ក្រុមហ៊ុន​អឺរ៉ុបនៅចិន​ពិចារណាប្តូរទីតាំងទៅអាស៊ីអាគ្នេយ៍ព្រោះសង្រ្គាម​ពាណិជ្ជកម្ម​

អនុប្រធានសភាពាណិជ្ជកម្ម​អឺរ៉ុបប្រចាំប្រទេសចិន​ លោក Carlo Diego D ‘ Andrea (រូបភាព៖ Instagram carlodiegodandrea)

ក្រុមហ៊ុន​ សហគ្រាស និងរោងចក្ររបស់អឺរ៉ុបដែល​កំពុងធ្វើប្រតិបត្តិការណ៍នៅក្នុងប្រទេសចិន​បានកំពុងពិចារណា​ប្តូរទីតាំង​របស់ខ្លួន​ពីប្រទេសចិន​ទៅកាន់​ប្រទេសនានា​ក្នុង​ដើម្បី​អាស៊ីអាគ្នេយ៍វិញ ដើម្បី​បញ្ចៀសខ្លួនពីផល​ប៉ះពាល់​នៃសង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន​និងអាមេរិក។ នេះបើតាមរបាយការណ៍សិក្សាស្រាវជ្រាវ​មួយរបស់​សភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំប្រទេសចិនដែល​ចេញផ្សាយកាល​ពីម្សិលមិញ។

​របាយការណ៍សិក្សាស្រាវជ្រាវបង្ហាញ​ថា​តាមរយៈការស្ទង់មតិ​ដែល​ធ្វើ​ទៅលើ​ម្ចាស់ក្រុមហ៊ុន​អឺរ៉ុប​ដែល​កំពុងរកស៊ីនៅប្រទេសចិន​ជិត​​២០០នាក់​បង្ហាញថា​ក្នុងចំណោម​ពួកគេទាំងនោះមាន​ប្រមាណ​ជា៥៤ភាគរយ​យល់​ថា​ការដំឡើងពន្ធគយ​របស់​អាមេរិក​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​ទីផ្សារសកល​ ហើយពួកគេប្រមាណ​ជា៧ភាគរយបាន​ផ្លាស់​ប្តូរនិង​មាន​គម្រោង​ផ្លាស់​ប្តូទីតាំងក្រុមហ៊ុន​របស់​ខ្លួន​ពីប្រទេសចិន​ទៅប្រទេសផ្សេង។​ការស្ទាបស្ទង់មតិនេះក៏បានបង្ហាញផងដែរថាក្រុមហ៊ុនអឺរ៉ុបចំនួន ៥,២ ភាគរយបានផ្លាស់ប្តូរឬកំពុងផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួន។

ប្រភពដដែលបន្តឲ្យដឹងថា ក្រុមហ៊ុនអឺរ៉ុប​ធំៗមានផែនការផ្លាស់ទីតាំងផលិតកម្មរបស់ប្រទេស​នៅតំបន់អាស៊ីអាគ្នេយ៍ដូចជាប្រទេសវៀតណាមនិងហ្វីលីពីនដើម្បីចៀសវាងការយកពន្ធបន្ថែមលើផលិត​សំខាន់ៗដែលត្រូវបាននាំចូលពីសហរដ្ឋអាមេរិកហើយត្រូវបានប្រើប្រាស់សម្រាប់ដំឡើងផលិតសម្រេច​មួយចំនួន​។​

ការស្ទង់មតិនេះ ក៏បាន​បង្ហាញ​ផងដែថា​វានឹង​ធ្វើឲ្យចិន​មាន​កំណើនសេដ្ឋកិច្ចយឺត ធ្វើ​ឲ្យប្រជាជន​ប្រទេសនេះរាប់​លាននាក់បាត់​បង់ការងារ ការចំណាយ​ក្នុងដំណើរការផលិតខ្ពស់ជាដើម។

អនុប្រធានសភាពាណិជ្ជកម្ម​អឺរ៉ុបប្រចាំប្រទេសចិន​ លោក Carlo Diego D ‘ Andrea លើកឡើងថាប្រសិនបើចិនអាចធ្វើកំណែទម្រង់សេដ្ឋកិច្ច​របស់ខ្លួន​ដោយ​កាត់​បន្ថយ​ការការពារ​សហគ្រាស​ដែលជារបស់​រដ្ឋ​ នោះសង្គ្រាមពាណិជ្ជកម្មអាចនឹងធូរស្រាល។

កាលពីថ្ងៃអង្គារកន្លង​ទៅ លោកដូណាល់​ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ដំឡើងពន្ធនាំចូល​១០ភាគ​រយបន្ថែម​ទៀត​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃរហូត​ដល់​២០០ពាន់លាន​ដុល្លា​អាមេរិក។ ការអនុវត្តន៍ក្នុង​ការយក​ពន្ធបន្ថែម​នេះនឹង​ចាប់​ផ្ដើម​នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។ លោក​​ត្រាំ​ក៏បាន​លើក​ឡើង​ផងដែរ​ថា​ខ្លួន​ត្រូវ​តែធ្វើ​បែប​នេះជាមួយ​ចិន​ ហើយ​បើចិន​នៅ​តែ​គឃ្លើន​ដំឡើង​ពន្ធ​លើ​ទំនិញរបស់​អាមេរិកទៀតខ្លួននឹង​ដំឡើងពន្ធលើ​ទំនិញ​ទាំងអស់​របស់​ចិន។

ជាការឆ្លើយ​តប​ ចិន​ថា​ខ្លួន​នឹង​ធ្វើការសង​សឹកវិញ​ជាមួយ​អាមេរិក​ដោយ​ការ​ដំឡើងពន្ធបន្ថែម​លើទំនិញ​អាមេរិក​ដែលនាំ​ចូល​ប្រទេសខ្លួន​ដូចគ្នា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ