ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​រកឃើញថា ការរឹតត្បិតសិទ្ធិសេរីភាពកើនឡើងខ្លាំងនៅអំឡុងឆ្នាំបោះឆ្នោត

ប្រជាពលរដ្ឋនៅក្នុងយុទ្ធនាការសម្តែងមតិនិងទាមទារយុត្តិធម៌ឲ្យអ្នកស្រីទេពវន្នីអ្នក ការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប​ (រូបភាពពីហ្វេសប៊ុក​លោក ចាន់ ពុទ្ធិស័ក្តិ)

ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកឃ្លាំមើលសិទ្ធិមនុស្ស បាន​រកឃើញថា ការរំលោភបំពានសិទ្ធិសេរីភាពនៅកម្ពុជា បានកើនឡើងខ្លាំងចាប់តាំងពីការបោះឆ្នោតឃុំសង្កាត់ រហូតដល់ការបោះឆ្នោតថ្នាក់ជាតិ​កន្លង​មក​នេះ។

កាលពីម្សិលមិញ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស សមាគម​ការពារ​សិទ្ធិ​អាដហុក និង​មជ្ឈ​មណ្ឌល​សាមគ្គីភាព បានចេញផ្សាយរបាយការណ៍រួម​គ្នា​​កម្រាស់ ១៦៦ទំព័រ ក្រោម​ចំណងជើងថា «ការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា» ដោយបានបង្ហាញពីករណីរំលោភសិទ្ធិមនុស្ស និងការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា ដែលបានកត់ត្រាទុកចាប់ពីខែមេសាឆ្នាំ២០១៧ ដល់ខែមីនាឆ្នាំ២០១៨។

របាយការណ៍ឆ្នាំទី២នេះ រកឃើញថា ការរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានបានកើតឡើង ៥៩៣ករណី ពោល គឺកើនឡើង ២០២ករណី បើធៀបនឹងរបាយការណ៍ឆ្នាំទី១ ដែលមានចំនួន ៣៩១ករណី ហើយភាគច្រើន គឺជាការរំលោភសិទ្ធិសេរីភាពក្នុងការបង្កើតសមាគម ការជួបជុំ និងសេរីភាពក្នុងការបញ្ចេញមតិ។

ក្រុមអង្គការសង្គមស៊ីវិលគូសបញ្ជាក់ក្នុងរបាយការណ៍ថា មូលហេតុនៃការរំលោភបំពានសិទ្ធិទាំងនេះ គឺបន្ទាប់ពីរដ្ឋាភិបាលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់មួយចំនួន ដូចជា វិសោធនកម្មច្បាប់គណបក្សនយោបាយដែលឈានទៅរំលាយគណបក្សប្រឆាំង ច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាក្សត្រ ការយីយាកាន់ខ្លាំងលើអង្គការសង្គមស៊ីវិល ការប្រើប្រាស់កម្លាំងរបស់អាជ្ញាធរបង្ក្រាបដោយហិង្សាលើការប្រមូលផ្ដុំតវ៉ា និងការបិទប្រព័ន្ធផ្សព្វផ្សាយជាដើម។

មន្ត្រី​សម្របសម្រួលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន ស៊ាងហាក់ មានប្រសាសន៍ថា អាជ្ញាធរបានធ្វើការរារាំងដល់ការជួបជុំ ឬប្រមូលផ្ដុំដោយសន្ដិវិធី រារាំងដល់ការបើកវគ្គបណ្ដុះបណ្ដាលសហគមន៍ និងបញ្ឈប់សកម្មភាពរបស់អង្គការសង្គមស៊ីវិល ដោយយក​តាម​ច្បាប់ស្ដីពីអង្គការសមាគម និងការមិនបានជូនដំណឹងជាមុន។

ប៉ុន្ដែ លោកថា ការអនុវត្តរបស់អាជ្ញាធរបែបនេះ គឺជាការគំរាមកំហែងដល់សិទ្ធិសេរីភាពជាមូលដ្ឋាន និងមិនស្របទៅនឹងគោលការណ៍នៃច្បាប់អន្ដរជាតិនោះទេ។

នៅពេលសមាគមធ្វើសកម្មភាពតម្រូវឲ្យមានការជូនដំណឹង ៣ថ្ងៃមុនធ្វើសកម្មភាព ហើយប្រសិនបើមិនផ្អាកសកម្មភាព គេថា សកម្មភាពហ្នឹង វាអាចបង្កប៉ះពាល់ដល់សណ្ដាប់សាធារណៈ។ លើកឡើងអញ្ចឹង គេរឹតត្បិតសកម្មភាពមិនឲ្យ​ធ្វើ

មន្ត្រី​សម្របសម្រួលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហ៊ុន ស៊ាងហាក់

VOD បានទាក់ទងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ប៉ុន្ដែ លោកថា ជាប់រវល់ប្រជុំ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលរបាយការណ៍របស់អង្គការក្នុងស្រុកទាំងនេះ​ថា មិនឆ្លុះបញ្ចាំងការពិត​ និងថា កម្ពុជាមិនត្រូវបានអង្គការសហប្រជាជាតិ ដាក់បញ្ចូលក្នុងប្រទេសដែលរំលោភសិទ្ធិមនុស្សនោះឡើយ។

​របាយការណ៍ស្ដីពីបញ្ហាសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់ក្រុមអង្គការក្នុងស្រុកទាំងនេះ បាន​លើកឡើងប្រហាក់ប្រហែលគ្នានឹងរបាយការណ៍ដែលរកឃើញដោយក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិដទៃទៀត ដូចជា អង្គការសិទ្ធិមនុស្សអន្ដរជាតិ Human Rights Watch អង្គការលើកលែងទោសអន្ដរជាតិ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការដែលធ្វើការលើផ្នែកសេរីភាពសារព័ត៌មាន។

ចំណែកអ្នករាយការណ៍ពិសេស​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​កម្ពុជា លោកស្រី រ៉ូណា ស្មីត កាលពីថ្ងៃទី៧ខែកញ្ញាកន្លងទៅនេះ បានដាក់របាយការណ៍មួយបន្ថែមទៀតស្ដីពីបញ្ហាសិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា ជូនទៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកំពុងរៀបចំកិច្ចប្រជុំចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី២៨ខែ​កញ្ញា​នេះ។

ក្នុងរបាយការណ៍បន្ថែមនោះ លោកស្រី រ៉ូណា ស្មីត រកឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនីតិកាលទី៦ កាលពីថ្ងៃទី២៩កក្កដាកន្លងទៅ គឺពោរពេញដោយរឹតត្បិត និងបង្ខិតបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោត ការយាយីក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន និងការរារាំងអតីតគណបក្សប្រឆាំងដ៏ធំមួយមិនឲ្យចូលរួមបោះឆ្នោតជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ