អ្នកនាំពាក្យ CPP៖ EU ដកប្រព័ន្ធអនុគ្រោះពន្ធមិនមានបញ្ហាអ្វីដល់កម្ពុជាទេ

លោក ឈម ផលវរុន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា(រូបពី វិទ្យុអាស៊ីសេរី)

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថា បើទោះជាសហភាពអឺរ៉ុបសម្រេចដកឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ ក៏មិនមានបញ្ហាអ្វីប៉ះពាល់ដល់កម្ពុជានោះទេដោយថា នោះគ្រាន់តែជាកិច្ចព្រមព្រៀងនៃការធ្វើពាណិជ្ជកម្ម តែប៉ុណ្ណោះ។​

ថ្លែប្រាប់ VOD នៅព្រឹកនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍ថា ចំណាត់ការរបស់សហភាពអឺរ៉ុបដែលចង់ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធហៅកាត់ថា EBA នោះ ជាសិទ្ធិរបស់សភាពអឺរ៉ុប ដោយថា នេះជារឿងពាណិជ្ជកម្មនិងការអភិវឌ្ឍ ហើយមិនមានប្រទេសណាសង្កត់ប្រទេសណាទេ។

លោក ឈឹម ផលវរុណ មានប្រសាសន៍ថា «ជាសិទ្ធិរបស់EU! ហើយមកដល់ពេលនេះគេអត់ទាន់សម្រេចអីក៏ជាសិទ្ធិរបស់EU ហើយបើគេសម្រេចក៏ជាសិទ្ធិរបស់EU ឯកម្ពុជាជាសិទ្ធិរបស់កម្ពុជា។ ឯរឿងអនុគ្រោះពន្ធគឺជារឿងរកស៊ីទៅវិញទៅមក ពាណិជ្ជកម្មនិងការអភិវឌ្ឍ។ បើសិនជាយើងអាចត្រូវគ្នាក្នុងការធ្វើពាណិជ្ជកម្មនិងដើម្បីអភិវឌ្ឍន៍ អាហ្នឹងគឺយើងបន្តធ្វើជាមួយគ្នាទៅ ហើយបើយើងយល់ឃើញខុសគ្នាអាហ្នឹងយើងបែរខ្នងដាក់គ្នាទៅ អាហ្នឹងវាមានបញ្ហាអី? កិច្ចសហប្រតិបត្តិការវាតែប៉ុណ្ណឹង តែមិនអាចប្រទេសណាមកសង្កត់ប្រទេសដទៃទេ វាអត់មានទេលើពិភពលោកយើងនេះ វាចប់អស់ហើយក្រោយពីសង្គ្រាមត្រជាក់មក បាទ!»

កាលពីម្សិលមិញ គណៈកម្មការអឺរ៉ុបប្រកាសពីដំណើរការនីតិវិធីក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជា និង មីយ៉ាន់ម៉ាដោយលើកហេតុផលថា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

គណៈកម្មការអឺរ៉ុបបានលើកឡើងពីបញ្ហានៅក្នុងប្រទេសកម្ពុជាថា មួយរយៈចុងក្រោយនេះមានការធ្លាក់ចុះខ្លាំងការគោរពសិទ្ធិមនុស្ស និង សិទ្ធិការងារ។​  អឺរ៉ុប ក៏បានលើកឡើងថា ការបោះឆ្នោតកាល ពីខែកក្កដា មានការបំភិតបំភ័យផងដែរ។

សេចក្តីប្រកាសនេះ បញ្ជាក់ថា ប្រទេសទាំងពីរមិនបានប្រឹងប្រែងធ្វើឲ្យមានភាព ប្រសើរឡើងទេ បើទោះបីជាគណៈកម្មការស្វែងរកការពិតរបស់អឺរ៉ុបស្រាវជ្រាវហើយផ្តល់ អនុសាសន៍ឲ្យមានការកែប្រែក៏ដោយ។​

ទោះយ៉ាងណាអឺរ៉ុបបញ្ជាក់ថា នៅមិនទាន់ដល់ដំណាក់កាលដាច់ខាតនោះទេ គឺនៅតែបើក ផ្លូវក្នុងការចរចាជាមួយប្រទេសទាំងពីរនេះ។​

អត្ថបទទាក់ទងEU ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធលើកម្ពុជានិងមីយ៉ាន់ម៉ា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ