មហា​​ព្យុះ​ទីហ្វុង​មង្ឃុត​នឹង​ទៅ​ដល់​ចិន និង​វៀតណាម ក្រោយ​ឆ្លង​​កាត់​ហ្វីលីពីន កម្ពុជា​រង​ឥទ្ធិពល​ផង​ដែរ

ពលរដ្ឋ​ហ្វីលីពីន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​នៅ​ក្រោម​ការ​បោក​បក់​នៃ​មហា​ព្យុះ​ទីហ្វុង​មង្ឃុត ដែល​ត្រូវ​បាន​ព្យាករ​ថា នឹង​មក​ដល់​ភាគ​ខាង​ត្បូង​ចិន និង​វៀតណាម​នៅ​ថ្ងៃ​នេះ។ រូបថត៖ Channel News Asia

ព្យុះ​ទីហ្វុង​​មង្ឃុត​ត្រូវ​បាន​រាយការណ៍​ថា បាន​បក់​បោក​កាត់​ភាគ​ខាង​ជើង​ប្រទេស​ហ្វីលីពីន​ហើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​នាំ​មក​ជាមួយ​នូវ​ទឹក​ភ្លៀង​ធ្លាក់​ដ៏​ជោគ​ជាំ និង​បង្ក​ឲ្យ​ដាច់​ប្រព័ន្ធ​អគ្គិសនី និង​បណ្ដាញ​ទំនាក់​ទំនង។

សារព័ត៌មាន​សិង្ហបុរី Channel News Asia បាន​ចុះ​ផ្សាយ​ថា មហា​ព្យុះ​ទីហ្វុង​មង្ឃុត ដែល​ជា​ព្យុះ​ដ៏​ខ្លាំង​ក្លា​បំផុត​បោក​បក់​លើ​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ​នេះ​នោះ បាន​វាយ​ប្រហារ​កោះ​លូហ្សូន​ទាំង​មូល ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ហ្វីលីពីន។

បើ​តាម​សារព័ត៌មាន​ដដែល​នេះ ភ្លាមៗ​នេះ គ្មាន​សេចក្ដី​រាយការណ៍​អំពី​ទំហំ​នៃ​មហន្តរាយ​កើត​ចេញ​ពី​មហា​ព្យុះ​ទីហ្វុង​នេះ​ឡើយ។

ព្យុះ​ដ៏​ខ្លាំង​ក្លា​នេះ ត្រូវ​បាន​ព្យាករ​ថា នឹង​មក​ដល់​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ចិន និង​វៀតណាម​ភាគ​ខាង​ជើង​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​វា​បោក​បក់​ក្នុង​ល្បឿន ៣០៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​កាត់​ប្រទេស​ហ្វីលីពីន។

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ភ្លៀង​ធ្លាក់​ច្រើន​ចាប់​ពី​ថ្ងៃ​ទី​១៣ ខែកញ្ញា រហូត​ដល់​សប្ដាហ៍​ក្រោយ​ ខណៈ​ដែល​ប្រទេស​នេះ​ទទួល​រង​ឥទ្ធិពល​នៃ​សម្ពាធ​ទាប​បង្ក​ឡើង​ដោយ​ព្យុះ​មង្ឃុត​នេះ។

​អាជ្ញាធរ​ឧតុនិយម​កម្ពុជា ក៏​បាន​ព្រមាន​ផង​ដែរ​អំពី​ជំនន់​ទឹក​ភ្លៀង​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ឡាវ និង​បណ្ដា​ខេត្ត​ស្ថិត​នៅ​តំបន់​ទំនាប​កណ្ដាល​​ជាប់​ព្រំ​ប្រទល់​កម្ពុជា-វៀតណាម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ