អ្នកភូមិ​ច្រើន​គ្រួសារ​នៅភ្នំពេញចាប់​ផ្ដើម​តវ៉ាទាមទារដីពីបន្ទាយទាហាន៩១​ឡើង​វិញ

ពលរដ្ឋប្រមាណជិត ១០០នាក់ ដែលមានជម្លោះដីធ្លីជាមួយទាហានវរៈសេនាតូចការពារអាកាសលេខ៩១ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ បានផ្តុះការតវ៉ាជាថ្មី​ ដើម្បីទាមទារដីធ្លីពួកគេវិញ ខណៈជម្លោះនោះបានអូសបន្លាយជិត ២០ឆ្នាំ​មក​ហើយ ព្រឹកថ្ងៃទី ១៣ កញ្ញា ២០១៨

តំណាងពលរដ្ឋមានជម្លោះដីធ្លីជាមួយបន្ទាយទាហានមួយក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អះអាងថា កូនប្រុសច្បងរបស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ ហ៊ុន ម៉ាណែត ដែលទើបឡើងកាន់តំណែងជាមេបញ្ជាការកងទ័ពជើងគោក បានសន្យាដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគេ។

ពលរដ្ឋប្រមាណជិត ១០០នាក់ ដែលមានជម្លោះដីធ្លីជាមួយទាហានវរៈសេនាតូចការពារអាកាសលេខ៩១ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ បានផ្តុះការតវ៉ាជាថ្មី​នៅថ្ងៃនេះ ដើម្បីទាមទារដីធ្លីពួកគេវិញ ខណៈជម្លោះនោះបានអូសបន្លាយជិត ២០ឆ្នាំ​មក​ហើយ។

ពលរដ្ឋម្នាក់វ័យជាង ៧០ឆ្នាំ អ្នកស្រី ម៉ាន ហ៊ន ដែលអះអាងថា បានរស់នៅក្នុងតំបន់មានជម្លោះនោះតាំងពី១៩៧៩នោះ បាន​ប្រាប់វីអូឌីនៅ​កន្លែងតវ៉ាថា កាលឆ្នាំ១៩៨៧ មន្រ្តីទាហានជាន់ខ្ពស់ម្នាក់ បានខ្ចីដីអ្នកភូមិ​ទំហំជាង ៩ហិកតា ដើម្បីបោះទីតាំងឲ្យពលទាហានឈរជើងនៅទីនោះ ដោយសន្យាសងពលរដ្ឋវិញ ក្រោយប្រទេសមានសុខសន្តិភាព។

អ្នកស្រីបន្តថា នៅឆ្នាំ២០០០ ក្រុមពលរដ្ឋបានទាមទារដីពួកគាត់មកវិញ បន្ទាប់ពីឃើញដីនោះត្រូវបានគេវាស់លក់ឲ្យឈ្មួញដើម្បី សាងសង់​ផ្ទះជួល និងអគារផ្សេងៗ ប៉ុន្តែ ការតវ៉ាទាមទារនោះមិនទទួលដំណោះស្រាយនោះទេ ដែលបណ្តាលឲ្យអូសបន្លាយរហូតមកដល់សព្វថ្ងៃនេះ។

ប្រជាជនខ្លាចក៏ឲ្យដាក់ទ័ពចុះ ប៉ុន្តែ ពេលរំសាយទ័ពថ្ងៃណា ប្រគល់ឲ្យប្រជាជនវិញ ប៉ុន្តែ គាត់មិនប្រគល់ឲ្យណា គាត់ចេះសម្ងំៗដល់ឆ្នាំ២០០០ ប្រជាជនចាប់ផ្តើមផ្តុំការតវ៉ា ប៉ុន្តែ អាជ្ញាធរមិនបានដោះស្រាយឲ្យពលរដ្ឋនោះទេ

ពលរដ្ឋម្នាក់វ័យជាង ៧០ឆ្នាំ អ្នកស្រី ម៉ាន ហ៊ន ដែលអះអាងថា បានរស់នៅក្នុងតំបន់មានជម្លោះនោះតាំងពី១៩៧៩

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឃឹម រ៉េត និយាយថា រយៈពេលជិត ២០ឆ្នាំនេះ ក្រុមអ្នកភូមិបានស្វែងរកកិច្ចអន្តរាគមន៍ពីគ្រប់ស្ថាប័នរដ្ឋពាក់ព័ន្ធជាច្រើនឲ្យជួយដោះស្រាយ ដោយថា នៅពីឆ្នាំ២០១៧ លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាទៅក្រសួងការពារជាតិ ឲ្យ​ដោះស្រាយបញ្ចប់បញ្ហានេះផងដែរ ប៉ុន្តែ មន្រ្តីថ្នាក់ក្រោយមិនអនុវត្តតាមនោះទេ។

ខ្ញុំចង់បានតែដីប្រជាជន ៣៥គ្រួសារហ្នឹងមកវិញ បានដីហ្នឹងវិញប្រជាជនលែងតវ៉ាអីទៀតហើយ។ ហើយសម្តេចខំចារឲ្យដោះស្រាយជូនពលរដ្ឋ៣៥គ្រួសារហ្នឹងមិនទាន់ទទួលបានទេ ឥលូវដីហ្នឹងបាត់អស់ហើយ គេសងអស់កៀនៗ ហ្នឹងអត់បានដោះស្រាយឲ្យប្រជាជនទេ

ពលរដ្ឋម្នាក់វ័យជាង ៧០ឆ្នាំ អ្នកស្រី ម៉ាន ហ៊ន ដែលអះអាងថា បានរស់នៅក្នុងតំបន់មានជម្លោះនោះតាំងពី១៩៧៩

តំណាងពលរដ្ឋលោក អ្នកស្រី សួស ឥដ្ឋ បាន​ឲ្យ​ដឹង​ថា មេបញ្ជាការកងទ័ពជើងគោកដែលទើបឡើងកាន់តំណែងថ្មី លោក ហ៊ុន ម៉ាណែត បានទៅជួបតំណាងពលរដ្ឋផ្ទាល់នៅវរៈសេនាតូចការពារអាកាសលេខ៩១ នៃមូលដ្ឋានកងទ័ព​ការពារអាកាស។

បើ​តាម​អ្នកស្រី សួស ឥដ្ឋ លោក ហ៊ុន ម៉ាណែត បានសន្យាចំពោះមុខតំណាងពលរដ្ឋថា លោកនឹងដោះស្រាយបញ្ចប់បញ្ហាវិវាទដីធ្លីនេះ ឲ្យបានឆាប់ប៉ុន្តែមិនអាចកាត់បន្ទាយទាហាននោះឲ្យពលរដ្ឋវិញបានទេ។

ឯកឧត្តម ហ៊ុន ម៉ាណែត គាត់និយាយថា ពួកខ្ញុំទាមទារកាត់ដីបន្ទាយហ្នឹងមួយកំណាត់មួយចំហៀងផ្លូវដោយពលរដ្ឋចង់បានប៉ុណ្ណឹង ប៉ុន្តែ លោក ហ៊ុន ម៉ាណែត ថា អត់បានឲ្យទេ ព្រោះដីហ្នឹងទុក​ដាក់កាំជ្រួចដើម្បីការពារអាកាស ប៉ុន្តែ គាត់ថា គាត់នឹងដោះស្រាយជូនដោយផ្តល់ជម្រើសពីរ ប្រសិនក្រុមពលរដ្ឋចង់បានដោះដូរដីយកកន្លែងផ្សេង គាត់រកដីដោះដូរឲ្យបាន ដោយថា គិតឲ្យតម្លៃដូចនៅទីនេះដែរចឹង បើចង់បានជាថវិកា ក៏គាត់ដោះឲ្យដែរ គាត់​ឲ្យគិតគ្នាសិន ហើយគាត់ថា នឹងដោះស្រាយឲ្យប្រជាពលរដ្ឋឆាប់ហ្នឹង

តំណាងពលរដ្ឋលោក អ្នកស្រី សួស ឥដ្ឋ

តំណាងពលរដ្ឋរូបនេះបន្តថា ពួកគាត់មិនទាន់សម្រេចថាយ៉ាងណាទេ ដោយរង់ចាំពិគ្រោះពិភាក្សាគ្នាសិន និងជូនដំណឹងទៅលោក ហ៊ុន ម៉ាណែត វិញពេលដែលមានការសម្រេចរួម។

ក្នុងលិខិតមួយចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ស្នើទៅរដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ បាញ់ ឲ្យ​ប្រគល់ដីទំហំ ៤៣.៧៥០ ម៉ែត្រការ៉េ នៃវរៈសេនាតូចលេខ៩១ ទៅឲ្យប្រជាពលរដ្ឋ ៣៥គ្រួសារវិញ។

ប្រធាន​អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី លោក ប៊ិន ឈិន ដែល​កាន់​តំណែង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី​ផង​នោះ ក៏សុំឲ្យអភិបាលរាជធានីភ្នំពេញ​កាល​ពី​ឧសភា ឆ្នាំ២០១៨ ឲ្យ​ចុះវាសវែងដីជូនពលរដ្ឋផងដែរ។

តំណាងពលរដ្ឋឲ្យដឹងថា ដីធ្លីដែលមន្រ្តីទាហានខ្ចីពលរដ្ឋដើម្បីដាក់ទាហាននោះ គឺមានទំហំ ៩ហិកតា ប៉ុន្តែ ក្រោយការជួបប្រជុំ ជាមួយលោក ហ៊ុន ម៉ាណែត នៅថ្ងៃនេះ គឺ​អាជ្ញាធរសម្រេចសង់មកវិញតែ ៤ហិកតាប៉ុណ្ណោះសម្រាប់ពលរដ្ឋពលរដ្ឋ ៣៥គ្រួសារ តំណាងឲ្យពលរដ្ឋ ១៤៥គ្រួសារដែលត្រូវទទួលបានចំណែកពីដីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ