កម្មករបម្រើការងារនៅរោងចក្រ លីដា ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលថា ថៅកែរត់ចោលដោយមិនបើកប្រាក់ឈ្នួលឲ្យពួកគេនោះបាននាំគ្នាដេកយាមមុខរោងចក្ររង់ចាំដំណោះស្រាយពីក្រសួងការងារ។
ក្រុមកម្មករមួយចំនួនបម្រើការងារនៅរោងចក្រ លីដា ស្ថិតក្នុងភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ បានផ្តុះការតវ៉ា និងដេកយាមមុខរោងចក្រតាំងពីថ្ងៃទីថ្ងៃទី១០កញ្ញា ក្រោយដឹងថា ថៅកែរត់ចោលដោយមិនទូទាត់ប្រាក់សំណងជូនពួកគេ។
កម្មករម្នាក់លោក លី សំណាង ប្រាប់វីអូឌី ថារហូតមកដល់ថ្ងៃនេះ ក្រុមកម្មករមិនទទួលបានសំណងនៅឡើយទេ ខណៈមន្រ្តីក្រសួងសន្យាពន្លឿនដំណោះស្រាយ។
លោកបន្តថា ការអូសបន្លាយក្នុងការផ្តល់សំណងនេះបានធ្វើឲ្យរូបគាត់ និងកម្មករផ្សេងទៀតជួបការលំបាកច្រើនដូចជាគ្មាន លុយបន្ទប់ជួល និងសម្រាប់ចាយវាយប្រចាំថ្ងៃជាដើម។
កម្មករម្នាក់លោក លី សំណាង
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប្រាប់វីអូឌីតាមប្រព័ន្ធ WhatsApp ថា ក្រសួងការងារកំពុងដំណើរដោះស្រាយករណីនេះ ដោយសន្យាថា នឹងផ្តល់សំណងផ្ទាល់ឲ្យបានមុនពេលភ្ជំបិណ្ឌខាងមុខ។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ
ក្រុមកម្មករឲ្យដឹងថា រោងចក្រ លីដា មានកម្មករជាង២៥០នាក់ និងមានថៅកែជាជនជាតិចិន ហើយថា ថៅកែរោងចក្រនេះ ជំពាក់ប្រាក់ឈ្នួលកម្មករ១ខែ១០ថ្ងៃដោយគិតជាទឹកប្រាក់ម្នាក់ចម្លោះ៣០០ដុល្លារទៅ៥០០ដុល្លារ៕