាសថានឹងច្រៀងបទចំណាស់របស់ខ្លួនទាំង៣នោះ អោយបងប្អូនខ្មែររស់នៅ និងធ្វើការទីនោះបាននឹកឃើញរូបលោកឡើងវិញ។

លោកឡេង ណាវ៉ាត្រា បញ្ជាក់ថាបទចម្រៀង៣បទ ដែលលោកព្រាប សុវត្ថិ នឹងច្រៀងនៅ២កន្លែងនោះ រួមមានបទ «អូនជាបេះដូង» និង«មានថ្មីម្ដេចមិនប្រាប់»ជាដើម តែមិនទាន់ដឹងថានៅថ្ងៃការប្រគំតន្ត្រីនោះ តើលោកព្រាប សុវត្ថិ នឹងបកស្រាយបទអ្វី តបតាមសំណូលពរនោះទេ។

យោងតាមការជជែកគ្នា គឺបង ព្រាប សុវត្ថិ ទៅច្រៀងតាមរយៈក្រុមហ៊ុនខ្ញុំហ្នឹង គាត់អត់ច្រៀងបទថ្មីៗ គឺគាត់សុំច្រៀងតែបទចាស់ៗរបស់គាត់ប៉ុណ្ណោះ ដែលតាមគាត់ប្រាប់គឺគាត់នឹងច្រៀងបទ «អូនជាបេះដូងបង» និងបទ«មានថ្មីម្ដេចមិនប្រាប់» ដែលគាត់ល្បីដំបូងៗកាលនៅហង្សមាស!

លោក ឡេង ណាវ៉ាត្រា ម្ចាស់ផលិតកម្ម Galaxy

លោក ឡេង ណាវ៉ាត្រា បញ្ជាក់ថា លោក ព្រាប សុវត្ថិ នឹងច្រៀង២កន្លែងនៅក្នុងប្រទេសកូរ៉េ គឺមួយកន្លែងនៅក្នុងទីក្រុង សេអ៊ូល និងមួយកន្លែងនៅទីក្រុងខ្វាងជូ ដែលសំបូរបងប្អូនខ្មែរជាពលករខ្មែររស់នៅ។

ក្នុងពិធីនោះ ក៏មានវេទិកាបង្ហាញពីពិធីបង្កើតអាជីវកម្មលើគម្រោងដីធ្លី ដោយបង្រៀនពីរបៀបយកលុយរាយទៅបង្កើតលុយដុំ នៅស្រុកខ្មែរ។

លោកថា គម្រោងយកតារាចម្រៀង លោក ព្រាប សុវត្តិ អោយចេញសម្ដែងជាលើកដំបូងនៅក្នុងប្រទេសកូរ៉េ មានការចំណាយមិនតិចម៉ឺនដុល្លារឡើយ ប៉ុន្តែដោយសារតែលោកធ្លាប់បានសន្យារជាមួយពលករនៅទីនោះ ថានឹងធានាយកលោក ព្រាប សុវត្ថិ ទៅច្រៀងជូនស្ដាប់កម្សាន្តអោយបានដាច់ខាត ទើបលោកសម្រេចចិត្តចំណាយថវិកា។

លោកប្រកាសថាខ្លួននឹងបើកការប្រគំតន្ត្រី នៅក្នុងប្រទេសកូរ៉េខាងត្បូងអោយបានញឹកញាប់ ដោយគម្រោងនឹងយកតារាល្បីៗទៅច្រៀងរាំ ដើម្បីអោយបងប្អូនជាក្រុមពលករបានសប្បាយចិត្តផង កុំអោយនឹកស្រុកខ្លាំងពេក។

លោករំពឹងយ៉ាងខ្លាំង ថាវត្តមានរបស់លោក ព្រាប សុវត្ថិ នឹងគក្រើកនៅថ្ងៃទី២៤ និង២៥ កញ្ញា នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្របគ្នាដែលទីតាំងដែលលោកគម្រោងដាក់ភ្ញៀវអោយស្ដាប់បទឧទ្ទេសនាមរបស់លោក ក៏មានអ្នកទិញសំបុត្រ និងកក់ទុកកៅអីអស់ច្រើនទៅច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ