នាយក​វិទ្យាល័យ​ស៊ីសុវត្ថិ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​បន្ទាប់​ពី​ជាប់​ជា​នាយក​សាលា​ជាថ្មី​

នាយក​វិទ្យាល័យ​ស៊ីសុវត្ថិ​ លោក មូល ស៊ុយហេង (រូបភាព៖ ហ្វេសប៊ុក Mey Tinika គ្រូបង្រៀននៅវិទ្យាល័យស៊ីសុវត្ថិ)

នាយក​វិទ្យាល័យ​ស៊ីសុវត្ថិ​ដែល​ត្រូវ​បាន​ក្រុម​គ្រូ​បង្រៀន​សាលា​នេះ​ទាមទារ​ទៅ​ក្រសួងអប់រំ​ឲ្យ​មក​កាន់​ការងារ​ជា​នាយក​សាលា​វិញ​នោះ ត្រូវ​បាន​ក្រសួង​អប់រំ​តម្រូវ​ឲ្យ​សង​លុយ​រដ្ឋ​ដែល​បាត់​បង់​ក្រោម​ការ​ដឹក​នាំ​របស់​លោក និង​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​ផង​ដែរ។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មានចុះ​ថ្ងៃ​ទី​ ២០ កញ្ញា​​​ឆ្នាំ២០១៨ ម្សិល​មិញ​ក្រសួង​អប់រំ​បាន​លើក​ឡើង​ថា វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ មូល ស៊ុយហេង បាន​កើត​មាន​បញ្ហា​អសកម្ម​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់​គ្រង ការងារ​រដ្ឋ​បាល ការ​រៀន និង​បង្រៀន និង​ការ​ប្រើប្រាស់​ថវិកា​សាលារៀន ទាំង​ថវិកា​រដ្ឋ និង​ថវិកា​ដៃគូ​អភិវឌ្ឍ។ ដោយ​មូលហេតុ​នេះ​ហើយ​ទើប​ក្រសួង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​លោក​ទៅ​កាន់​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះ​ដឹង​ទូទៅ​វិញ​ តែ​ធ្វើ​ឲ្យ​ក្រុម​គ្រូ​បង្រៀន​នៅ​សាលា​នេះ​តវ៉ា។

ក្នុង​លិខិត​នោះ​សរសេរ​ថា៖

ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក​ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សន្សំ​ថវិកា​ក្រសួង និង​បើក​ផ្ដល់​ថវិកា​ប្រមាណ ១លានដុល្លារ ជូន​ដល់​គ្រួសារ​គ្រូបង្រៀន​ដែល​ធ្លាប់​រស់​នៅ​ក្នុង​បរិវេណ​សាលា​នេះ ដើម្បី​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ទិញ​ផ្ទះ​សម្បែង​ខ្លួន​ឯង​បាន។ បន្ទាប់​មក​ទៀត​ ក្រសួង​បាន​ចំណាយ​ថវិកា​ជា​ច្រើន​ ដើម្បី​ជួសជុល​អាគារ​សិក្សា សាង​សង់​ទី​លាន​បាល់​បោះ និង​បាល់​ទះ ដើម្បី​កែលំអ​សោភ័ណ​​ភាព​សាលា​ឲ្យ​បាន​ស្អាត ឲ្យ​សម​ជា​បេតិកភណ្ឌ​ជាតិ និង​ជា​កេរ្តិ៍​ដំណែល​​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ដែល​ត្រូវ​អភិរក្ស។ ថ្វី​ត្បិត​តែ​ ក្រសួង​បាន​ចំណាយ​ថវិកា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ក៏​ដោយ​ ក៏​ការ​គ្រប់​គ្រង​របស់​លោក​នាយក​នៅ​តែ​មាន​ភាព​ធូរ​រលុង​ ស្ថានភាព​អនាម័យ​មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​ ជា​ពិសេស​នៅ​ក្នុង​ថ្នាក់​រៀន​នៃ​កម្ម​វិធី​ធម្មតា

ដោយសារ​លោក​ មូល ស៊ុយ​ហេង ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​គ្រូ​បង្រៀន​នេះ​ជា​នាយក​បន្ត​ទៀត​នោះ​ ក្រសួង​ក៏​បាន​សម្រេច​តាម​ការ​ចង់​បាន​របស់​ក្រុម​គ្រូ​បង្រៀន​ តែ​តម្រូវ​ឲ្យ​លោក​ មូល ស៊ុយ​ហេង ​សង​លុយ​រដ្ឋ​វិញ និង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ផង​ដែរ។ ខណៈ​ក្រសួង​នឹង​បង្កើត​ក្រុម​ប្រឹក្សា​ភិបាល​មួយ​បន្ថែម​ពី​លើ​នាយក​សាលា​ទៀត​ដើម្បី​ដឹក​នាំ​សាលា​ផង​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​លោក ឌី ខាំប៉ូលី បាន​ឲ្យ​VOD ដឹង​ថា​ ការ​តម្រូវ​របស់​ក្រសួង​នៅ​ពេល​នេះ​គឺ​ ​គ្រាន់​តែ​ជា​ការ​រក​ឃើញ​បឋម​ប៉ុណ្ណោះ​ ដែល​មិន​ទាន់​អាច​មាន​វិធាន​ការ​លើ​លោក មូល ស៊ុយហេង​ បាន​នៅ​ឡើយ​ ទោះ​ជា​យ៉ាង​ណា​ក្រសួង​កំពុង​ពិនិត្យ​បន្ថែម​ពី​ករណី​ទាំង​នេះ​ចំពោះ​នាយក​សាលា​រូប​នោះ​ផង​ដែរ។

មក​ដល់​ពេល​នេះ​មិន​ទាន់​ដល់​ចុង​ក្រោយ​នៅឡើយ​ទេ​ នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ពិនិត្យ​មើល​ធ្វើ​សវនកម្ម​ និង​ការ​ធ្វើ​អធិការកិច្ច អញ្ចឹង​យើង​មិន​អាច​ទៅ​ដាក់​ទោស​អ្នក​ណា​ម្នាក់​ដែល​មិន​ទាន់​ត្រូវ​បាន​កំណត់​​ជា​ចុងក្រោយ​នៅឡើយ​ទេ។ […] មានភាព​មិន​ប្រក្រតី​នៃ​ការ​គ្រប់​គ្រង​ថវិកា​សាលា​រៀន​នេះ​ជា​ការ​រក​ឃើញ​បឋម​ដូច​ដែល​មាន​ក្នុង​សេចក្ដី​ប្រកាសព័ត៌មាន​អញ្ចឹង​

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​លោក ឌី ខាំប៉ូលី

ទោះ​ជា​យ៉ាង​ណា​លោក​ ឌី ខាំ​ប៉ូលី មិន​ទាន់​អាច​បញ្ជាក់​បាន​ទេ​ថា​តើ​ទឹក​ប្រាក់​តម្លៃ​ប៉ុន្មាន​ដែល​ក្រសួង​តម្រូវ​ឲ្យ​លោក មូល ស៊ុយ​ហេង ​​សង​ត្រលប់​មក​ក្រសួង​វិញ​នោះ ដោយ​ថា​រង់​ចាំ​ការ​ពិនិត្យ​ពី​ក្រុម​អធិការ​កិច្ច​ជា​មុន​សិន។

VOD មិន​អាច​ទាក់ទង​នាយក​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​លោក មូល ស៊ុយហេង បាន​នៅឡើយ​ទេ​ដោយ​ទូរសព្ទ​លោក​ចុច​ចូល​តែ​គ្មាន​អ្នក​លើក​ទូរសព្ទ។

ប្រធាន​ឯកទេស​រូបវិទ្យា​ថ្នាក់​ទី៩ នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​លោកគ្រូ ហ៊ួត ប៊ុនហ៊ាង ដែល​គាំទ្រ​លោក​នាយក​សាលា​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​តម្រូវ​ឲ្យ​លោក​ មូល ស៊ុយ​ហេង​​​​ សងប្រាក់វិញនោះ​ទេ ដោយ​ជឿ​​ថា​លោក​មូល ស៊ុយ​ហេង​ នឹង​សង​ប្រាក់​ទាំង​នោះ។

ខ្ញុំ​យល់​ថា​កាល​ណា​គេ​ទារ​ឲ្យ​សង គឺ​ដំណាក់កាល​ទី​មួយ​យើង​ក៏​សង​ឲ្យ​គេ ហើយ​បើ​លុយ​ហ្នឹង​បាត់​ហើយ​គេ​ថា​សង​ហើយ តើ​ព្រហ្មទណ្ឌ​មាន​ទៀត​ឬ​អត់​ព្រោះ​ក្នុង​នោះ​មិន​កំណត់​ថា​មាន​មិន​មាន​ទេ គ្រាន់​តែ​កំណត់​ថា​អាច​ជាប់​ទោស​ព្រហ្មទណ្ឌ

ប្រធាន​ឯកទេស​រូបវិទ្យា​ថ្នាក់​ទី៩ នៃ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​លោកគ្រូ ហ៊ួត ប៊ុនហ៊ាង

ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​ឯក​រាជ្យ​លោក រ៉ុង ឈុន លើក​ឡើង​ថា​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ ក្រសួង​​អប់រំ​ហាក់​គ្មាន​ភាព​ប្រាកដប្រជា​នោះ​ទេ​ចំពោះ​ចំណាត់​ការ​លើ​លោក​ មូល ស៊ុយហេង ដោយ​លោក​ដាក់​ការ​សង្ស័យ​ទៅ​លើ​ទំនោរ​នយោបាយ​ច្រើន​ជាង។

ក្រែង​ល នាយក​ហ្នឹង​មិន​បាន​ផ្គាប់ផ្គុន​ទៅ​ថ្នាក់​ដឹក​នាំ​ខាងលើ​អី​ទៅ ដែល​ធ្វើ​ឲ្យ​ថ្នាក់​ខាង​​លើ​មិន​សូវ​សប្បាយចិត្ត ឬ​មួយ​ធ្វើ​ការ​ងារ​បក្ស​មិន​បាន​ពេញ​លេញ​អី​អញ្ចឹង​ទៅ​ ធ្វើ​ឲ្យ​ខាង​លើ​មិន​សប្បាយ​ចិត្ត​ បាន​នឹង​ទទួល​ការ​ដក​ដូរ​អី​សព្វ​បែបយ៉ាង​អញ្ចឹង​ទៅ។ ពីព្រោះ​បញ្ហា​ហ្នឹង​កើត​មាន​ច្រើន​ដែល​យើង​ធ្លាប់​ធ្វើ​ការ​ក្នុង​វិស័យ​អប់រំ យើង​ដឹង​ហើយ​ថា​អ្នក​មិន​សកម្ម​ការងារ​បក្ស​អ្នក​ហ្នឹង​នឹង​ត្រូវ​មាន​ការ​​ប្រឈម​

ទីប្រឹក្សា​សមាគម​គ្រូ​បង្រៀន​ឯក​រាជ្យ​លោក រ៉ុង ឈុន

ក្រុម​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ បាន​ប្រមូល​ផ្ដុំ​តវ៉ា​ចាប់​តាំង​ពី​ដើម​សប្ដាហ៍​​នេះ ដោយ​ជំទាស់​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​នាយក​គ្រប់​គ្រង លោក មូល ស៊ុយហេង និង​ការ​ដាក់​បញ្ចូល​កម្មវិធី​អប់រំ​ថ្មី​របស់​ក្រសួង​នៅ​ក្នុង​សាលារៀន​​មួយ​នេះ តែ​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​កាលពី​ម្សិលមិញ​ដោយ​មាន​ការ​សម្របសម្រួល​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក ហង់ ជួនណារ៉ុន។​

​នាយក​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​លោក មូល ស៊ុយហេង បាន​កាន់​តួនាទី​ជា​នាយក​វិទ្យាល័យ​នេះ​អស់​រយៈពេល​១០​ឆ្នាំ​មក​ហើយ​ បន្ទាប់​ពី​លោក​ត្រូវ​បាន​តែងតាំង​ជា​នាយក​សាលា​នេះ​នៅឆ្នាំ​២០០៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ