​UN និង អាមេរិក ក្រើនរំឭកកម្ពុជាឱ្យបញ្ឈប់ការគំរាមលើអតីតបក្សប្រឆាំង

លោក កឹម សុខា និងលោក ហ៊ុន សែន

តំណាង​អង្គការសហប្រជាជាតិ ​និង​សហរដ្ឋ​អាមេរិក​ ក្រើនរំឭកដល់​រដ្ឋាភិបាលកម្ពុជាជាថ្មីទៀត ឱ្យ​បញ្ឈប់​ការគំរាមកំហែង​ផ្នែក​នយោបាយ​ទៅលើ​អតីត​បក្ស​ប្រឆាំង​ ដើម្បី​ធានា​ប្រយោជន៍​ពលរដ្ឋខ្មែរ​ទូទាំង​ប្រទេស​។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ​នៅ​ថ្ងៃអង្គារ​ម្សិលមិញ​នេះ​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដ៏​កម្រ​មួយ​ បញ្ជាក់​ថា ​ខ្លួន​កំពុង​តាមដាន​ដោយ​កង្វល់​អំពី​ស្ថានភាព​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​កោះហៅ​ ឬឃុំខ្លួន​ដោយ​មន្ត្រី​នគរបាល និង​តុលាការ​កម្ពុជា​។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​រំឭក​អនុសាសន៍​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ លោកស្រី​ រ៉ូ​ណា ​ស្មី​ត ដែល​ទើប​បញ្ចប់​បេសកកម្ម​នៅ​កម្ពុ​ជា​ថ្មី​ៗនេះ បានលើកឡើង​ថា​ កម្ពុជា​គួរ​ផ្លាស់​ប្តូរ​វប្បធម៌​នយោបាយ​ ដោយ​ផ្តោត​លើ​បញ្ហាជាតិជាជាង​ផ្តោត​តែ​លើ​បញ្ហា​បុគ្គល​។

លោក​ស្រី ​រ៉ូ​ណា​ ស្មី​ត ថា​៖ «ការ​ការពារ​ដោយ​ច្បាប់​នៃ​សេរីភាព​បញ្ចេញមតិ​ អាច​ជួយ​ឱ្យ​មាន​ភាព​ជោគជ័យ​លើ​បញ្ហា​ប្រឈម​នានា​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​ សម្រាប់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​»។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដែរ​ ទាមទារ​ឱ្យ​ស៊ើបអង្កេត​ការ​ស្លាប់​សកម្មជន​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​កំពង់​ចាម ​គឺ​លោក​ ទិត្យ​ រ៉ន​ ដែល​ថា ស​កម្ម​ជន​រូប​នេះ​បាន​ស្លាប់​គួរ​ឱ្យ​សង្ស័យ​ អំឡុង​ពេល​អាជ្ញាធរ​ចាប់​យក​ទៅ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។

សហរដ្ឋ​អាមេរិក​ក៏​បន្ត​ទាមទារ​ឱ្យ​ដោះលែង​ប្រធាន​បក្ស​នេះ​ គឺលោក​ កឹម​ សុខា​ និង​អ្នកទោស​នយោបាយ​ផ្សេងទៀត​ព្រមទាំង​ការ​ដកចេញ​នូវ​បម្រាម​ទាំងអស់​ចេញ​វិញ​ នូវ​អ្វី​ដែល​អាមេរិក​ថា​ ដើម្បី​ធានា​សិទ្ធិ​តប​តាមច្បាប់​អន្តរជាតិ​ ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​។

សមាជិករដ្ឋសភា​អាមេរិក​ លោក​ អា​ឡាន​ ឡូ​វិន​ថល​ (Mr​ Alan​ Lowenthal​) បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ VOA ​ម្សិលមិញ​នេះ​ថា​ បក្ស​កាន់អំណាច​​នឹង​បន្ត​ប្រើ​កណ្តាប់​ដៃ​ដែក​ទប់ស្កាត់​មិន​ឱ្យ​មានរបប​ប្រជាធិបតេយ្យ​សេរី​នៅ​កម្ពុជា​ទេ​។

លោក​ថ្លែង​ទៀត​ថា​៖ «នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​របប​របស់​គាត់​ បន្ត​ប្រើ​កណ្តាប់​ដៃ​ដែក​ផ្តាច់​ការ​ និង​រំលោភសិទ្ធិ​សេរីភាព​ពលរដ្ឋ​កម្ពុជា​។ ព្រឹត្តិ​ការណ៍​នា​ពេល​ថ្មី​ៗនេះ​ បង្ហាញ​យ៉ាង​ច្បាស់​ថា​ គាត់​គ្មាន​ចេតនា​ឱ្យ​មានរបប​ប្រជាធិបតេយ្យ​ពហុបក្ស​នៅ​កម្ពុជា​ទេ​។ ចេតនា​តែមួយគត់​របស់​គាត់​គឺ​បន្ត​កាន់អំណាច​ និង​គ្រប់គ្រង​»។

សមាជិកសភា​អាមេរិក​រូប​នេះ​ ជុំ​រុញ​ទៅ​រដ្ឋសភា​របស់​ខ្លួន​ ឱ្យ​ចាត់វិធានការ​ឆាប់រហ័ស​មួយ​ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោក​ថា​៖ «រដ្ឋសភា​សហរដ្ឋ​អាមេរិក​ត្រូវ​ចាត់វិធានការ​ទៅមុខ​ឱ្យ​បាន​ឆាប់រហ័ស​ និង​មាន​គោលដៅ​ប្រើប្រាស់​កម្លាំង​ទំាង​ស្រុង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ប្រឆាំង​នឹង​លោក​ ហ៊ុន​ សែន​ នៅមុន​ពេល​គាត់​បំផ្លាញ​ទាំងស្រុង​នូវ​លទ្ធភាព​នាំ​យក​ប្រទេស​កម្ពុជា​មកកាន់​លទ្ធិប្រជាធិបតេយ្យ​វិញ‍​»។

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ បាន​ច្រានចោល​ការ​លើកឡើង​ទាំងនេះ​ ដោយ​ថា​ ចំ​ណាត់​ការ​ទាំងឡាយ​ទៅលើ​អតីតមន្ត្រី​បក្ស​ប្រឆាំង ​រួម​ទាំង​ករណី​ឃុំខ្លួន​លោក​ កឹម​ សុខា​ ផង​ ថា​ជា​ការអនុវត្ត​ច្បាប់​ ដើម្បី​ពង្រឹង​នីតិរដ្ឋ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​។

អ្នកនាំពាក្យ​រូប​នេះ​អះអាង​ទៀត​ថា​ ការ​លើកឡើង​ទាំងអស់​ជា​សិទ្ធិ​របស់​ស្ថាប័ន​ទាំងនោះ​ ប៉ុន្តែ​ ថា​សារ​ទាំងនេះ​គ្មាន​ឥទ្ធិពល​អ្វីទៅ​លើ​រដ្ឋាភិបាល​ឱ្យ​ប្តូរ​ការសម្រេច​ចិត្ត​ទេ​។

លោក​ថា​៖ «ដោយសារតែ​យើង​ខិតខំ​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ ​និង​សិទ្ធិ​មនុ​សុ្ស​ហ្នឹងហើយ​បាន​ជា​កម្ពុជា​មាន​សន្តិភាព​ ស្ថិរ​ភាព​នយោបាយ​ ក៏ដូចជា​ ពលរដ្ឋ​មាន​សេចក្តី​សុខក្សេមក្សាន្ត​រហូតមកដល់​ពេលនេះ​។ ហើយ​ប្រសិនបើ​វា​មានការ​គាប​សង្កាត់​ អត់មាន​សិទ្ធិមនុស្ស​អត់មាន​អីហ្នឹង​ ខ្ញុំ​ថា​នៅ​ភ្នំពេញ​កំពុងតែ​ហុយផ្សែង​ហើយ ​[ការ​បះ​បោរ​តវ៉ា​] មិន​អាច​មាន​ស្ថិរភាព​ និង​សន្តិភាព​ដូច​បច្ចុប្បន្ន​បានទេ​»។

អ្នកវិភាគ​វ័យក្មេង​ កញ្ញា​ លី​ ស្រី​ស្រស់​ ហៅ​ចំណាត់​កា​រថ្មីៗ​ទៀត​នេះ​ទៅលើ​អតីតមន្ត្រី​បក្ស​ប្រឆាំង ការ​ស្លាប់​របស់​លោក​ ទិត្យ​ រ៉ន​ ក្នុង​ពន្ធនាគារ​ផង​ ទំនងជា​អន្តរជាតិ​មិន​ជឿ​ថា​ ជា​ការអនុវត្ត​ច្បាប់​ទេ​ ​កញ្ញា​ថា​ ព្រោះ​រឿង​នេះ​វា​បាន​កើតឡើង​ ក្រោយ​នាយក​រដ្ឋ​មន្ត្រីបញ្ជា​ផ្ទាល់មាត់​ឱ្យ​បន្ត​ទប់ស្កាត់​ចលនា​បក្ស​ប្រឆាំង​ដោយ​ប្រើពាក្យ​«ងើប​មួយ​វ៉ា​យមួយ»​ ។

អ្នកវិភាគ​រូប​នេះ​ ផ្តល់​ជា​យោបល់​ថា​ ដើម្បី​បញ្ចៀស​កម្ពុជា​ពី​វិបត្តិ​សង្គម​ មេដឹកនាំ​ត្រូវ​ពង្រឹង​យន្តការ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​ តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ ដែ​លប្រ​សូត្រ​ចេញពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជាជាង​គេច​ចេញពី​ការទទួលខុសត្រូវ​ ដោយ​បង្វែរ​ថា​ អនុសាសន៍​ទាំងនោះ​ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​។

កញ្ញា​ថា​៖ «ខ្ញុំ​ថា ​រដ្ឋាភិបាល​គួរតែ​កុំ​យកចិត្ត​ទុកដាក់​ទៅលើ​ពាក្យ​ថា ​«ជ្រៀតជ្រែក​ផ្ទៃក្នុង​កម្ពុជា​ពី​បណ្តាល​ប្រទេស​លោកសេរី​» មានន័យថា​ បើកាលណា​យើង​គិត​អ៊ីចឹង ​យើង​មិនបាន​គិតទៅ​លើ​អ្វី​ដែល​យើង​កំពុង​រំលោភសិទ្ធិ​ពលរដ្ឋ​យើង​ទេ​។ អ៊ីចឹង​ ខ្ញុំ​គិតថា​ បញ្ហា​គោលការណ៍​សិទ្ធិមនុស្ស​អីហ្នឹង​ ជា​រឿង​ត្រឹមត្រូវ​ ជា​កាតព្វកិច្ច​ដែល​រដ្ឋាភិបាល​គួរតែ​ពិនិត្យមើល​ ដោយ​មិន​ចាំបាច់​ឱ្យ​នរណា​មក​ប្រាប់​ទេ​»។

ជម្លោះ​នយោបាយ​នៅ​កម្ពុជា​ ដែល​បាន​ផាត់​គណបក្ស​ប្រឆាំង​មាន​អ្នកគាំទ្រ​ជាង៣លាន​នាក់​ចេញពីឆាកនយោបាយនេះ ​បាន​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ប្រតិកម្ម​ និង​ប្រកាស​ពី​វិធានការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជក​ម្ម​ ដោយ​ថា​ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ងាក​ទៅ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​។

ករណីនេះ​ សមាជិកព្រឹទ្ធសភា​អាមេរិក​ ៣រូប​ កាលពី​សប្តាហ៍​មុន​ បាន​ស្នើ​ច្បាប់​ថ្មី​មួយទៀត​ដែល​ច្បាប់​នេះ​ ចង​កាតព្វកិច្ច​កម្ពុជា​ ឱ្យ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ​ធានា​សន្តិសុខ​ក្នុង​តំបន់​ ទប់ស្កាត់​ឥទ្ធិពល​ចិន​ ត្រូវ​ធានា​ពី​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ​ដោយមាន​គណបក្ស​ប្រឆាំង​ចូលរួម​ ជាដើម​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ