បក្សដែល​ចូលរួម​ប្រកួតជាមួយបក្សប្រជាជន​ សង្ឃឹមទទួលបាន​អាសនៈ​ក្រុមប្រឹក្សាមួយចំនួន

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

គណបក្សមួយចំនួនដែល​ចូលរួម​ប្រកួតប្រជែង​ជាមួយគណបក្សប្រជាជន​ សង្ឃឹមថា ពួកគេនឹងទទួលបាន​អាសនៈខ្លះពីការបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ និងរាជធានី-ខេត្ត ជាពិសេសគឺទាក់ទាញការគាំទ្រពីសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលភាគច្រើ​នមកពីគណបក្សកាន់អំណាច។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សចំនួន៧ កំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ដែលមានរយៈពេល៨ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។

ការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ហើយធ្វើឡើងជាអសកល ដែល​បោះ​ឆ្នោត​ដោយ​អង្គ​បោះ​ឆ្នោត​ចំនួន១១,៥៧២​នាក់​នៅ​ទូទាំង​ប្រទេស ប៉ុន្ដែ ​ភាគ​ច្រើន​គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។

ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ប្រាប់ VOD នៅថ្ងៃនេះ ថា បើទោះបីជាមិនមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ប៉ុន្ដែ គណបក្សនេះបានសម្រេចចិត្តចូលរួមការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្តនេះ ដើម្បីពង្រឹងលិទ្ធិប្រជាធិបតេយ្យ និងពង្រឹងសមត្ថភាពរបស់គណបក្ស។

លោកថា គណបក្សនេះបានដាក់ចេញនូវគោលនយោបាយទប់ស្កាត់អំពើពុករលួយ និងពង្រឹងសេវាសាធារណៈ ដោយលោកសង្ឃឹមថា អាចទាក់ទាញទឹកចិត្តអង្គបោះឆ្នោត និងទទួលសំឡេងគាំទ្រខ្លះ។

លោកបន្ដថា៖ «បើទោះបីការបោះឆ្នោត វាអសកល ហើយអង្គបោះឆ្នោតរបស់គណបក្សឆន្ទៈខ្មែរមិនមានក៏ដោយ ប៉ុន្ដែ យើងនៅតែមានសុទិដ្ឋិនិយមថា យើងនឹងអាចយកសំឡេងមួយចំនួន ដែលនឹងបោះឆ្នោតនាពេលខាងមុខនេះ ដើម្បីគាំទ្រឲ្យគណបក្សឆន្ទៈខ្មែរអាចចូលរួមក្នុងការអភិវឌ្ឍប្រទេស»។

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ប្រាប់ VOD ផងដែរថា គណបក្សរបស់លោកបានដាក់ចេញនូវគោលនយោបាយសំខាន់មួយ គឺពង្រឹងអភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន និងការធ្វើយុទ្ធនាការឃោសនាជាប្រចាំ ដើម្បីទាក់ទាញអង្គបោះឆ្នោត។

លោក ក៏បង្ហាញក្ដីរំពឹងផងដែរថា គណបក្សមួយនេះនឹងទទួលបានអាសនៈពីការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត ដោយសារ ថាគណបក្សនេះទទួលបានអាសនៈចំនួន៣ ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលនោះ។

លោកបន្ដថា៖ «គណបក្សយុវជនកម្ពុជា ជាអាណត្តិទី១របស់ខ្លួន ហើយខ្លួនទទួលបានអង្គបោះឆ្នោតផងដែរនោះ ការប្រកួតប្រជែងគឺមិនទាន់ខ្លាំងក្លាទេ ចំពោះនយោបាយយើងទើបចាប់ផ្ដើមពន្លក […]។ បើនិយាយពីឈ្នះ យើងឥតនិយាយទេ តែបើថា បានសំឡេងក្រុមប្រឹក្សា យើងនិយាយថា អាចបានខ្លះ ក្រុមប្រឹក្សាស្រុក-ខណ្ឌ រាជធានី-ខេត្តនោះ»។

អគ្គលេខាធិការរងគណបក្សខ្មែររួបរួមជាតិ លោក មូល ឈឿន មានប្រសាសន៍ថា គណបក្សនេះធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតជារៀងរាល់ថ្ងៃ និងបន្ដទៅតាមខេត្តក្រុងមួយចំនួនក្នុងប្រទេស។ លោកថា ការដោះស្រាយបញ្ហាជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ គឺជាគោលនយោបាយសំខាន់របស់គណបក្សនេះ ដើម្បីទាក់ទាញទឹកចិត្តអង្គបោះឆ្នោត។

លោកជឿថា គណបក្សនេះនឹងទទួលបានអាសនៈផងដែរ ដោយសារថា គណបក្សនេះក៏មានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០១៧ និងអាសនៈរបស់អតីតគណក្សសង្គ្រោះជាតិ ដែលទទួលបានចំនួន ២០១អាសនៈផងនោះ។

លោកបន្ដថា៖ «តែបើតាមមើលការស្ទាបស្ទង់ទៅ ប្រហែលជាបានអាសនៈ ព្រោះថា អង្គបោះឆ្នោតរបស់យើងមួយចំនួននៅតាមខេត្ត វាមានលក្ខណៈពេញលេញ។ អង្គបោះឆ្នោតរបស់យើងអាចបានអាសនៈនៅហ្នឹង ប៉ុន្ដែ ការបានច្រើន ឬតិចបានប៉ុន្មានៗ ខ្ញុំអត់ដឹង អត់អាចសន្និដ្ឋានបាន»។  

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គណបក្សនេះនឹងឈ្នះការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្តអាណត្តិទី៣នេះ ដោយលោកថា គណបក្សកាន់អំណាចមួយនេះបានចុះពង្រឹងគណបក្ស និងណែនាំសមាជិករបស់ខ្លួនមិនឲ្យបោះឆ្នោតទៅគណបក្សផ្សេង។

លោកបន្ដថា៖ «យើងមិនមានការព្រួយបារម្ភអីចំពោះបងប្អូនដែលជាក្រុមប្រឹក្សាឃុំ-សង្កាត់ដែលគូសឲ្យគណបក្សផ្សេងទេ។ យើងមិនមានការព្រួយបារម្ភអីទាំងអស់។ អ៊ីចឹង សរុបមកវិញ លទ្ធផលនៃការបោះឆ្នោត យើងមានក្ដីសង្ឃឹម និងជឿជាក់១០០ភាគរយ នៅក្នុងចំណោមក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលដើរតាមគណបក្សប្រជាជនកម្ពុជា»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិច លោក សំ គន្ធាមី មើលឃើញថា ការបោះឆ្នោតនេះហាក់មិនមានការប្រកួតប្រជែងពិតប្រាកដនោះទេ ដោយថា គណបក្សដែលចូលរួមបោះឆ្នោតជាមួយបក្សកាន់អំណាច មិនមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោតនោះទេ។

លោកបន្ដថា៖ «មិនមានអីប្រកួតប្រជែងកើតទេ ព្រោះអីចំនួនអង្គបោះឆ្នោតយើងអត់មាន។ ហើយវាមានតិចតួច ហើយទៅប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានអាសនៈស្ទើរតែគ្រប់ឃុំ-សង្កាត់ហើយ»។  

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចំនួន​មណ្ឌល ​និង​អាសនៈ​របស់​ក្រុមប្រឹក្សា​រាជធានី-ខេត្តនៅទូទាំងប្រទេសនៅអាណត្តិ​ទី​៣​នេះ​ ​​ចំនួន ​៥៥៩​ ខណៈ​​មណ្ឌល​ក្រុង​-ស្រុក​-ខណ្ឌ​ ទូទាំង​ប្រទេស​មានចំនួន ​២០៣ និង​មាន​អាសនៈសមាជិក​ក្រុមប្រឹក្សា​ក្រុង-ស្រុក សរុប​ចំនួន ​៣ ៥៥៥។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៦ ខែ​​ឧសភា ខាងមុខនេះ។

ក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៦ ខែឧសភា អតីតគណបក្សសង្គ្រោះជាតិបានថ្កោលទោសការបោះឆ្នោតនេះថា «ជាការបោះឆ្នោតក្លែងក្លាយ» និងបង្គ្រប់កិច្ច ដោយថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងចំនួន ៥០០៧ ក្នុងចំណោមតំណែងជាង១ម៉ឺននាក់ (១១៥៧២នាក់) គឺមិនបានកើតចេញពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ពិតប្រាកដ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ