អ្នកឃ្លាំមើលបញ្ហាសង្គម ថាការកោះហៅអតីតមន្រ្តី CNRP ជាង២០នាក់ អាច​ជា​ការ​បំភ័យផ្នែកនយោបាយ

សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តបាត់ដំបងដែលតុលារការចេញដីកាកោះហៅឱចូលបំភ្លឺ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ១៧ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ Suong Neakpaon

អ្នកឃ្លាំមើលការបោះឆ្នោត និង​​បញ្ហា​សង្គម​មួយចំនួន​ លើកឡើងថា​ ការចេញដីកាកោះហៅ​អតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិ ជារូបភាពគំរាមកំហែងផ្នែកនយោបាយ ដោយទាមទារឱ្យស្ថាប័នពាក់ព័ន្ធបកស្រាយករណីករណីនេះឱ្យបានច្បាស់លាស់ ចៀសវាងមានការចោទប្រកាន់ទៅលើប្រព័ន្ធយុត្តិធម៌បន្តទៀត។ ​

មន្ដ្រីសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ខុមហ្វ្រែល​ លោក កន សាវាង្ស មានប្រសាសន៍ថា ការកោះហៅអតីតគណបក្សសង្រ្គោះជាតិ​មូលដ្ឋាន ពិសេសមន្ត្រីដែលមិនជាប់បម្រាមធ្វើនយោបាយនោះ ជារូបភាពមួយផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញ ព្រមទាំងជាការគំរាមកំហែងផងដែរ។

លោក កន សាវាង្ស ប្រធានផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល

លោក មានប្រសាសន៍ថា៖ «បើសិនជាការធ្វើបែបនេះ សម្រាប់ខ្ញុំៗ យល់ឃើញថា ហាក់បីដូចជាធ្វើឱ្យមានការបំភិតបំភ័យទេ។ ​ជាក់ស្តែងចាំមើល ខ្ញុំមិនទាន់ដឹងថា តុលាការគាត់កាត់របៀបម៉េច គាត់ចោទរបៀបម៉េចនៅឡើយទេ។ សម្រាប់ការគិតរបស់ខ្ញុំ គាត់មិនមានអ្វីជាការខុសទេ ក្រៅពី១១៨នាក់ហ្នឹង» ។

កាលពីចុងខែមេសា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក គឺ ប៊ុណ្ណារ៉ា បានចេញដីកាកោះហៅអតីតមន្ត្រី និងសកម្មជនគណបក្សសង្រ្គោះជាតិជាបន្តបន្ទាប់។

ការកោះហៅអតីតមន្ត្រីបក្សសង្រ្គោះជាតិទាំងនោះ ដោយតម្រូវឱ្យពួកគេចូលបំភ្លឺនៅតុលាការចាប់ពីថ្ងៃទី៨ ខែឧសភាតទៅ ជុំវិញករណីបំពានសាលដីការរបស់តុលាកាកំពូល ដែលសម្រេចរំលាយគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ព្រមទាំងហាមឃាត់មន្ត្រីជាន់ខ្ពស់បក្សនេះចំនួន១១៨ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ​។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងថា ការកោះហៅអតីតមន្ត្រីបក្សប្រឆាំងទាំងនោះ ដោយសារតែតុលាការអាចមានតម្រុយអំពីសកម្មភាព​របស់ពួកគេ​បង្កើតជាបទល្មើស ប៉ុន្តែ គេមិនអាចសន្និដ្ឋានបានពេលនេះទេ ដោយជាដំណាក់កាលសាកសួរដំបូងប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ផ្ដល់កិច្ចសម្ភាសន៍ដល់អ្នកកាសែត នៅសាលាយុត្តិធម៌ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ហេង វិចិត្រ)

លោកមានប្រសាសន៍ថា៖ «បើព្រះរាជអាជ្ញាក្រោយពីសួរនាំព័ត៌មាន គួបផ្សំនឹងព័ត៌មានផ្សេងៗ ប្រភពផ្សេងដែលគាត់ទទួលបានកន្លងមក។ គាត់វិនិច្ឆ័យមើល ថាតើមានបទល្មើសកើតឡើង ឬអត់? ហើយបើមានបទល្មើស គាត់នឹងធ្វើការចោទប្រកាន់តាមនីតិវិធីច្បាប់ ហើយបើអត់មានបទល្មើសទេ គាត់នឹងមិនធ្វើការចោទប្រកាន់ទេ»។

អតីតសកម្មជនគណបក្សសង្រ្គោះជាតិស្រុកសំពៅលូនខេត្តបាត់ដំបង លោក ស៊ីម ឡៅ បញ្ជាក់ថា​មកទល់ពេលនេះ មានអតីតមន្ត្រី និងសកម្មជនគណបក្សប្រឆាំងនៅខេត្តនេះចំនួន២៣រូបហើយដែលត្រូវបានតុលាការកោះហៅចូលបំភ្លឺជុំវិញសំណុំរឿងតែមួយនេះ។  ​

លោក ហៅការកោះហៅពួកគាត់ ថាជារូបភាពគំរាមកំហែងផ្នែកនយោបាយ ប៉ុន្តែ លោកក៏តាំងចិត្តចូលបំភ្លឺតាមដីកាអមដោយមេធាវីផងដែរ។

លោកបន្តថា៖ «ជាជំហរបស់ខ្ញុំតាំងពីដើមមក ​នេះជារឿងនយោបាយ ជារូបភាពនយោបាយ ​»។

ចំណែកអ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា ការហោះអតីតមន្ត្រីបក្សប្រឆាំង គឺរឹតតែបង្ហាញពីរូបភាពអាក្រក់ផ្នែកនយោបាយ និងបង្ហាញថា រដ្ឋាភិបាលមិនមានចេតនាចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ឡើយ។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ

លោកបន្តថា៖ «អ៊ីចឹង យន្តការនេះ វាអាចឆ្លុះបញ្ចាំង គេមិនខ្វល់ខ្វាយ អាជ្ញាធរមានសមត្ថកិច្ច គេមិនខ្វល់ខ្វាយ EBA ដែលត្រូវបាត់បង់។ ទីពីរ គេហៅថា សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋត្រូវបានរិតត្បិត ហើយទីបី គេហៅថា ជំរុញ ឬធ្វើឱ្យគណបក្សប្រឆាំង ឬពលរដ្ឋដែលមានមតិទស្សនៈនឹងបក្សកាន់អំណាចកាន់តែខ្លាច មិនហ៊ានធ្វើសកម្មភាព»។

កន្លងមក សហគមន៍អន្តរជាតិដែលមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនាំមុខនោះ បានទទូចឱ្យរដ្ឋាភិបាលវិលទៅរកដំណោះស្រាយជាតិរួមមួយ តាមរយៈស្តារលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីគេចផុសពីការឈានទៅព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និង GSP របស់អាមេរិក។

សហរដ្ឋអាមេរិកបាននិយាយចំៗ ដោយស្នើឱ្យអ្នកនយោបាយខ្មែរគិតផលប្រយោជន៍ជាតិធំជាង ផលប្រយោជន៍នយោបាយ ឬផលប្រយោជន៍ផ្ទាល់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ