នាវា​ចម្បាំង​អាមេរិក​ចូល​ជិត​ប្រទេស​ចិន​ជា​ថ្មី​ទៀត​

នាវាចម្បាំងរបស់សហរដ្ឋអាមេរិក​ចូលទៅក្នុងដែនទឹកកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូង កាលពីពេលកន្លងទៅ។ រូបភាព៖ វេបសាយបរទេស

នាវាចម្បាំងរបស់សហរដ្ឋអាមេរិក​ចូលទៅក្នុងដែនទឹកកំពុងមានជម្លោះនៅសមុទ្រចិនខាងត្បូងជាថ្មីទៀត ស្របពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរាលដាលខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។​

កាលពីថ្ងៃចន្ទម្សិលមិញ នាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានទៅដល់តំបន់ ​Scarborough Shoal ជាទីតាំងដែលចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ ចិនប្រតិកម្មខ្លាំងចំពោះករណីនេះ ហើយថា អាមេរិកកំពុងតែឈ្លានពានដែនអធិបតេយ្យភាពរបស់ខ្លួន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។​

បច្ចុប្បន្ន ចិន​ និងសហរដ្ឋអាមេរិក កំពុងតែប្រឈមលើបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាសង្គ្រាមពាណិជ្ជកម្ម និងបញ្ហាអាមេរិកមានទំនាក់ទំនងជាមួយដែនដីតៃវ៉ាន់។​

អ្នកនាំពាក្យកងទ័ពប្រជាជនចិន លោក Li Huamin បានព្រមានឱ្យនាវាចម្បាំងរបស់សហរដ្ឋអាមេរិក​ត្រូវប្រញាប់ចាកចេញពីទីតាំងនេះ។​ លោកបន្តថា ការចាកចេញនាវាចម្បាំងរបស់អាមេរិក​អាចនាំឱ្យមានសុវត្ថិភាពទាំងភាគីចិន និងសហរដ្ឋអាមេរិក។​

ស្ថានភាពតានតឹងប្រទេសទាំងពីរគឺចាប់តាំងដើមខែនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធទំនិញនាំចូលពីចិនរហូតដល់ ២០០ប៊ីលានដុល្លារ ចំណែកចិនវិញចាប់ផ្តើមដំឡើងពន្ធនាំចូលពីអាមេរិកដល់ ៦០ប៊ីលានដុល្លារ។ ចំណាត់ការនេះចាប់ផ្តើមនៅថ្ងៃទី១ ខែមិថុនា។

ជម្លោះពាណិជ្ជកម្មកើតឡើងតាំងពីខែកក្កដា ឆ្នាំ២០១៨មក។ ទោះជាថ្នាក់ដឹកនាំប្រទេសទាំងពីរខិតខំចរចាស្វែងរកដំណោះស្រាយញឹកញាប់ក៏ដោយ ក៏នៅតែមិនអាចស្វែងរកច្រកចេញបាន។​

ថ្មីៗនេះ លោក ត្រាំ ក៏បានបញ្ជាឱ្យក្រុមហ៊ុនទូរគមនាគមន៍អាមេរិកទាំងអស់បញ្ឈប់ការរកស៊ីជាមួយក្រុមហ៊ុនបរទេស ដែលអាចនាំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ក្នុងស្ថានភាពនេះ ធ្វើឱ្យក្រុមហ៊ុនចិន និង ក្រុមហ៊ុន​អាមេរិក​ កាន់តែពិបាកក្នុងការសហការគ្នា។​

បើនិយាយពីស្ថានភាពសមុទ្រចិនខាងត្បូង គឺចិនបានកសាងមូលដ្ឋានទ័ពជាច្រើនកន្លែងនៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមមានទាំងនៅកោះស្ព្រាតលី ជាកន្លែងកំពុងមានជម្លោះ។​

ចំណែកនាវាចម្បាំងរបស់សហរដ្ឋអាមេរិកតែងតែធ្វើដំណើរទៅកាន់ទីតាំងសមុទ្រចិនខាងត្បូងនេះជាបន្តបន្ទាប់ ដោយអះអាងថា នេះជាដែនលំហសមុទ្រអន្តរជាតិ។ អាមេរិកបញ្ជាក់ថា ការធ្វើនាវាចរណ៍នេះ គឺដើម្បីលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបើកនាវាជាអន្តរជាតិ។​

អ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន លោក Lu Kang ថ្លែងថា អាមេរិកត្រូវបញ្ឈប់សកម្មភាពនេះជាបន្ទាន់។​ លោកបញ្ជាក់ថា សកម្មភាពរបស់អាមេរិក​នេះអាចធ្វើឲ្យប្រទេសទាំងពីរមានការឈឺចាប់ដូចគ្នា។​

មិនទាន់មានការបកស្រាយជាផ្លូវការសារជាថ្មីទៀតរបស់សហរដ្ឋអាមេរិកលើសកម្មភាពនេះនៅឡើយទេ។

កាលពីពេលថ្មីៗនេះ នាវាចម្បាំងរបស់បារាំងជាសម្ព័ន្ធមិត្តរបស់អាមេរិក​ក៏បានចូលទៅដែនទឹកមានជម្លោះនៅសមុទ្រចិនខាងត្បូងនេះដែរ គឺក្នុងគោលបំណងដូចអាមេរិកដែរ ដើម្បីធានាសេរីភាពការធ្វើនាវាចរណ៍លើច្រកអន្តរជាតិ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ