អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បានផ្ញើសារនយោបាយបង្ហាញការព្រួយបារម្ភថា សុវត្ថិភាពរបស់លោក កឹម សុខា កំពុងស្ថិតក្នុងចំនុចគ្រោះថ្នាក់ ពីមេដឹកនាំបក្សកាន់អំណាច និងជំរុញឲ្យសហគមន៍អន្តរជាតិជួយតាមឃ្លាំមើល ប៉ុន្តែមន្ត្រីបក្សកាន់អំណាចច្រានចោលការចោទប្រកាន់នេះ។
លោក កឹម សុខា ពេលនេះកំពុងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនៅក្នុងផ្ទះ ក្រោយពីតុលាការបង្គាប់ឲ្យឃុំខ្លួននៅពន្ធនាគារ អស់ជាង១ឆ្នាំរួចមក នូវអ្វីដែលរដ្ឋាភិបាលចោទថា«ក្បត់ជាតិ» ។
លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២០ខែកញ្ញា បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក ដោយប្រើពាក្យធ្ងន់ៗនិងចោទប្រកាន់ចំៗថា លោក កឹម សុខា ពេលនេះក្លាយទៅជាចំណាប់ខ្មាំងរបស់លោក ហ៊ុន សែន ចាំបាច់ ត្រូវតែដោះលែង លោក កឹម សុខា ជាបន្ទាន់ ពីក្រញ៉ាំលោក ហ៊ុន សែន។
លោក សម រង្ស៊ី បន្តទៀតថា លោក ហ៊ុន សែន កំពុងរកមធ្យោបាយគ្រប់យ៉ាងកម្ចាត់លោក កឹម សុខា តាមផ្លូវកាយ តាមផ្លូវចិត្ត និងផ្លូវងងឹត ដើម្បីបានបន្តគ្រប់គ្រងអំណាច ។
មេដឹកនាំនីរទេសខ្លួនរូបនេះ អះអាងទៀតថាការវិភាគរបស់លោក គឺចង់ប្រាប់ពិភពលោកថា គ្រោះថ្នាក់ណាមួយកើតឡើងចំពោះលោក កឹម សុខា កើតចេញលោក ហ៊ុន សែន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ហៅការលើកឡើងរបស់លោក សម រង្ស៊ី នេះថាវប្បធម៌លាភពណ៌ ដើម្បីទម្លាក់កំហុសដាក់បក្សកាន់អំណាច ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន
ទោះជាយ៉ាងណា ការបន្តឃុំខ្លួនលោក កឹម សុខា បែបនេះ បានទទួលរងការថ្កោលទោសពីសហគមន៍អឺរ៉ុប ដែលកាលសប្ដាហ៍មុន បានទាមទារទៅរដ្ឋាភិបាលកម្ពុជាឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំងរូបនេះ និងបានព្រមានអំពីវិធានការបន្ថែមទៀតប្រឆាំងនឹងកម្ពុជា ក្នុងនោះមានទាំងការរឹតត្បិតទិដ្ឋាការលើបុគ្គលមានអំណាចនៅកម្ពុជា និងការពិចារណាលើការផ្អាកប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញនាំចេញពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។
អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី និយាយថា បច្ចុប្បន្ននេះ បក្សកាន់អំណាចកំពុងប្រើគ្រប់មធ្យោបាយច្រានបក្សប្រឆាំងកុំឲ្យងើបរួច រីឯបក្សប្រឆាំងវិញ កំពុងប្រឹងងើបតាមរយៈរកអន្តរាគមន៍ ពីក្រុប្រទេសលោកសេរី។
ប៉ុន្តែអ្នកវិភាគរូបនេះ ពន្យល់ថា អ្វីដែលអ្នកនយោបាយខ្មែរត្រូវធ្វើ គឺ ការផ្សះផ្សារជាតិ ជំរុញដំណើរការប្រជាធិបតេយ្យ ដើម្បីបញ្ចៀសទណ្ឌកម្ម ពីសហគនម៍អន្តរជាតិ
អ្នកវិភាគនយោបាយលោក បណ្ឌិត មាស នី
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ដាក់ឃុំក្នុងពន្ធនាគារអស់រយៈពេលជាង ១ឆ្នាំ នៅក្រោមអ្វីដែលរដ្ឋាភិបាលចោទ «ក្បត់ជាតិ» ពាក់ព័ន្ធទៅនឹងការថ្លែងរបស់លោកនៅប្រទេសអូស្រ្តាលីកាលពីឆ្នាំ២០១៣កន្លងមក។