អតីតមេឃុំ និងជំទប់​មក​ពី​បក្សប្រឆាំង ៤រូបទៀត នៅខេត្តបាត់ដំបងចូលបំភ្លឺនៅតុលាការ

លោកមេធាវី សំ សុគង់ (ឆ្វេង) និងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ (កណ្ដាល និងស្ដាំ) ចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង តាមដីកាកោះហៅរបស់តុលាការ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ ពេជ្រ ចំរុង

​អតីតមេឃុំ៣រូប និងជំទប់​​ទីមួយម្នាក់​របស់​គណបក្ស​សង្រ្គោះជាតិ ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្តបាត់ដំបង​នៅថ្ងៃនេះ តាមដីការ​កោះពាក់ព័ន្ធនឹងការចោទថា បាន​បំពាន​សាលដីកា​តុលាការ​កំពូលចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ​ ។

តុលាការកំពូល កាលពីពេលនោះ បានប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិ និង​បង្គាប់មិនឲ្យមន្ត្រីបក្សនេះ ១១៨នាក់ធ្វើនយោបាយរយៈពេល៥ឆ្នាំ។

មេធាវី​ លោក​ សំ​ សុ​គង់​ ដែល​ការ​ពាក្តី​ ឱ្យ​ VOD ដឹងក្រោយចេញពីតុលាការថា អ្នកទាំង៤នាក់នេះ មាន​អតីត​មេឃុំ​ពាមឯក​ លោក​ ស៊ុន​ ចំរើន​ អតីត​មេឃុំ​សំរោងក្នុង ​លោក​ ភឿក​ ឡុំ​ អតីត​មេឃុំ​ព្រែកហ្លួង​ អ្នកស្រី​ នី​ រំដួល​ និង​ជំទប់​ទី១​ ឃុំ​ព្រែកនរិន្ទ​ លោក​ សុខ​ សុ​ភ័ក្រ្ត​ ។

មេធាវី​រូប​នេះ​បន្តថា​ ក្នុងដំណាក់កាលទាញយកចម្លើយពីកូនក្តីនេះ តុលាការបាន​ចោទសួរ​ករណី​កូន​ក្តី​ថត​លើកដៃ​ឡើងលើរួមគ្នាអំឡុង​​ពិសាអាហារ​ជុំគ្នា​ នៅផ្ទះ​អតីតប្រធាន​ប្រតិបត្តិ​ខេត្ត​ លោក​ ជា​ ជីវ ​និង​អតីត​ចៅសង្កាត់​អូ​ចា​ កញ្ញា​ ស៊ិន​ចាន់​ពៅ​ រ៉ូហ្សេ​ត អំឡុង​ខែកក្កដា​ ឆ្នាំ២០១៨​ មុនបោះឆ្នោតជាតិ។

លោក​ថា​៖ «ខ្ញុំ​ជា​មេធាវី​ការពារ​ពួកគាត់ ​ខ្ញុំ​យល់ឃើញ​ថា​ ធាតុផ្សំ​នៃ​បទល្មើស​ទាក់ទិន​នឹង​ផ្លូវច្បាប់​ វា​មិនមែន​ជា​ការបំពាន​ទេ។​ វា​ជា​ការ​កម្រិត​សិទ្ធិ​ក្នុង​ការ​ជួបជុំ​ សិទ្ធិ​បញ្ចេញមតិ​ និង​សិទ្ធិ​ចូលរួម​សកម្មភាព​ក្នុង​ជីវិត​នយោបាយ​ ដែល​សិទ្ធិ​នេះ​ មាន​ពី​កំណើត​ដែល​ភ្ជាប់នឹង​សិទ្ធិមនុស្ស​ម្នា​ក់ៗ​ មានការ​ការពារ​ដោយ​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ផង​ដែរ​»។

បើ​តាម​មេធាវី​ការពារ​ក្តី​ គិត​ត្រឹម​ថ្ងៃអង្គារ​នេះ​ មន្ត្រី​ជាប់ឆ្នោត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៣៥នាក់​ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ លោក​ គឺ​ ប៊ុណ្ណា​រ៉ា​ ចេញដីកាកោះ​ហៅ​។ លោក​ថា​ ២៦ចូល​បំភ្លឺ​ហើយ​ នៅ​ ៩នាក់​ទៀត​ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី២៤ ​សប្តាហ៍​នេះ​។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី២១ ខែឧសភា​នេះ ​បញ្ជាក់​ថា​ ខ្លួន​កំពុង​តាមដាន​ដោយ​កង្វល់​អំពី​ស្ថានភាព​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​កោះហៅ ​ឬឃុំខ្លួន​ដោយ​មន្ត្រី​នគរបាល ​ឬតុលាការ​។

សេចក្តី​ថ្លែងការណ៍​ក៏បាន​យោង​ទៅលើ​ការ​ផ្តល់​អនុសាសន៍​ និង​ការ​ព្រួយបារម្ភ​របស់​អ្នករាយការណ៍​ពិសេស​ លោកស្រី​ រ៉ូ​ណា​ ស្មី​ត ពី​ការ​យាយី​ទៅលើ​អតីតមន្ត្រី​បក្ស​ប្រឆាំង​នេះ​ដែរ​។

លោក​ស្រី ​រ៉ូ​ណា​ ស្មី​ត៖ «មាន​តម្រូវការ​ផ្លាស់​ប្តូរ​វប្បធម៌​នយោបាយ​តែមួយ​ ដែល​ផ្តោត​ទៅលើ​បញ្ហា​ជាជាង​ផ្តោត​តែ​លើ​បុគ្គល​។ ករណីនេះ​រួម​ជាមួយ​ការ​ការពារ​ដោយ​ច្បាប់​នៃ​សេរីភាព​បញ្ចេញមតិ​ អាច​ជួយ​ឱ្យ​មាន​ភាព​ជោគជ័យ​លើ​បញ្ហា​ប្រឈម​នានា​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ សម្រាប់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ