ក្រុមហ៊ុន Google ផ្អាកការធ្វើបច្ចុប្បន្នភាព​ប្រព័​ន្ធ Android លើទូរសព្ទ Huawei

ក្រុមហ៊ុន Huawei និងនិមិត្តសញ្ញាក្រុមហ៊ុន Google។ រូបភាព៖ វេបសាយបរទេស

ក្រុ​មហ៊ុន​ Google សម្រេចផ្អាក​ការ​ផ្ទេ​របច្ចេកវិទ្យាទាំង​ Software, Hardware និងសេវាកម្ម​ ដល់​ក្រុមហ៊ុន ​Huawei ក្រោយពីសហរដ្ឋអាមេរិក​បាន​ដាក់​បញ្ចូលក្រុមហ៊ុន​ចិន​មួយនេះទៅក្នុងបញ្ជី​ខ្មៅ។ នេះបើតាមការចុះផ្សាយរបស់​ទីភ្នាក់​ងារសារព័ត៌មា​ន​រ៉យទ័រ​។

ការផ្អាកនេះ នឹងរារាំងមិនឲ្យ​អ្នកប្រើ​ប្រាស់​ទូរសព្ទ Huawei ធ្វើបច្ចុប្បន្នភាព​​​ប្រព័ន្ធ ​​Android បាននោះទេ។ សម្រាប់អតិថិជននាពេល​អនាគតរបស់​ក្រុមហ៊ុនទូសព្ទ Huawei  ក៏មិន​អាចប្រើប្រាស់​សេវាកម្ម​​របស់ ​Google ដូចជា​ Google Play, Gmail, YouTube និងកម្មវិធីមួយចំនួន​ទៀត​ផងដែរ​។

ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រុមហ៊ុន Google បានប្រាប់​សារព័ត៌មាន​រ៉យទ័រ ថា​ ចំពោះ​អ្នកដែល​កំពុងប្រើប្រាស់​មុនពេល​ការផ្អាកនេះ នៅតែអាចធ្វើបច្ចុប្បន្នភាព​កម្មវិធី​នៅក្នុង​ទូរសព្ទ​របស់ពួកគេបាន​ដដែល។

ក្រុមហ៊ុន​ Google បាន​បញ្ជាក់ថា ​អ្វីដែលខ្លួន​​ធ្វើឡើង​នៅពេល​នេះចំពោះក្រុមហ៊ុន​ Huawei គឺធ្វើតាមការកំណត់​របស់​សហរដ្ឋអាមេរិក។

តំណាងក្រុមហ៊ុន Huawei បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ខែមីនា ថា ​ក្រុមហ៊ុនខ្លួន​មាន​ផែនការរួចរាល់​ហើយក្នុង​ការប្រើប្រាស់​ប្រព័ន្ធថ្មីមួយជំនួស​ប្រព័ន្ធ Android របស់ក្រុមហ៊ុន​​Google។ ប៉ុន្តែ​ បើតាម​តំណាង​ក្រុមហ៊ុន Huawei នៅ​តែ​អះអាងថា​ ប្រព័ន្ធ Android និង​Window នៅ​តែជាជម្រើ​សដំបូង​ទី១ សម្រាប់​ពួកគេ។

ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក កាលពីថ្ងៃ​ទី១៦ ខែឧសភា បាន​សម្រេច​ដាក់​បញ្ចូលក្រុមហ៊ុន Huawei ទៅក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន។ ការ​សម្រេចបែបនេះ បាន​ធ្វើឲ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ​របស់ចិនមួយនេះ ពិបាកក្នុងការ​ធ្វើការ​រកស៊ីជាមួយក្រុមហ៊ុន​នានារបស់​អាមេរិក។​ ក្រុមហ៊ុន​របស់​អាមេរិក មិន​អាច​លក់​បច្ចេកវិទ្យាទៅឲ្យ​ក្រុមហ៊ុន​ Huawei បាន​ទៀត​នោះទេ ប្រសិន​បើមិនមាន​ចុះ​អាជ្ញាបណ្ណ​ត្រឹមត្រូវដែល​ទទួលស្គាល់​ដោយ​អាមេរិកនោះ។

ទោះយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់​ទូរសព្ទដៃនៅក្នុងប្រទេស​ចិននៅតែ​អាចធ្វើ​បច្ចុប្បន្នភាព​កម្មវិធីរបស់​ខ្លូនបាន​ ព្រោះថា ​ទូរសព្ទទាំងនោះមិនបាន​ប្រើប្រាស់​ប្រព័ន្ធ Android នោះទេ។ ប្រព័ន្ធដែល​ដំឡើង​នោះ ត្រូវបាន​ផលិតដោយ​ក្រុមហ៊ុនក្នុងស្រុក។

បច្ចុប្បន្នកម្មវិធី ​Android របស់​ក្រុមហ៊ុន ​Google មាន​អ្នកប្រើប្រាស់​លើទូរសព្ទ Smartphones និងឧបករណ៍ដទៃទៀត​ចំនួនជាង ​២ពាន់លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ