IMF៖ ប្រមាណ ​៥​ឆ្នាំ​ទៀត​ សេដ្ឋកិច្ច​កម្ពុជា​អាច​ថយ​ចុះ​ជាង ១​ភាគរយ

ស្ថានភាពចរាចររបស់ពលរដ្ឋ នៅតាមបណ្ដោយផ្លូវមុខទីស្ដីការគណរដ្ឋមន្ត្រី ក្រុងភ្នំពេញ។ (រូបភាព៖ ជន ចាន់រ៉ែន)

មូលនិធិ​រូបិយប័ណ្ណ​ពិភពលោក​ ហៅ​កាត់​ថា​ IMF បាន​ព្យាករណ៍​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រឹង​មាំ​ដដែល ជាមួយ​កំណើន​ក្នុង​រង្វង់ ៧​ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​​ឆ្នាំ​ខាង​មុខ​ទៀត ប៉ុន្តែ ក៏​បាន​ព្រមាន​ផង​ដែរ​អំពី​ការ​ធ្លាក់​ចុះបន្តិច​មក​វិញ នៅ​រយៈ​ពេល ៥​ឆ្នាំ​ខាង​មុខ ដោយសារ​តែ​ការ​ថយ​ចុះ​កំណើន​ក្នុង​វិស័យ​មួយ​ចំនួន។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​០២ តុលា IMF បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​​មាន​កំណើន​​ខ្លាំង​ឆ្ពោះ​ទៅ​រក​ស្ថេរភាព ​ខណៈ​​កំណើន​ប្រាក់​ចំណូល​បាន​កើន​ខ្ពស់​ ​ភាព​ក្រី​ក្រ​បាន​ធ្លាក់​​ចុះ ​ហើយ​សេដ្ឋ​កិច្ច​ចាប់​ផ្ដើម​ធ្វើ​ពិពិធ​កម្ម​ជា​សន្សឹម​ៗ ឬ​មាន​ចាប់​ផ្ដើម​ងបង្កើត​មាន​ភាព​ចម្រុះ​បែប។

IMF បាន​លើក​ឡើង​បន្ថែម​ថា ​កំណើន​ខ្ពស់​បែប​នេះ ​ដោយសារ​តែ​កំណើន​តម្រូវ​ការ​ខាង​ក្រៅ ​និង​ការ​ពង្រីក​គោល​នយោបាយ​សារពើពន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា។

ទោះ​ជា​យ៉ាង​ណា ​IMF បាន​ព្រមាន​ផង​ដែរ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា អាច​ថយ​ចុះ​ជាង​ ១ភាគរយ ឬ​មាន​កំណើន​ត្រឹម​ ៦ភាគរយ​វិញ​ ដោយសារ​ការ​ថយ​ចុះ​នៃ​កំណើន​​ផលិតភាព​ ភាព​ចាស់​ទុំ​នៃ​ឥណទាន និង​អចលនទ្រព្យ។

​​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​កត់ត្រា​ថា មាន​កំណើន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ។

របាយការណ៍​ឆ្នាំ២០១៧ របស់​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​អនុម័ត​លើ​គម្រោង​សាងសង់​សរុប​ចំនួន ៣ ៤១៨​គម្រោង ឬ​ទំហំ​​វិនិយោគ​ក្នុង​វិស័យ​សំណង់ បាន​កើន​ឡើង​រហូត​ដល់​ ៦.៨ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ