មន្ត្រី MRC ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នឹង​នៅ​តែ​បន្ត បើទោះជាអង្គការ​សង្គម​ស៊ីវិល​ពហិកា​ក្ដី

អ្នកភូមិជញ្ជូនទ្រព្យសម្បត្តិរបស់ពួកគេនៅពេលដែលពួកគេជម្លៀសចេញបន្ទាប់ពីទំនប់វារីអគ្គិសនី ហ្ស៊ីប៉ាន – សេនណយបានដួលរលំនៅខេត្ត អាត់តាភឺ (Attapeu) ប្រទេសឡាវនៅថ្ងៃទី 24 ខែកក្កដាឆ្នាំ 2018 (រូបភាព៖ straitstimes.com)

មន្ត្រី​គណៈកម្មការទន្លេមេគង្គ(MRC)​ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​គម្រោង​សាង​សង់​​ទំនប់​វារី​អគ្គិសនី​ឡាវ​ប៉ាក់ឡាយ នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក បើទោះបី​ជា​ក្រុម​សង្គម​ស៊ីវិល​ដែលធ្វើការងារលើវិស័យអភិបាលកិច្ចទឹក និងធនធានធម្មជាតិនៅកម្ពុជា បាន​ប្រកាស​មិនចូលរួមក្នុង​កិច្ច​ប្រជុំ​នេះ​ក៏ដោយ។

វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) បាន​ស្នើ​ទៅ​គណៈកម្មការ​ទន្លេ​មេគង្គ MCR កាល​ពី​ថ្ងៃ​ទី​១០ ខែ​កញ្ញានេះ ឲ្យ​ពន្យា​ពេល​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្ដី​ពី​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ប៉ាក់ឡាយ​របស់​ប្រទេស​ឡាវ ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែ​កញ្ញា នៅ​ឯ​រដ្ឋ​ធានីវៀងច័ន្ទ។

ប៉ុន្តែ មន្រ្តីទំនាក់ទំនងគណៈកម្មការ​ទន្លេ​មេគង្គ លោក មាស សុភក្ត្រ ប្រាប់មក VOD តាមរយៈអ៊ីម៉ែលកាលពីម្សិលមិញថា MRC នឹង​មិនពន្យារពេល​ដំណើរការ​កិច្ចប្រជុំ​ពិគ្រោះយោបល់នេះ​ឡើយ ដោយ​ថា ​ប្រទេស​ជា​សមាជិក​សុទ្ធតែបានឯកភាពគ្នាថា ត្រូវ​​បន្តឆ្ពោះទៅមុខ។

លោក មាស សុភក្ត្រ បញ្ជាក់បន្តទៀតថា MRC បាន​ផ្តួចផ្តើម​ដំណើរការ​កិច្ចពិគ្រោះយោបល់ជាមុន​ស្តីពីគម្រោង​វារីអគ្គិសនីប៉ាក់ឡាយ​ ដោយផ្អែកតាម​កិច្ចព្រមព្រៀង​មេគង្គឆ្នាំ១៩៩៥ និង​​នីតិវិធីសម្រាប់​ការជូនដំណឹងស្ដី​ពី​ការពិគ្រោះយោបល់ជាមុន និងកិច្ចព្រមព្រៀង (PNPCA)។

លោក មាស សុភក្ត្រ ប្រាប់​តាម​អ៊ីម៉ែល​ថា​៖

MRC ផ្តល់វេទិកាការទូតទឹកនេះ ដើម្បីឲ្យប្រទេសជាសមាជិករួមគ្នាពិភាក្សា​ពី​គម្រោង​ដែលស្នើឡើង។ បន្ទាប់ពីក្រុមការងារគណៈកម្មាធិការចម្រុះទទួលបន្ទុកដំណើរការកិច្ចពិគ្រោះយោបល់ជាមុនសម្រាប់គម្រោងវារីអគ្គិសនីប៉ាក់ឡាយ បានជួបប្រជុំជាលើកដំបូងនៅថ្ងៃទី ៨ ខែ សីហា នៅឆ្នាំនេះ និងក្រោយការពិភាក្សាយ៉ាងទូលំទូលាយ ប្រទេសជាសមាជិកបានសម្រេចថា គម្រោងដែលស្នើឡើងនេះនឹងត្រូវបន្តអនុវត្ត ទៅតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ និង PNPCA

មន្រ្តីទំនាក់ទំនងគណៈកម្មការ​ទន្លេ​មេគង្គ លោក មាស សុភក្ត្រ

មន្ត្រី​សម្របសម្រួលបណ្តាញវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) លោក ម៉ក់ ប៊ុនធឿន បានប្រាប់ VOD បន្ថែម​ថា មូលហេតុដែលក្រុមអង្គការសង្គមស៊ីវិលសុំពន្យាពេល ដោយសារមិនទាន់ទទួលបានការឆ្លើយតប និងដំណោះ​ស្រាយពីកិច្ចប្រជុំ​ពិគ្រោះយោបល់របស់សង្គមស៊ីវិលតាំងពីទំនប់វារី​អគ្គិសនី​ចំនួន ៣ មុន រួម​មាន​ទំនប់សាយ៉ាបូរី ដនសាហុង និងប៉ាក់បេង ជាដើម។

លោក ម៉ក់ ប៊ុនធឿន ក៏បញ្ជាក់ថា ការបាក់ទំនប់វារីអគ្គីសនី សេពាន សេណាមណយ បាន​ធ្វើឲ្យមានការព្រួយបារម្ភពីសុវត្ថិភាពនិងចង់ឲ្យមានការសិក្សាឲ្យបានច្បាស់លាស់មុននឹងសាង់សង់ទំនប់ថ្មី។

លោក ម៉ក់ ប៊ុនធឿន បញ្ជាក់ទៀតថា ក្រុមសង្គមស៊ីវិលនឹងធ្វើពហិការកិច្ច​ប្រជុំនៅថ្ងៃ២០-២១ កញ្ញា នៅប្រទេសឡាវ រួមទាំងថ្នាក់ជាតិផងដែរ ដោយថា មិនចង់ឲ្យមានឈ្មោះនៅក្នុងដំណើរការពិគ្រោះយោបល់នេះ។

ឆ្លើយតបនឹងការធ្វើពហិការរបស់សង្គមស៊ីវិល លោក មាស សុភក្ត្រ បញ្ជាក់តាមរយៈអ៊ីម៉ែលដដែលថា MRC នៅតែជំរុញឲ្យមានការចូលរួម​ព្រឹត្តិការណ៍​ដែល​បាន​គ្រោងទុក​នេះ ដោយថា កិច្ច​ប្រជុំ​នេះ​នឹង​ចែក​រំលែក​ជា​សាធារណៈ​នូវ​ព័ត៌មាន​ពាក់​ព័ន្ធ​គម្រោង​ផ្សេងៗ និង​ការ​ប៉ាន់​ប្រមាណ​ពី​ផល​ប៉ះ​ពាល់ និង​ការ​ជជែក​ជាមួយ​ភាគី​ពាក់​ព័ន្ធ។

MRC បន្តឆ្លើយតបទៀតថា បើគ្មានដំណើរការ​នេះ ប្រាកដ​ជាគ្មានការ​កំណត់​កាតព្វកិច្ចលើ​អ្នកអភិវឌ្ឍន៍​ឲ្យ​បញ្ចៀស​ កាត់បន្ថយ និង​សម្រាល​ផលប៉ះ​ពាល់អវិជ្ជមាន​ឡើយ​ ហើយ​យើង​ក៏គ្មាន​របប​ពិនិត្យឡើងវិញ​ដោយឯករាជ្យដែរ។

MRC ជឿជាក់ថា ការចូលរួម និងការពិភាក្សាពីទស្សនៈ និងចំណាប់អារម្មណ៍នានា នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការធនធានទឹកក្នុងអាងទន្លេមេគង្គ ហើយយើងសូមជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្មក្នុងកិច្ចពិភាក្សានេះ

មន្រ្តីទំនាក់ទំនងគណៈកម្មការ​ទន្លេ​មេគង្គ លោក មាស សុភក្ត្រ

គណៈកម្មការទន្លេមេគង្គ(MRC) គ្រោងនឹងគ្រោងនឹងប្រជុំស្តីពី ដំណើរពិគ្រោះយោបល់ជាមុនលើសំណើគម្រោងសាងសង់ទំនប់វារីអគ្គីសនីប៉ាក់ឡាយនៅលើទន្លេមេគង្គ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ដល់២១កញ្ញាឆ្នាំ២០១៨ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

កិច្ចប្រជុំថ្នាក់តំបន់ដែលប្រទេស៤រួមមានឡាវ កម្ពុជា វៀតណាម និងថៃនេះ ត្រូវបានស្ថាប័នអង្គការសង្គមស៊ីវិលចំនួន២០ដែលធ្វើកិច្ចការងារលើវិស័យអភិបាលកិច្ចទឹក និងធនធានធម្មជាតិនៅកម្ពុជា ស្នើពន្យាពេល និងប្រកាសជាថ្មីម្តងទៀតឆ្លើយតបនឹងដោះស្រាយកង្វល់ដែលបានលើកឡើងមុនៗ ដើម្បីបង្កើតទំនុកចិត្ត។

ការ​ខ្វែង​គំនិត​គ្នា​អំពី​កិច្ច​ប្រជុំ​នេះ​រវាង​គណៈកម្មការ​ទន្លេ​មេគង្គ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​កើត​ឡើង​​ការ​បាក់​ទំនប់​វារី​អគ្គិសនីសេពាន សេណាមណយ នៅ​ក្នុង​ខេត្ត​អាត់តាពៅ ប្រទេស​ឡាវ​កាល​ពី​ចុង​ខែ​កក្កដាកន្លង​មក​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ