អ្នកបញ្ជាទិញស្នើជាថ្មីឱ្យលោក ហ៊ុន សែន​ ខិតខំរក្សាប្រព័ន្ធអនុគ្រោះពន្ធ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី នៅឆ្នាំ២០១៧។ រូបភាព៖ ជន ចាន់រ៉ែន

ម្ចាស់​ម៉ាក និង​អ្នក​បញ្ជា​ទិញចំនួន២០ស្ថាប័ន​បាន​បន្ត​លើក​ឡើង​ពី​ក្ដី​បារម្ភ​របស់​ពួក​គេ​ពី​ផល​ប៉ះពាល់​នៃ​ការ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​GSP ហើយ​ស្នើ​ដល់​​លោក​ហ៊ុន សែន ឲ្យ​ងាក​មក​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២ ឧសភា ដែល​VOD ទទួល​បាន​ម្ចាស់​ម៉ាក់​ធំៗ​ចំនួន​២០ ដែល​រួម​មាន​Adidas Gap Nike New balance ជា​ដើម​បាន​ស្នើ​ទៅ​លោក​ហ៊ុន សែន បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​សហជីព និង​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​យ៉ាង​ណា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ឲ្យ​បាន​។

ពួកគេ​សរសេរ​ថា៖ « ពួក​យើង​ព្រួយ​បារម្ភ​ពី​បញ្ហា​ការងារ និង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​បង្ក​ហានិភ័យ​ទៅ​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​នេះ » ។

ឆ្លើយទៅនឹងសំណួរ VOD តាមសារអេឡិចត្រូនិក WhatsApp អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ អរគុណចំពោះក្ដីបារម្ភរបស់ម្ចាស់ម៉ាក់ តែធាតុពិតកម្ពុជាបានដើរលើសពីអ្វីដែលម្ចាស់ម៉ាកចង់បានរួចទៅហើយ។

លោកថា៖ « យើងជូនម្ចាស់ម៉ាកនានាជាថ្មីម្តងទៀតនូវរបាយការណ៍បច្ចុប្បន្នភាពរបស់កម្ពុជា និងបានផ្ទៀតផ្ទាត់ជាមួយរបាយការណ៍ប្រចាំឆ្នាំរបស់គំរោងរោងចក្រ់កានតែប្រសើរនៅកម្ពុជារបស់អង្គការ ILO-BFC ក៏ដូចជាផែនការសកម្មភាពដែលមាននៅក្នុងផែនទីចង្អុលផ្លូវរបស់បេសកម្មផ្ទាល់របស់អង្គការ ILO។ អ្វីដែលមាននៅក្នុងឯកសារទាំង៣នេះគឺឆ្លើយតបនឹងអ្វីដែលម្ចាស់ម៉ាកចងឃើញទាំងអស់ហើយ។ យើងមានសុទិដ្ឋិនិយមនិងជឿជាក់លើវិជ្ជាជីវៈ និងបច្ចេកទេសប្រៀបធៀបរបស់ម្ចាស់ម៉ាកនានា » ។

​កាល​ពី​ដើម​ឆ្នាំ​២០១៩​នេះ​លោក ហ៊ុន សែន បាន​ប្រកាស​ពី​យុទ្ធនាការ​ពង្រឹង​ឯករាជ្យ​ភាព​របស់​កម្ពុជា​តាម​រយៈ​វិធាន​ការ​ជួយ​ដល់​ធុរកិច្ច​មួយ​ចំនួន ដែល​លោក​ថា​បើ​ទោះ​បី​ជា​គ្មាន​ឬ​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក៏​កម្ពុជា​នៅ​តែ​ទៅ​មុខ។

​ក្នុង​វេ​ទិ​ការដ្ឋាភិបាល​និង​វិស័យ​ឯកជន​ កាល​ពី​ថ្ងៃ​ទី​២៩ មីនា​កន្លង​ទៅ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជា​ក់​នៅ​ចំពោះ​មុខ​អ្នក​រកស៊ី​នៅ​ស្រុក​ខ្មែរ​ទាំង​អស់​ថា​ កម្ពុជា​នឹង​សម្រេច​គោលដៅ ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០ខាងមុខ​ ទោះ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ក៏​ដោយ ​។

លោក​ថា៖ «បើ​ទោះបី​ជា​ត្រូវ​រឹត​ក្រមា​នឹង​ចង្គេះ ដើម្បី​ស៊ី​ឲ្យ​តិច​ក៏​ត្រូវតែ​ធ្វើ​ដែរ ក៏​ត្រូវតែ​រឹត​ដែរ ដើម្បី​ការពារ​ឯករាជ្យ​របស់​ប្រទេស។ បើ​នរណា​មួយ​ហ៊ាន​ឱន​ក្បាល​លិឍ​ជើង​គេ ដើម្បី​ទទួល​បាន​ភាព​អនុគ្រោះ​មិនបាច់​ធ្វើ​មេ​ដឹក​នាំ​គេ​ទេ»។

EBAគឺជាប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ចំណែក​GSP គឺជាប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក។​ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធទាំងពីរដែលតម្រូវឱ្យគោរពលក្ខខណ្ឌ គោរពសិទ្ធិមនុស្ស និងអនុវត្តន៍ការដឹកនាំតាមបែបប្រជាធិបតេយ្យ។​ ប៉ុន្តែក្រោយកម្ពុជាមានជម្លោះនយោបាយមួយរយៈចុងក្រោយនេះ ទាំងអាមេរិក និងអឺរ៉ុប ប្រកាសពីវិធានការដកប្រពន្ធអនុគ្រោះពន្ធវិញ។​

សហភាព​អឺរ៉ុប​ កាលពី​ខែកុម្ភៈ ​ឆ្នាំ២០១៩នេះ​ បាន​ប្រកាស​រាប់​ថ្ងៃ​ថយក្រោយ​​លើ​វិធានការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម EBA​ ពី​កម្ពុជា ​ក្រោយពី​ប្លុក​លោកសេរី​មួយ​នេះ​រក​ឃើញថា​ រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​។

កាល​ពី​ថ្ងៃ​ទី​៤ មេសា ក្រុម​អ្នក​បញ្ជា​ទិញធំៗ​ចំនួន​៨​ ក៏​បាន​ដាក់​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​ដោយ​បង្ហាញ​ពី​ក្ដី​បារម្ភ​របស់​ពួកគេ​ចំពោះ​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ផង​ដែរ ដោយ​ថា​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ឧស្សាហកម្ម​កាត់ដេរ និង​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ