បទវិភាគ៖ កំណើនសេដ្ឋកិច្ច​កម្ពុជា​ផ្តល់ផល​តិច​តួចដល់អ្នករស់នៅជនបទ​ ដែលជាអ្នក​រងគ្រោះ​ខ្លាំងជាងគេ​បើបាត់បង់ EBA

កុមារ​កម្ពុជា ៣​រូប ឈរនៅ​ត្រើយ​ម្ខាង​ទន្លេ ​​សម្លឹង​មើល​​ទៅ​តំបន់​កោះ​ពេជ្រ ដែល​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន​។ (ពេជ្រ ចំរុង)

ធនាគារ​ពិភពលោកបាន​បង្ហាញ​នៅក្នុង​របាយការណ៍​របស់ខ្លួនកាលពី​ដើម​សប្តាហ៍នេះ​ថា សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន ៧,៥ភាគរយ ក្នុង​ឆ្នាំ២០១៨។ ធនាគារ​នេះបញ្ជាក់​ថា​ កំណើននេះគឺ​ល្អជាង​ការ​រំពឹង​ទុក ដោយ​មានការ​ជំរុញ​មួយផ្នែកធំ​ពីការ​កើនយ៉ាង​រហ័សនៃការ​នាំ​ចេញ និង​ការ​បន្ត​លូតលាស់​នៃ​វិស័យ​សំណង់។

អ្នក​ស្រាវជ្រាវ​ផ្នែក​ជីវភាព​ប្រជាជនក្នុង​ប្រទេសកម្ពុជា នៅសកលវិទ្យាល័យក្នុងទីក្រុង​ឡុង ប្រទេសអង់គ្លេស ឡូរី ផាសុន(Laurie Parsons)​ ប្រាប់​អ្នក​យកព័ត៌មាន VOD ថា​ ប្រជាជន​ភាគច្រើន​គឺកំពុងតែ​រស់នៅ​ជិតខ្សែបន្ទាត់ក្រីក្រ ហើយងាយរងគ្រោះពីវិបត្តិសេដ្ឋកិច្ច។ លោកលើកឡើង​ថា ​វិបត្តិ​បំណុល​ក៏ជា​ក្តី​បារម្ភខ្លាំងនៅក្នុង​ប្រទេសកម្ពុជាផងដែរ។

លោក​មានប្រសាសន៍ថា៖ «ជាលទ្ធផលនៃកត្តាទាំងនេះ ប្រជាជនកម្ពុជាជាច្រើនមិនអាចទទួលបានផលប្រយោជន៍ពីកំណើន [សេដ្ឋកិច្ច] របស់ប្រទេសនេះ ដោយសារតែការទទួលខុសត្រូវរបស់គ្រួសារ ការប្តេជ្ញាចិត្តចំពោះកសិកម្ម និងបំណុលដែលស្រូបយកផលប្រយោជន៍នៃឱកាសដែលផ្តល់ដោយកំណើនដ៏រឹងមាំរបស់កម្ពុជា»។​

លោក ឡូរី ផាសុន មានប្រសាសន៍ថា វិសមភាព​នៅ​តែជា​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់។ លោកថា ថ្វីបើស្ថិតិវិសមភាពផ្លូវការបង្ហាញពីវិសមភាពធ្លាក់ចុះជាទូទៅក៏ដោយ ក៏វាមិនអាចទុកចិត្តបាននៅក្នុងប្រទេសមួយដែលនៅតែត្រូវបានគ្របដណ្ដប់ដោយសេដ្ឋកិច្ចក្រៅផ្លូវការ និងកសិកម្ម។

កាលពី​ចុង​ឆ្នាំ២០១៨ អង្គការ​អភិវឌ្ឍអង្គការ​សហ​ប្រជាជាតិ​ UNDP បាន​បង្ហាញក្នុង​របាយការណ៍​របស់ខ្លួន​ថា​ ពលរដ្ឋ​កម្ពុជា ៣៥% រស់នៅក្រោម​បន្ទាត់​ភាពក្រីក្រ។ របាយការណ៍នេះ​ព្រមានថា ពលរដ្ឋកម្ពុជា ២១% គឺជា​អ្នក​ដែល​ងាយ​រងគ្រោះ ​និង​ធ្លាក់ទៅក្នុង​ភាពក្រី​ក្រ ​ប្រសិន​បើ​ពួកគេ​ទទួល​រងនូវ​ផលប៉ះពាល់​ពីការ​ធ្លាក់ខ្លួន​ឈឺ ឬ​បាត់បង់ការងារ។

ចំណែករបាយការណ៍រាជ​រដ្ឋាភិបាល​កម្ពុជាវិញ​ បង្ហាញថា​ ភាព​ក្រី​ក្រ​នៅ​ក្នុងប្រទេសកម្ពុជា​បាន​ធ្លាក់ចុះមកនៅ​ត្រឹម ១៣.៥%​ នៅ​ត្រឹម​ឆ្នាំ២០១៤ បើ​ប្រៀបធៀប ៤៧.៨% នៅ​ក្នុង​ឆ្នាំ២០០៧។ ប្រហែលជា​ ៩០% ​នៃ​អ្នក​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រី​ក្រ​គឺ​ជា​ប្រជាជន​ដែលរស់នៅ​ជនបទ។

អ្នក​ស្រាវជ្រាវពីការ​អភិវឌ្ឍសង្គម​ លោកបណ្ឌិត​ មាស នី មាន​ប្រសាសន៍ថា ការ​បែងចែកកំណើន​សេដ្ឋកិច្ច​ទៅ​​ប្រជាពលរដ្ឋនៅ​តាម​ជនបទ​នៅ​តែជា​ចំណោទ​បញ្ហា។ លោក​ថា ​កត្តានេះ​បាន​ធ្វើ​ឲ្យ​គម្លាតនៃ​អ្នក​មាន និង​អ្នក​ក្រ​នៅ​តែ​មានកម្រិត​ធំ។​

លោក​ មាស នី​ មាន​ប្រសាសន៍ថា៖ «បើ​យើង​មើល​ពីកម្រិត​សេដ្ឋកិច្ច ​វាមាន​ពីរកម្រិត​​ គឺ​កម្រិត​សេដ្ឋកិច្ច​ថ្នាក់​ជាតិ​ និង​កម្រិត​សេដ្ឋកិច្ចថ្នាក់ក្រោមជាតិ។ បានន័យថា​ គឺសំដៅដល់ម៉ាក្រូសេដ្ឋកិច្ច​ និង​មីក្រូសេដ្ឋកិច្ច។ សព្វថ្ងៃនេះ​ យើង​សង្កេត​ឃើញ​ថា នៅពេលដែល​ម៉ាក្រូសេដ្ឋកិច្ច​ហ្នឹងកំពុង​បាន​ទទួល​ផល​ពី​ការ​នាំចេញសម្លៀក​បំពាក់ ​និង​ស្បែកជើង​ទៅ​ក្រៅ​ប្រទេសហ្នឹង យើង​កំពុង​ជួប​ប្រទះ​បញ្ហានៅ​ថ្នាក់ក្រោម​។ រឿង​ទី​១ គឺ​កង្វះ​ទីផ្សារ​កសិកម្ម​របស់​កសិករ និង​រឿងទី២ គឺជំពាក់​លុយ។»

លោក​បណ្ឌិត​ មាស នី បន្តលើឡើង​ថា ​ការ​គ្រាន់តែ​រំលេច​នូវភាពជោគជ័យនៃ​សេដ្ឋកិច្ច​នៅថ្នាក់ជាតិ​ ហើយ​មិនបាន​ពិនិត្យ​មើល​នូវ​ស្ថានភាព​សេដ្ឋកិច្ច​នៅថ្នាក់​មូលដ្ឋានទេ​ វា​នឹង​ធ្វើ​ឲ្យ​ប្រទេសមួយមានលក្ខណៈល្អ​ប្រសើតែលេខ​ ប៉ុន្តែ​ ស្ថានភាពការ​រស់នៅ​របស់​​ប្រជាពលរដ្ឋមិនមាន​សមធម៌ផ្នែកសេដ្ឋកិច្ច។

យោងតាម​សមាគមនិយោជក​វិស័យកាត់ដេរ​ និង​ដេរស្បែកជើង (GMAC) ឲ្យដឹងថា វិស័យ​កាត់ដេរ​កម្ពុជា​បាន​ផ្ដល់​ការ​ងារ​​​ដោយ​ផ្ទាល់​ដល់​​ប្រជា​ពល​រដ្ឋ​ប្រមាណ​៧០​ម៉ឺន​​នាក់​ ដែល​ជាង​ ៨៥​%​ ជា​​ស្ត្រី​មក​ពី​​បណ្ដា​ខេត្ត​ និង​ជន​បទ​ ហើយ​ប្រជា​ពល​រដ្ឋ​​ ២​លាន​នាក់​ដទៃ​ទៀត​ទទួល​ផល​ដោយ​ប្រយោល។ តាម​ប្រភព​ដដែល​ ជា​រៀង​រាល់​ខែ ​ប្រាក់​ខែ​ជាង​១៥០​លាន​ដុល្លារ​អាមេរិក​​ត្រូវ​បាន​ចំណាយ​​ទៅ​លើ​​កម្មករ​ទាំង​នេះ​។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួននៅពេល​ថ្មីៗនេះ សហភាព​អឺរ៉ុប​​ឲ្យ​ដឹង​ថា កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅកាន់ទីផ្សារអឺរ៉ុប មានតម្លៃដល់ទៅ ៤.៩​ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​២០១៨​។ ផលិតផលដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុបនោះ រួមមាន ផលិត​ផល​កាត់​ដេរសំលៀកបំពាក់ បន្លែ ម្ហូប​អាហារ និងយានយន្ដ ដែលមាន​ទំហំ​ដល់​ទៅ ៩៩​ភាគរយ​ នៃ​ទំនិញ​សរុប​ដែល​កម្ពុជា​នាំ​ចូល​ទៅ​ទីផ្សារអន្ដរជាតិ​មួយ​នេះ។ ហើយ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ ៤.៨​ពាន់​លាន​ដុល្លារអាមេរិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។

ក្នុង​របាយការណ៍​របស់​​ធនាគារ​ពិភពលោក ​បាន​វាយ​តម្លៃ​ថា​ ប្រសិន​ជា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វីៗ​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ ​(EBA) ត្រូវ​បាន​ដក​ហូត​ពី​កម្ពុជា​នោះ វិស័យ​កាត់ដេរ​ត្រូវ​ប្រឈម​នឹង​ការ​ខាតបង់​ជាង​ ៣៨១លានដុល្លារ ​ស្បែក​ជើង​ត្រូវ​ប្រឈម​នឹង​ការ​ខាត​បង់​ជាង​ ១២៨លានដុល្លារ​​ ខណៈ​អង្ករ​ដែល​ត្រូវ​បាន​អឺរ៉ុប​ចាប់​ផ្ដើម​យក​ពន្ធ​ហើយ​នោះ​ ត្រូវ​ខាតបង់​ជាង ​១៤៤លានដុល្លារ។

នៅ​ពេល​ដែល​អ្នក​វិភាគ​មើល​ឃើញ​ថា ពលរដ្ឋ​នៅ​ជន​បទ​ទទួល​បាន​ផល​តិច​តួច​ពីការ​រីកចម្រើន​ផ្នែកសេដ្ឋកិច្ច ផ្ទុយទៅវិញ​ពួកគេមើល​ឃើញ​ហានីភ័យថា​ ពលរដ្ឋក្រីក្រ​គឺជា​អ្នក​ដែល​នឹង​ទទួល​រងផល​ប៉ះពាល់​ធ្ងន់ធ្ងរជាងគេ​ បើ​សិន​ជា​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​។

អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់ប្រចាំ​តំបន់​អាស៊ីនៃ​ ផាតធើន​ ម៉ាក្រូអេកូណូមិក (Pantheon Macroeconomics) លោក មីគែល ចាន់កូ (Miguel Chanco) ប្រាប់ ​VOD ​តាម​សារអេឡិចត្រូវនិច​ថា ការ​ធ្លាក់​ចុះ​នៃ​វិស័យកាត់ដេរ​សម្លៀក​បំពាក់នឹងធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ជនបទ។

លោកលើកឡើង​ថា៖ «ការ​បាត់​បង់​ការងារ​ក្នុងផ្នែកនេះ​ វា​នឹង​ប៉ះពាល់​ដល់​លំហូរសាច់ប្រាក់​ដែលកម្មករ​បាន​ផ្ញើទៅកាន់​សាច់ញាតិ​នៅ​តាម​ជនបទ»។​

លោក មីគែល ចាន់កូ (Miguel Chanco) បាន​ជម្រុញទៅ​រដ្ឋាភិបាលកម្ពុជាផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​វិនិយោគ​លើ​វិស័យអប់រំ​ ដើម្បី​ដោះស្រាយ​ទាំងភាព​ក្រីក្រ​ និង​វិសមភាព​សង្គម។​

នាយកគ្រប់គ្រងធនាគារពិភពលោកសម្រាប់ប្រទេសកម្ពុជា លោកស្រី អ៊ិនហ្គូណា ដូប្រាចា ជំរុញឲ្យ​កម្ពុជា​ផ្តោតការ​វិនិយោគទៅលើ​ប្រជាជន​ ដើម្បី​ផ្តល់​ជា​គ្រឹះសម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​យូរអង្វែង។

លោកស្រីមានប្រសាសន៍ថា៖ «ភ័ស្តុតាងនានា​បានរំលេចឱ្យឃើញថា​ ការ​វិនិយោគទៅលើប្រជាជន មានសារៈសំខាន់ណាស់ ដើម្បីជំរុញ​ឱ្យមាន​វឌ្ឍន​ភាពសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើប្រជាជន និង​ការកែលម្អ​គុណភាព​នៃមូលធនមនុស្ស​របស់​កម្ពុជា គួរតែបន្តនៅ​ជា​ស្នូល​នៃ​សេចក្តី​ប្រាថ្នារបស់​កម្ពុជា​ក្នុង​ការ​ឈាន​ទៅសម្រេចគោលដៅ​ជា​សេដ្ឋកិច្ច​មាន​ចំណូល​មធ្យមខ្ពស់ត្រឹម​ឆ្នាំ​២០៣០។»

ធនាគារ​ពិភពលោក​បាន​ព្រមានថា ភាព​មិន​ប្រាកដ​ប្រជា​ដែល​បន្ត​មាន បាន​បង្កហានិភ័យ​ខ្លាំង​ឡើង​។ ធនាគារ​នេះ​លើកឡើង​ថា ​លទ្ធភាពដែល​កម្ពុជានឹងអាច​បាត់​បង់​ភាពអនុគ្រោះ​នាំទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​ដោយរួចពន្ធ ក្រោម​ប្រព័ន្ធអនុគ្រោះ «គ្រប់​មុខទំនិញ​ទាំងអស់​លើក​លែងគ្រឿងសព្វាវុធ» (EBA) ទំនង​ជា​នឹង​អាច​បន្ថយ​ល្បឿន​នៃការ​នាំចេញពីកម្ពុជា។

ទោះ​យ៉ាង​ណា​ ធនាគារ​ពិភពលោកជំរុញឲ្យ​មានការ​កែលម្អសមត្ថភាពប្រកួតប្រជែងឱ្យប្រសើរឡើង ដោយថា វាគឺជាគន្លឹះសម្រាប់​រក្សា​សម្ទុះកើនឡើងទៅថ្ងៃមុខ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ