លោក មាជ សុវណ្ណារ៉ា គ្រោងមកកម្ពុជាវិញខែក្រោយ​ដើម្បី​លើក​ទឹក​ចិត្ត​មេ​បក្ស​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ

លោក មាជ សុវណ្ណារ៉ា ក្រោយចេញពីពន្ធនាគារ(រូបFB Meach Sovannara)

អតីតមន្ដ្រីជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រកាស​ថា លោក​គ្រោងត្រឡប់មកកាន់ប្រទេសកំណើត​វិញនាពាក់កណ្ដាលខែក្រោយនេះ ដើម្បី​លើក​ទឹក​ចិត្ត​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ លោក កឹម សុខា។

លោក មាជ សុវណ្ណារ៉ា ប្រាប់ VOD នៅថ្ងៃនេះថា លោកនឹងត្រឡប់មកកម្ពុជានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ដោយថា ការវិលត្រឡប់មកកម្ពុជានេះ គឺធ្វើក្នុងនាមជាពលរដ្ឋសាមញ្ញ និងក្រោយទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ។

លោកអះអាងថា លោកមិនមានបំណងបង្កើតគណបក្សនយោបាយថ្មីណាមួយនោះទេ និងថា លោកក៏មិនបារម្ភចំពោះការចាប់ខ្លួនណាមួយដែរ។ ប៉ុន្ដែ លោករំពឹងថា ស្ថានការណ៍នយោបាយនៅកម្ពុជានឹងអាចធូរស្រាលឡើងវិញ។

លោកបន្ដថា លោកក៏មានបំណងចង់ទៅលើកទឹកចិត្តអតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ផងដែរ បន្ទាប់ពីលោកបានបាត់បង់សេរីភាពអស់រយៈពេលជាង ១៩ខែមកហើយនោះ។

លោកបន្ដថា៖ «ការទៅនេះ ជាមនុស្សសាមញ្ញ ទៅក្នុងនាមជាអ្នកអប់រំផ្នែកសិទ្ធិមនុស្ស ផ្នែកលទ្ធិប្រជាធិបតេយ្យ និងសេរីភាព គឺថា សាបព្រួសតែអ្វីជាការពង្រីកធនធានមនុស្ស។ [] ហើយការចរចាររវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ យើងមិនអាចថា គ្មានការជជែកគ្នាទេ ប៉ុន្ដែ ក្នុងកម្រិតណា យើងនៅតែសង្ឃឹមថា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន គេកំពុងតែធ្វើនយោបាយការទូត លក្ខណៈមួយដំណាក់កាលរបស់គេហ្នឹង»។    

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ សាលាដំបូងរាជធានីភ្នំពេញបានកាត់ទោស លោក មាជ សុវណ្ណារ៉ា ដាក់ពន្ធនាគាររយៈពេល២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទដឹកនាំ និងចូលរួមចលនាបាតុកម្ម​ហិង្សា បន្ទាប់ពីការ​តវ៉ា​ឲ្យ​បើកទីលានប្រជាធិបតេយ្យចាស់ កាលពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤។

ប៉ុន្ដែ លោក មាជ សុវណ្ណារ៉ា និងអតីតសកម្មជន ១២នាក់ទៀត​របស់​គណបក្ស​សង្គ្រោះជាតិ ដែលជាប់ឃុំ ត្រូវតុលាការដោះលែងឲ្យមានសេរីភាព កាលពីចុងខែសីហា ឆ្នាំ២០១៨កន្លងទៅនេះ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រលើកលែងទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ