សមត្ថកិច្ចបង្ក្រាបទីតាំងលាក់រំសេវជាតិផ្ទុះរបស់ក្រុមហ៊ុនចិនរុករករ៉ែមាសក្នុងខេត្តកំពង់ធំ

សមត្ថកិច្ចចុះបង្ក្រាបទីតាំងលាក់រំសេវ ភូមិកំណប់ ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ រូបភាព៖ ហ្វេសប៊ុក ឡន វណ្ណា

សមត្ថកិច្ចខេត្តកំពង់ធំចុះបង្រ្កាបទីតាំងលាក់ទុករំសេវជាតិផ្ទុះមួយកន្លែងរបស់ក្រុមហ៊ុនចិនដែលបានធ្វើអាជីវកម្មរុករករ៉ែមាសស្ថិតនៅក្នុងឃុំសុចិត្រ ស្រុកសណ្តាន់។

អធិការស្រុកសណ្តាន់ លោក អ៊ួង ម៉ូលី ប្រាប់ វី.អូ.ឌី ថាក្រុមហ៊ុនចិនមួយបានលាក់ទុករំសេវចំនួនច្រើន​សម្រាប់ទុកបំបែកថ្មី និងប្រើប្រាស់ក្នុងទម្រង់ផ្សេងៗទៀតដើម្បីទាញយករ៉ែ។​

អធិការស្រុករូបនេះបញ្ជាក់ថា រំសេវដែលសមត្ថកិច្ចចុះបង្រ្កាបកាលពីម្សិលមិញនេះ គឺជារំសេវជាតិផ្ទុះដែលសេសសល់ក្រោយចុះបង្រ្កាបកាលពីលើកមុនតែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «រំសេវនេះជាម្សៅដែលជាកាកសំណល់សល់អាចាស់ពីមុន ដែលតុលាការគេដឹកនាំចុះបង្ក្រាបម្តង ហើយនៅសល់កាក់សំណស់ទេ។ វាជាកាកសំណស់របស់ក្រុមហ៊ុនចិន ដែលវាយកមកប្រើសម្រាប់រកមាស សម្រាប់ចុចរ៉ែ សម្រាប់ចុចបំបែកថ្មី»

លោក អ៊ួង ម៉ូលី ឲ្យដឹងថា ពេលនេះរំសេវដែលសេសសល់នោះត្រូវសមត្ថកិច្ចដឹកទៅរក្សាទុកនៅស្នងការដ្ឋានខេត្តកំពង់ធំដើម្បីចាត់ការតាមនីតិវិធីបន្ត។

អ្នកសម្របសម្រួលបណ្តាញព្រៃឡង់ប្រចាំខេត្តកំពង់ធំ លោក ហឿន សុភាព មានប្រសាសន៍ថា អាជីវកម្មរុករករ៉ែមាស ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺមានជាច្រើនកន្លែង ដោយមានម្ចាស់អាជីវកម្មបានប្រើប្រាស់គ្រឿងផ្ទុះ និងសាធាតុគីមីម្យ៉ាងសម្រាប់បម្រើដល់ការជីក និងកែច្នៃរ៉ែមាស។

សកម្មជនបរិស្ថានរូបនេះឲ្យដឹងថា សារធាតុគីមី ប៉ូតាត្យូមសាយយ៉ាណាយ និងគ្រឿងផ្ទុះដែលប្រើសម្រាប់យករ៉ែមាសនោះ បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេសធនធានទឹក ព្រៃឈើ និងអាចប៉ះពាល់ទៅដល់អាយុវជីវិតប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកអូរនៅភាគខាងក្រោមផងដែរ ប្រសិនបើអាជ្ញាធរទប់ស្កាត់មិនទាន់ពេលវេលា។

លោកបន្ថែមថា៖ «គេខួងដាក់គ្រាប់រំសេវហ្នឹង ហើយគេចុចឲ្យផ្ទុះ ដល់ផ្ទុះហើយ គេយកថ្មមកវ៉ៃរែងយកមាស ហើយគេដាក់សារធាតុគីមីបង្កាត់ដើម្បីយកតែមាសសុទ្ធ គេមានដាក់អាស៊ីតដើម្បីបង្កាត់។ បើនិយាយពីការខូចខាតបរិស្ថាន វាខូចច្រើនណាស់នៅតំបន់នោះ តាមរយៈការប្រើប្រាស់សារធាតុគីមី ធ្វើប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជននៅភាគខាងក្រោមហ្នឹង ដែលគេថា ស្ទឹងជានិត នោះ ហើយហូរចាក់ទៅតាមអូរ តាមព្រែកផ្សេងៗទៀត វាធ្វើប៉ះពាល់ដល់ពលរដ្ឋដែលប្រើប្រាស់ទឹកទាំងនោះ»។

កាលពីខែមេសា កម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងធ្វើសិប្បកម្មរុករករ៉ែនៅចំនួន៣គោលដៅ ស្ថិតនៅក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយឃាត់ខ្លួនជនជាតិចិនបានចំនួន១០នាក់ និងរឹបអូសសម្ភារបម្រើឱ្យការជីកយករ៉ែមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ