នាយករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​អ្នក​មាន​ទ្រព្យ​ធន​ចែក​​រំលែក​ដល់​អ្នក​ងាយ​រងគ្រោះ​

ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨​ ឧសភា ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ជំរុញលើកទឹកចិត្តដល់អ្នកមានទ្រព្យធនច្រើន ចែករំលែកដល់ជនដែលងាយរងគ្រោះ ឬអ្នកក្រីក្រ ដើម្បីធានាពីសេចក្តីសុខក្នុងសង្គម។​

ក្នុង​ពិ​ធី​ប្រា​រព្ធ​ទិវា​ពិភពលោក​កាកបាទក្រហម​ ក្រោម​ប្រធានបទ​ «ខ្ញុំ​ស្រឡាញ់​កាកបាទក្រហម​កម្ពុជា​» នៅ​រាជធានី​ភ្នំពេញ​ នា​ថ្ងៃ៨ ខែឧសភា​នេះ​ លោក ហ៊ុន សែន​ ថ្លែង​ថា​ សិល្បៈ​នៃ​ការចែក​រំលែក​ជំរុញ​ឱ្យ​ប្រទេសជាតិ​មាន​សុខដុមរមនា​មាន​តាំងពី​អតីតកាល​មក​។

មេដឹកនាំ​រូប​នេះ​ អះអាង​ថា​ មុន​ឆ្នាំ១៩៧០​ សម​ទ្ធ​ផល​ជាតិ​ ដូចជា​ សាលារៀន​ ជាដើម​ លោក​ថា ៩០ភាគរយ​កើត​ចេញពី​ការចែក​រំលែក​របស់​សហគមន៍​។ លោក​បន្ត​ថា​ បច្ចុប្បន្ន ៥០ភាគរយ​ចេញពី​រដ្ឋាភិបាល​ និង៥០ភាគរយ​ទៀត​កើត​ចេញពី​ការចែក​រំលែក​។

លោក​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​​ចលនា​នេះ​ជាសកម្ម​ភាព​ថ្នាក់​ជាតិ​ តាម​ពាក្យស្លោក​នេះ​ នូវ​អ្វី​ដែល​លោក​ហៅថា​ ដើម្បី​បន្ត​លើក​កម្ពស់​សិល្បៈ​ចែករំលែក​ ជួយ​ដល់​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ ធានា​សុខដុម​រម​នា​សង្គម​។

លោក​ថា​៖ «ទាក់ទិនទៅនឹង​ជំនួយ​មនុស្សធម៌​ទាំងនេះ​ ខ្ញុំ​ជឿជាក់​ថា​ ប្រជាពលរដ្ឋ​របស់​យើង​អាច​ធ្វើ​បាន​ទៅ​នឹង​ទ្រឹ​ស្តី​មួយ​នេះ​ ហើយ​ទ្រឹ​ស្តី​មួយ​នេះ​ វា​អាចប​ង្កើត​នូវ​ភាព​សុខដុម​រម​នា​ រវាង​អ្នក​ដែល​មានលទ្ធភាព​ និង​អ្នក​ដែល​គ្មាន​លទ្ធភាព​ ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​របស់​យើង​»។

ក្នុង​ទិវា​នេះ​ដែរ​ ក្រុមហ៊ុន​មួយចំនួន ​និង​មន្ត្រី​រាជការ​ បាន​ចូលរួម​ឧបត្ថម្ភ​ទឹកប្រាក់​សុទ្ធ​ ក្នុង​នោះមាន​ក្រុម​ពីរ​គឺ​ ក្រុមហ៊ុន​ ណា​ហ្គេវើល​ និង​ក្រុមហ៊ុន​ចិន​ ញូ​ញៀន​ ដែល​ទទួល​បាន​ដីស​ម្ប​ទាន​នៅ​ខេត្តកោះកុង​ ឧបត្ថម្ភ​ប្រាក់​ ១លាន​ដុល្លារ​ដូចគ្នា​ ទៅ​កាកបាទក្រហម​កម្ពុជា​ ។

អ្នកវិភាគ​វ័យក្មេង​ កញ្ញា​ លី​ ស្រី​ស្រស់​ និយាយ​ថា​ ការចែក​រំលែក​ ដើម្បី​ជួយ​អ្នក​ងាយ​រងគ្រោះ​ ដូចជា​ គ្រោះ​ធម្មជាតិ​ ជាដើម​ កញ្ញា​ថា ​ជា​គុណធម៌​ដ៏​ប្រសើរ​ក្នុង​សង្គម​។ ប៉ុន្តែ​ ថា​ បើ​ច្បាប់​មិន​រឹងមាំ​ អ្ន​កឧត្ថ​ម្ភ​មួយចំនួន​នឹង​ជ្រក​ក្រោម​រូបភាព​នេះ​ ទៅ​បំពាន​សិទ្ធិ​អ្នក​ងាយ​រងគ្រោះ​កាន់តែ​ខ្លាំង​ ដើម្បី​ពង្រីក​មុខរបរ​របស់​ពួកគេ​ ។

អ្នកវិភាគ​វ័យក្មេង​រូប​នេះ​ ផ្តល់​ជា​យោ​បល់​ថា​ រដ្ឋាភិបាល​គួរប​ង្កើត​កម្មវិធី​នយោបាយ ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​អ្នកមាន​ និង​អ្នកក្រ​មាន​គម្លាត​គ្នា​ឆ្ងាយ​ពេក​ ដើម្បី​ទប់ស្កាត់​វិបត្តិ​សង្គម​។

កញ្ញា​ថា​៖ «បើសិនជា​អ្នកមាន​ មាន​ខ្លាំងពេក​ គាត់​បរិច្ចាគ​ទៅ​ វា​ធ្វើ​ឱ្យ​អ្នកមាន​ហ្នឹង​មានគុណ​នៅក្នុង​ប្រទេស​ហ្នឹង​វិញ​។ តាមពិត ​វា​មិនមែន​អ៊ីចឹង​ទេ​ តែ​ដោយសារតែ​ភាព​ខ្វះខាត​នៃ​គោលនយោបាយ​ ជាហេតុ​ធ្វើ​ឱ្យ​អ្ន​កក្រ​ៗខ្លាំងពេក​ អ៊ីចឹង​ទៅ​បែ​រជា​លើកស្ទួយ​ថា ​អ្នកមាន​ហ្នឹង​បាន​ជួយ​អ៊ីចឹង​ទៅ​។ អ៊ីចឹង សង្គម​ហ្នឹង​មិនមែន​បង្កើត​ឡើង​ដើម្បី​ឱ្យ​អ្នកមាន​មានគុណ​ទៅលើ​អ្នកក្រ​ទេ​ តែ​ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឱ្យ​ [អ្នកមាន​ និង​អ្នកក្រ​] វា​ឃ្លាតពី​គ្នា​ឆ្ងាយ​ពេក​»។

តាម​របាយការណ៍​ក្នុង​ឆ្នាំ២០១៨កន្លងទៅ​ កាកបាទក្រហម​កម្ពុជា​ បាន​ផ្តល់​អំណោយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ និង​ងាយ​រងគ្រោះ​បំផុត​ជាង១៣ម៉ឺន​គ្រួសារ​ ( ១៣៩​ ១១៣​) ជួយ​ប្រជាពលរដ្ឋ​ ដែល​ទទួល​សេវាកម្ម​មនុស្សធម៌​ផ្សេងទៀត​ជាង​ ១០ម៉ឺន​គ្រួសារ​ និង​ផ្តល់​ផ្ទះ​ដល់​ចាស់ជរា​គ្មាន​ទីពឹង​ និង​ស្ត្រី​មេម៉ាយ​កូន​ច្រើន​បាន​ចំនួន​ ១៦៧ខ្នង​ផ្ទះ ​ជាដើម​។ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ