មន្ត្រី​យោធា​ជាន់​ខ្ពស់​៥​រូប​ស្នើ​សុំ​លា​ឈប់​ពី​សេនាធិការ​ចម្រុះ​កង​ទ័ព

ផ្សព្វផ្សាយ​កម្ម​វិធី​នយោបាយ​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី៦​ និង​បំពាក់​ឋានន្តរស័ក្តិ​ តែង​តាំង​មុខ​តំណែង​អគ្គបញ្ជាការ​ នាយ​សេនា​ធិការ​ចំរុះ ​និង​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ថ្ងៃទី ០៧ កញ្ញា ២០១៨ (រូបភាព៖ វេបសាយក្រសួងការពារជាតិ)

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាតិ បាន​ឲ្យ​ដឹង​ថា មន្ត្រីយោធា​ជាន់ខ្ពស់ ៥រូប ពិត​ជា​បាន​ស្នើ​សុំ​លាលែងចេញ​ពី​តំណែង​នាយរងសេនាធិការចម្រុះ ហើយទៅ​កាន់តួនាទីដើមតែមួយវិញ ដោយ​ថា អនុវត្ត​តាម​គោលការណ៍​ថ្មី​របស់​ក្រសួង។

​លិខិតលាលែងចុះថ្ងៃទី១៤កញ្ញាដែល VOD ទទួលបាននៅថ្ងៃនេះ បាន​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍ឯកទាំងប្រាំនាក់ដែលសុំលាលែងចេញពីមុខងារនាយរងសេនាធិការចម្រុះ មានដូចជា លោក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ លោក កែវ ធី មេបញ្ជាការកងពលធំលេខ២ លោក ចាប ភក្តី មេបញ្ជាការកងពលតូចទ័ពឆ័ត្រយោងពិសេស​លេខ ៩១១ លោក ព្រហ្ម ផេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ និង លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០។

ក្រុម​ឧត្ដមសេនីយ៍​ទាំង ៥​រូប​នោះ ដែល​បាន​ធ្វើ​លិខិត​លាលែង​តែ​មួយ​នោះ ពុំ​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ស្នើ​សុំ​លាលែង​ពី​តំណែង​នៅ​សេនាធិការ​ចម្រុះ​កង​ទ័ព​នោះ​ឡើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យដឹងបន្ថែមនៅថ្ងៃ​នេះថា នេះជាគោលការណ៍ថ្មីរបស់ក្រសួងការពារជាតិឲ្យមន្ត្រីទាហានកាន់តែតួនាទីតែមួយ។

ហ្នឹងអ្ហើយ! ក្នុងពេលដែលប្រគល់ភារកិច្ចជូនថ្នាក់ដឹងនាំក្រសួងការពារជាតិថ្ងៃ១៨[កញ្ញា]ហ្នឹង ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ហ្នឹង ក៏លោកបានមានគោលការណ៍មួយ។ ក្រសួងការពារជាតិនឹងមានគោលការណ៍ឲ្យកងទ័ពទាំងអស់ដែលមានតួនាទីពីរហ្នឹង ឲ្យទុកតែមួយទេ អត់ឲ្យជាន់គ្នាទេ! បានន័យថា មេបញ្ជាការណាកាន់​ទ័ពណា កាន់តែហ្នឹងទេ អត់មានតួនាទីបន្ថែមពីលើទេ!

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ

ប៉ុន្តែ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ក្រសួង​ពុំ​ទាន់​បាន​ចេញ​សេចក្ដី​ណែនាំ ឬ​អនុក្រឹត្យ​ជា​ផ្លូវការ​អំពី​គោលការណ៍​ថ្មី​នេះ​នៅ​ឡើយ​ទេ។

ទោះជាយ៉ាងណា ក្រុម​ឧត្ដមសេនីយ៍​ទាំង​នោះ បាន​ស្នើ​សុំ​លាលែង​ពី​តំណែង​របស់​ពួកគេ បន្ទាប់​ពី​ក្រសួង​ការពារ​ជាតិ​បាន​ផ្ទេរ​អង្គភាព​យោធា​ចំនួន ៥ ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​បញ្ជាការ​របស់​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ថ្មី ដែល​ដឹកនាំដោយ​កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក​ឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត។

អង្គភាព​ទ័ព​ទាំង​៥​នោះ​រួមមាន កងពល​ធំ​អន្តរាគមន៍​លេខ២ កងពល​ធំ​អន្តរាគមន៍​លេខ៣ កងពល​តូចអន្តរាគមន៍​លេខ១ កង​ពលតូច​ទ័ព​ពិសេស​ឆ័ត្រ​​យោងលេខ​៩១១ និង​កង​ពល​តូច​លេខ​៧០ ដែល​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ឧត្ដមសេនីយ៍​ទាំង ៥​រូប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ