រដ្ឋាភិបាលប្រាប់លោកស្រី រ៉ូណា ស្មីត ថាគ្មានការគាបសង្កត់លើសង្គមស៊ីវិល

អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត ជួបពិភាក្សាជាមួយលោក ស ខេង នាថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ

ក្រសួងមហាផ្ទៃច្រានចោលការលើកឡើងរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស លោកស្រី រ៉ូណា ស្មីត ដែលថា មានការរឹតត្បិតសេរីភាពសង្គមស៊ីវិលនៅថ្នាក់ក្រោមជាតិ ដោយថា គ្មានគោលការណ៍ណាមួយពីក្រសួងនោះទេ។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅរសៀលម្សិលមិញ លោកស្រី រ៉ូណា ស្នីត បានឲ្យដឹងថា លោកស្រីបានចោទសួរលោក ស ខេង មួយចំនួនក្នុងនោះមានចំណុចមួយពាក់ព័ន្ធនឹងការរារាំងការជួបជុំរបស់សង្គមស៊ីវិលនៅថ្នាក់មូលដ្ឋានផងដែរ។

លោកស្រី ស្មីត៖ «យើងខ្ញុំបានពិភាក្សាលើបញ្ហាមួយចំនួនដែលរួមមាន យុទ្ធនាការប្រឆាំងគ្រឿងញៀន ភាពពេញចង្អៀតនៃពន្ធនាគារ សេរីភាពនៃការជួបជុំ ដែលតម្រូវឲ្យមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងការងាររបស់ក្រសួងក្នុងការកសាងទំនាក់ទំនងជាមួយសង្គមស៊ីវិល ទាំងថ្នាក់ជាតិ និងក្រោមជាតិ ពួកយើងក៏ជជែកអំពីច្រកចេញចូលតែមួយផងដែរ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត បានឲ្យដឹងថា ក្នុងកិច្ចពិភាក្សានោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឆ្លើយតបថា រាល់ការរារាំងទាំងឡាយនៃអាជ្ញាធរថ្នាក់ក្រោមជាតិចំពោះការជួបជុំរបស់សង្គមស៊ីវិលនោះ គឺមិនមែនជាគោលការណ៍របស់ក្រសួងនោះទេ។

លោកថា៖ «បើសិនជាមានករណីណាមួយដែលកើតឡើងបែបនេះ សម្ដេចបានជម្រាបជូនលោកស្រីថា សុំឲ្យអង្គការសង្គមស៊ីវិលទាំងនោះគាត់អាចលើកយកបញ្ហាទាំងនោះមកជួបគ្នា៦ខែម្ដង គឺយើងដោះស្រាយជាមួយគ្នា ប៉ុន្តែ ជាគោលការណ៍ គឺមិនមែនជាគោលការណ៍របស់រដ្ឋាភិបាលទេ។ វាអាចមានបញ្ហាខ្វះចន្លោះដោយប្រការណាមួយនៅតាមមូលដ្ឋាន ឬទីតាំងណាមួយ គឺយើងមានតែលើកទឹកចិត្តឲ្យចូលរួមសហការគ្នាជជែកបញ្ហាអ្វីជាមួយគ្នាដោយត្រង់ទៅត្រង់មកតាមយន្តការណ៍ដែលយើងមានស្រាប់»។

ក្នុងរបាយការណ៍របស់សម្ព័ន្ធភាពសង្គមស៊ីវិលសកល (CIVICUS) ដែលបានចេញផ្សាយក្នុងខែមីនា ចាត់ថ្នាក់សេរីភាពសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ដែលសង្គមស៊ីវិលរងការបង្ក្រាបពីរដ្ឋាភិបាល។

របាយការណ៍ដដែលនោះ បានលើកឡើងថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៨មក ការធ្វើសកម្មភាពរបស់សង្គមស៊ីវិលនៅកម្ពុជា ត្រូវបានរារាំង ដែលធ្វើឲ្យសង្គមស៊ីវិលមានលំហសេរីភាពតិចបំផុត ហើយសង្គមស៊ីវិលមួយចំនួន ក៏រងនូវការគំរាមកំហែងពីការប្រើច្បាប់ដោយរដ្ឋាភិបាលផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ