កម្ពុជានៅតែបន្ត​ស៊ើបអង្កេតករណី​ជនជាតិ​ចិនបង្ហោះ​សារគំរាម ទោះបី​ទូតចិនថាជាវីដេអូលេងសើច 

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ រូបភាព៖ ហ្វេសប៊ុក សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម

សមត្ថកិច្ចកម្ពុជា បញ្ជាក់​ថាខ្លួន​នៅតែបន្តសហការ និងស៊ើបអង្កេតលើជន​ជាតិ​ចិន​ជាង២០នាក់​ដែលបង្ហោះសារ​គំរាមបង្កអសន្តិសុខនៅក្នុង​ខេត្ត​ព្រះសីហនុ ទោះបី​ជា​ស្ថាន​ទូតចិន​ថា ​វីដេអូដែល​បុរសទាំងនោះ​ធ្វើឡើង​គ្រាន់​ជាការ​លេង​សើច​ប៉ុណ្ណោះ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បាន​អះអាង​ប្រាប់ វី.អូ.ឌី បែបនេះ​នៅព្រឹក​ថ្ងៃចន្ទ​​នេះ។

លោក ថា៖ «គ្រាន់តែឱ្យចំណុចមួយម៉ាត់ មិនដែលចោរ វាថាចង់លួចហើយ ស្រែកថា ទៅលួចឥឡូវទេ។​ ហើយគាត់ចង់មកបំផ្លាញសន្តិសុខខេត្តព្រះសីហនុ​​ ហើយស្រែកអ៊ីចឹង។ នេះជាបញ្ហា ប្រហែលជាស្អីនៅពីក្រោយខ្នងទៀត អ៊ីចឹងសុំទុកពេល ភាគីទាំងពីរសហការស្រាវជ្រាវបន្តទៀតទៅ»។

កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ ស្ថានទូតចិនប្រចាំកម្ពុជា សរសេរនៅលើទំព័រហ្វេសប៊ុកថា ករណី​ជនជាតិចិនជាង ២០នាក់ បានបង្ហោះវីដេអូនឹងបង្កភាពវឹកវរនៅខេត្តព្រះសីហនុ ក្នុងរយៈពេល ៣ឆ្នាំខាងមុខនោះ ស្ថានទូតចិនថា ពួកគេមិនមែនជាក្រុមសង្គមងងឹតបង្កបទឧក្រិដ្ឋអ្វីនោះទេ។

ស្ថានទូតចិន អះអាងថា វីដេអូដែលក្រុមជនជាតិចិនថតបង្ហោះព្រមានអុកឡុកនៅក្រុងព្រះសីហនុ ដោយសារ ពួកគេស្រវឹងស្រា ហើយការថតរបស់ពួកគេ គឺក្នុងគោលបំណងដើម្បីលេងសើចតែប៉ុណ្ណោះ។

ស្ថានទូត ចិន៖ «ក្រោយការស៊ើបអង្កេតយ៉ាងហ្មត់ចត់របស់សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះត្រូវបានថតដោយជនជាតិចិនមកពីទីក្រុង Chongqing ដែលបានមកធ្វើការនៅប្រទេសកម្ពុជាកាលពីខែមីនា ឆ្នាំនេះ ហើយក្រោយពីស្រវឹងស្រារួច ពួកគេបានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់ជាការលេងសើចប៉ុណ្ណោះ។ បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ»។

យ៉ាងណាក៏ដោយ ស្ថានទូតចិនមិនបានបញ្ជាក់ថា ក្រុមជនជាតិចិនដែលថតវីដេអូបង្ហោះថានឹងបង្កអសន្តិសុខនៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ថា ពួកគេនៅក្នុងប្រទេសកម្ពុជា ឬក៏ត្រឡប់ទៅប្រទេសចិនវិញនោះទេ ។

ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា វីដេអូ​នៃ​ក្រុម​ជន​ជាតិ​ចិន​ទាំង​នោះ បាន​បង្ក​ភាព​ភ័យ​ខ្លាច​ទៅ​ដល់​ប្រជាពលរដ្ឋ ហើយលោក​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​​ចាត់​វិធានការ​ឱ្យ​បាន​តឹង​រ៉ឹង​ទៅ​លើ​លំហូរ​ចូល​នៃ​ជន​ជាតិ​ចិន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

លោក ថា៖ «កន្លងមក យើងជនជាតិចិនក៏មានប្រព្រឹត្តបទល្មើសច្រើនដែរ បើយើងនិយាយពីជនបរទេសដែលជាជនជាតិចិនហ្នឹង ហើយអ្នកដែលប្រព្រឹត្តបទល្មើសច្រើនជាងគេនៅកម្ពុជាទាំងប្រព័ន្ធឧក្រិដ្ឋអ៊ីនធឺណិត ក៏ដូចជា បទល្មើសផ្សេងៗហ្នឹង។ អ៊ីចឹង ទន្ទឹមនឹងការអភិវឌ្ឍដែលសំបូរដោយជនជាតិចិនចូលមកហ្នឹង អាជ្ញាធរគួរតែរឹតបន្តឹងបន្ថែមទៀត ចំពោះការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជា ការចូលមកស្រុកខ្មែររបស់ជនជាតិចិន»។

ក្នុងវីដេអូឃ្លីបរយៈពេលប្រហែល១០វិនាទី ដែលត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើបណ្ដាញសង្គម បុរសម្នាក់ស្ថិតក្នុងចំណោមក្រុមបុរសជនជាតិចិនជាង ២០នាក់ បាននិយាយជាភាសាចិន ដែលត្រូវបានបកប្រែមកជាភាសាខ្មែរថា ពួកគេជាជនជាតិចិនមកពីទីក្រុងឆុងជីង នឹងបង្កភាពវឹកវរនៅខេត្តព្រះសីហនុ ក្នុងរយៈពេល ៣ឆ្នាំខាងមុខនេះ ។

របាយការណ៍របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ ក៏បង្ហាញផងដែរថា គិតត្រឹម​ខែតុលាឆ្នាំ២០១៨ ជនជាតិចិនដែលប្រព្រឹត្តខុសច្បាប់នៅកម្ពុជាមានចំនួន ៣៧៣នាក់ ក្នុងនោះមាន​ស្រី ៦៦នាក់ ភាគច្រើនប្រព្រឹត្តបទល្មើស ២​ប្រភេទ គឺបទល្មើសគំរាមជំរិត និង​ឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)។​

ក្នុងពិធីជួបជាមួយពលរដ្ឋខ្មែរនៅក្នុងប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានអំពាវនាវកុំឲ្យពលរដ្ឋព្រួយបារម្ភពីចំនួនជនជាតិចិននេះ។ លោក ហ៊ុន សែន អះអាងថា ចិនកំពុងតែបោះលុយវិនិយោគមកជួយសេដ្ឋកិច្ចរបស់កម្ពុជា ហើយថា ពលរដ្ឋចិននឹងត្រឡប់ទៅប្រទេសពួកគេវិញ ក្រោយពេលចប់ការងារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ