កម្ពុជា និងឥណ្ឌូណេស៊ី ​ប្រកាស​រឹត​ចំណង​ទូត​និង​សេដ្ឋកិច្ច​ អប​អរ​ទំនាក់​ទំនង​ការទូត​៦០​ឆ្នាំ​

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសមជាមួយលោក Sudirman Haseng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅប្រទេសកម្ពុជា,នាព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (រូបភាព៖ ហ្វេសប៊ុក ក្រសួងសេដ្ឋកិច្ច)

កម្ពុជា ឥណ្ឌូណេស៊ី ប្រកាស​រឹត​ចំណង​ការទូត និង​សេដ្ឋកិច្ច​បន្ថែម​ទៀត ​ខណៈ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​៦០​ឆ្នាំ។

​ក្នុង​សេចក្ដីប្រកាស​ចុះ​ថ្ងៃ​ទី១២ កញ្ញា ក្រសួង​សេដ្ឋកិច្ច​ឲ្យ​ដឹង​ថា​រដ្ឋ​មន្ត្រី​ក្រសួង​លោក​ អូន ព័ន្ធមុនីរ័ត្ន បាន​ព្រមព្រៀង​ជា​មួយ​ឯក​អគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​លោក សាឌីមែន ហាសេង (Sadiman Haseng) ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​ដែល​រួម​មាន​ ពាណិជ្ជកម្ម វប្បធម៌ ការ​វិនិយោគ ទេសចរណ៍ ជាពិសេស​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ទំនាក់​ទំនង​​រវាង​ប្រជាជន​ នៃ​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​បង្កើត​យន្តការ​រួម​ក្នុង​វិស័យ​ពាក់​ព័ន្ធ។

​​​​​​សេចក្ដីប្រកាស​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ដើម្បី​ជំរុញ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ជិត​ស្និត​ថែម​ទៀត​នោះ​កម្ពុជា និង​ឥណ្ឌូណេស៊ី​នឹង​រៀប​ចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ នៃ​ទំនាក់​ទំនង​ការទូត​រវាង​ប្រទេស​ប្រទេស​ទាំង​ពីរ ដោយ​មាន​ការ​រៀប​ចំ​​តាំង​ពិព័រណ៍​ពាណិជ្ជកម្ម សិក្ខាសាលា ក៏​ដូចជា​ពិនិត្យ​ពី​លទ្ធភាព​រៀប​ចំ​ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរផង​ដែរ។

បើ​តាម​ក្រសួងសេដ្ឋកិច្ច​កំណើន​ពាណិជ្ជកម្ម​កម្ពុជា ឥណ្ឌូណេស៊ី ក្នុង​ឆ្នាំ​២០១៧ មាន​ទំហំ ៥៤២​លាន​ដុល្លារ​អាមេរិក ដែល​កើន​ឡើង​ជាង​២០​ភាគរយ​ពី​ឆ្នាំ​២០១៦ ដែល​មាន​ចំនួន​៤៥២​លាន​ដុល្លារ​អាមេរិក។

កម្ពុជា និង​ឥណ្ឌូណេស៊ី បាន​បង្កើត​ចំណង​ការទូត​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ ១៩៥៧ ហើយ​នៅ​ឆ្នាំ​១៩៦០ ឥណ្ឌូណេស៊ី​បាន​​ប្រកាស​ជា​ផ្លូវ​ការ​លើ​សន្ធិសញ្ញា​មិត្តភាព​ជា​មួយ​កម្ពុជា​ដោយ​ចង​ដោយ​ច្បាប់​មួយ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ