កម្ពុជាស្នើឱ្យប្រតិភូ IPU មកពិនិត្យស្ថានភាពពិតម្តងទៀត ប៉ុន្តែ​​មិនឱ្យជួបលោក កឹម សុខា

លោក កឹម សុខា នាពេលកន្លងទៅ

សហភាពអន្តរសភា ថា​នឹងបញ្ជូនគណៈប្រតិភូរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យមើលភាពជាក់ស្តែងជាថ្មីម្តងទៀត ប្រសិនអាជ្ញាធរកម្ពុជាអនុញ្ញាតឲ្យ​​ពួកគេបានជួបជាមួយ អតីតមេបក្សសង្រ្គោះជាតិ លោក កឹម សុខា។

យោងតាមលិខិតសេចក្តីសម្រេចរបស់សហភាពអន្តរសភាហៅកាត់ថា​ IPU ដែល​ចេញ​កាលពីម្សិលមិញ តំណាង​កម្ពុជាបាន​អញ្ជើញប្រតិភូ IPU មកកម្ពុជាម្តងទៀត ដើម្បីពិនិត្យមើលភាពជាក់ស្តែង និងស្ថានភាពពិតប្រាកដ ប៉ុន្តែមិនអនុញ្ញាតឱ្យជួបអតីតប្រធាន​គណបក្សសង្រ្គោះជាតិឡើយ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង មានប្រសាសន៍ថាខាងលោកនៅមិនទាន់ទទួលបានព័ត៌មានស្តីពីការអញ្ជើញគណៈប្រតិភូ​សភាពអន្តរសភា មកកម្ពុជានៅឡើយទេ។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង

លោក មានប្រសាសន៍បែបនេះថា៖ «ខ្ញុំអត់មានដឹងអំពីបញ្ហាហ្នឹងទេ។ អាបញ្ហាហ្នឹងខ្ញុំអត់មានបានទទួលព័ត៌មានសោះ។ គណៈប្រតិភូកម្ពុជា មិនបានជូនដំណឹងប្រាប់ខ្ញុំថា គាត់អញ្ជើញទេ អត់មានប្រាប់»។

កិច្ចប្រជុំគណៈកម្មការសិទ្ធិមនុស្សរបស់សភាពអន្តរសភាលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានលើកឡើងពីការរំលោភសិទ្ធិមនុស្ស ការធ្វើទុក្ខបុកម្នេញគណបក្សសង្រ្គោះជាតិ រហូតឈានដល់ការរំលាយបក្សប្រឆាំងមួយនេះទាំងស្រុងកាលពីចុងឆ្នាំ២០១៧ ដែល​ធ្វើឱ្យប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជាកាន់តែធ្លាក់ចុះ។

​​​​​អ្នកជំនាញផ្នែកគោលនយោបាយ និងកិច្ចការពិភព​លោកនៅមហាវិ​ទ្យា​ល័​យ Occ​idental សហរដ្ឋ​អា​មេ​​រិក លោក អ៊ា សុផល មានប្រសាសន៍ថាវាមិនមែន​ជារឿងដែល​​ភ្ញាក់ផ្អើលនោះទេ​ ដែលគណៈប្រតិភូ IPU ត្រូវបានរដ្ឋាភិបាលកម្ពុជាបដិសេធមិនឱ្យជួបអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ។ លោកថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា​មិនមានអ្វីដែលត្រូវលាក់បាំងទេ មិនគួរហាមឃាត់ប្រតិភូ IPU ក្នុងការជួបជាមួយ លោក កឹម សុខា ឡើយ។ ​លោកបន្តថា ករណីលោក កឹម សុខា អាចមិនមែនជាការឃុំខ្លួនក្នុងផ្ទះ ហើយបើគាត់ត្រូវបានឃុំខ្លួននៅផ្ទះ ហេតុអ្វីគណៈប្រតិភូ IPU មិនអាចជួបសួរសុខទុក្ខបាន។ លោកកត់សម្គាល់ថា នៅប្រទេសមីយ៉ាន់ម៉ា ករណីឃុំខ្លួនអ្នកស្រី អង់សាន ស៊ូជី ក្នុងផ្ទះ រដ្ឋាភិបាលប្រទេសនេះក៏បានអនុញ្ញាតឱ្យអ្នកស្រី អាចជួបសួរសុខទុក្ខជាមួយភ្ញៀវរបស់គាត់បានដែរ។

អ្នកជំនាញដដែល យល់ថាករណីនេះនឹងធ្វើឱ្យពិភព​មើលឃើញប្រទេសកម្ពុជាក្នុងស្ថានភាពមួយ​កាន់តែអាក្រក់ថែមទៀត ហើយកម្ពុជា​ដូចជាកំពុងជីកកប់​ខ្លួន​ឯងយ៉ាងដូច្នេះដែរ។

លោកបន្ថែម​ថា​៖«កុំ​ដូច​កង្កែបក្នុងអណ្ដូង​ពេកដែល​គិត​ថា​ពិភព​លោក​ទាំងមូលហ្នឹង​ជារបស់​ខ្លួន​តែម្នាក់​នោះ​។ វា​មាន​​សហភាពអន្តរសភា IPU និង​សហគមន៍អឺរ៉ុប​ រួម​ទាំងពិភពលោក​ទាំងមូល​កំពុង​មើល​[…]»។

​កាលពីខែកុម្ភៈ ឆ្នាំ២០១៦ គណៈប្រតិភូរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា IPU  ​បានមកធ្វើទស្សនកិច្ចនៅកម្ពុជារយៈពេល៥ថ្ងៃម្តងរួចមកហើយ។ ការអញ្ជើញមករបស់គណៈប្រតិភូIPU ពេលនោះ គឺដើម្បីពិនិត្យនិងស៊ើបអង្កេត​ពីស្ថានការនយោបាយនៅកម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ