ក្រសួង​សម្រេច​រក្សា​នាយក​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ដដែល​បន្ទាប់​ពី​មាន​ការ​តវ៉ា

ក្រុមគ្រូបង្រៀន និងសិស្សតវ៉ា ដោយ​ជំទាស់​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នាយក​គ្រប់​គ្រង លោក មូល ស៊ុយហេង និង​ការ​ដាក់​បញ្ចូល​កម្មវិធី​អប់រំ​ថ្មី​របស់​ក្រសួង​នៅ​ក្នុង​សាលារៀន​មួយ​នេះ ព្រឹកថ្ងៃទី ១៩ កញ្ញា ២០១៨

ក្រសួង​អប់រំ​សម្រេច​រក្សា​នាយក​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ក្នុង​តួនាទី​ជា​នាយក​គ្រប់​គ្រង​​ដដែល ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​សំណាក់​លោក​គ្រូ អ្នក​គ្រូ​ និង​សិស្ស​នៃ​វិទ្យាល័យ​នេះ។

ក្រុម​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ចំណាស់​មួយ​នេះ បាន​ប្រមូល​ផ្ដុំ​តវ៉ា​ចាប់​តាំង​ពី​ដើម​សប្ដាហ៍​​នេះ ដោយ​ជំទាស់​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នាយក​គ្រប់​គ្រង លោក មូល ស៊ុយហេង និង​ការ​ដាក់​បញ្ចូល​កម្មវិធី​អប់រំ​ថ្មី​របស់​ក្រសួង​នៅ​ក្នុង​សាលារៀន​​មួយ​នេះ។

នៅ​ព្រឹក​នេះ​ក្រោយ​ពី​មាន​ការ​បោះឆ្នោត​ពី​លោក​គ្រូ អ្នក​គ្រូ​វិទ្យាល័យ​នេះ​ក្រោម​ការសម្រប​សម្រួល​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន នោះ លោក មូល ស៊ុយហេង ត្រូវ​បាន​គ្រូ​នៅ​សាលា​នេះ​ផ្ដល់​ការ​ទុក​ចិត្ត​ឲ្យ​ធ្វើ​ជា​នាយក​សាលា​បន្ត​ទៀត។

ប្រធាន​ឯកទេស​រូបវិទ្យា​ថ្នាក់​ទី៩ លោក ហ៊ួត ប៊ុនហ៊ាង បាន​ឲ្យ​ VOD ដឹង​ថា ​ក្រោម​ការ​បោះឆ្នោត​ជា​សម្ងាត់ ​លោក​នាយក​ មូល ស៊ុយហេង ទទួល​បាន​សំឡេង​គាំទ្រ ៩៧ លើ ១៥១សំឡេង ដែល​​អនុញ្ញាត​ឲ្យ​លោក​បន្ត​ធ្វើ​ជា​នាយក​សាលា​នេះ​បន្ត​ទៀត។

អត់​មាន​តវ៉ា​អី​ទៀត​ទេ ព្រោះ​មាន​ពីរ​ចំណុច​ដែល​គាត់​ជ្រើសរើស ករណី​ទី​មួយ​ត្រូវ​ផ្លាស់​ប្ដូរ​លោក​គ្រូ មូល ស៊ុយហេង ទៅ​ធ្វើ​ការ​កន្លែង​ថ្មី​ ហើយ​រើស​នាយក នាយក​រង​ហ្នឹង ​ចេញ​ពី​សាលា​ស៊ីសុវត្ថិ​ យក​លោក​គ្រូ​អ្នក​គ្រូ​ដែល​មាន​លទ្ធភាព​នៅ​ទី​ហ្នឹង។ ទីពីរ បើ​អ្នក​ណា​នៅ​ជ្រើស​លោក​ មូល ស៊ុយហេង ជា​នាយក​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​ដដែល​អា​ហ្នឹង​ជា​ជម្រើស​ទី២ ហើយ​បើ​ពេញចិត្ត​ជម្រើស​ណា​បោះឆ្នោត​រើស​តែ​អា​ហ្នឹង​មួយ​បាន​ហើយ

ប្រធាន​ឯកទេស​រូបវិទ្យា​ថ្នាក់​ទី៩ លោក ហ៊ួត ប៊ុនហ៊ាង

លោក​ មូល ស៊ុយហេង ត្រូវ​បាន​ក្រសួង​អប់រំ​សម្រេច​ផ្ទេរ​មក​កាន់​នាយកដ្ឋាន​មធ្យម​សិក្សា​នៃ​ក្រសួង​វិញ ដោយ​លើកឡើង​ថា ​លោក​មាន​បទពិសោធន៍​យូរ​ឆ្នាំ​ដែល​អាច​ជួយ​ដល់​នាយកដ្ឋាន​បាន។

កាល​ពី​ម្សិល​មិញ​គណៈ​គ្រប់គ្រង​បណ្ដោះអាសន្ន​មួយ​ត្រូវ​បាន​ក្រសួង​អប់រំ​សម្រេច​បង្កើត​ឡើង​នៅ​សាលា​នេះ​មុន​ពេល​ក្រសួង​រើស​នាយក​សាលា​ថ្មី។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​លោក ឌី ខាំ​ប៉ូលី មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មាន​ការ​បោះឆ្នោត​​ពី​ក្រុម​លោក​គ្រូ​អ្នកគ្រូ​នៃ​វិទ្យាល័យ​នេះ​ហើយ​ លោក​នាយក​ មូល ស៊ុយហេង នឹង​ត្រូវបាន​រក្សា​ក្នុង​តួនាទី​ជា​នាយក​សាលា​នេះ​ដដែល តែ​ត្រូវ​រង់​ចាំ​លិខិត​តែងតាំង​ជា​ថ្មី​សិន​ ខណៈ​នៅ​ពេល​នេះ​គណៈ​គ្រប់គ្រង​បណ្ដោះអាសន្ន​នឹង​ត្រូវ​មើល​ការ​ខុស​ត្រូវ​សាលា​នេះ​ជា​បណ្ដោះអាសន្ន​សិន។

ជា​គោល​ការ​ច្បាប់​ គោល​ការណ៍​រដ្ឋបាល​ ទាល់​តែ​មាន​លិខិត​តែង​តាំង​ថ្មី អញ្ចឹង​ទុក​ពេល​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​រៀប​ចំ​នីតិវិធី​ហ្នឹង​ មិន​មែន​ធ្វើ​តែ​មួយ​ថ្ងៃ​ហើយ​ភ្លាម​ទេ​បាទ

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​លោក ឌី ខាំ​ប៉ូលី

នាយក​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​លោក មូល ស៊ុយហេង បាន​កាន់​តួនាទី​ជា​នាយក​វិទ្យាល័យ​នេះ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​តែងតាំង​ជា​នាយក​សាលា​នេះ​នៅឆ្នាំ​២០០៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ