សាកលវិទ្យាល័យមួយនៅសៀមរាបសោកស្ដាយដែលនិស្សិតខ្លួនច្រៀងបទ «សង្គមនេះ»

រូបភាពបទ «សង្គមនេះ» ដែលនិពន្ធ និងច្រៀងដោយ យុវជន ឈុន ឌីម៉ី។ រូបភាព៖ Screenshot YouTube

សាកល​វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ (University of South-East Asia) បង្ហាញការ​សោកស្តាយ​ដែល​និស្សិតរបស់ខ្លួនម្នាក់ច្រៀងបទចំរៀងរិះគន់សង្គមនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃ។

តាមរយៈសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ សាកល​វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បានសំដែងនូវការសោកស្ដាយដែល​និស្សិតរបស់ខ្លួនឈ្មោះ ឈុន ឌីម៉ី ដែល​បាននិពន្ធ និងច្រៀងចំរៀងមួយបទមានចំណងជើងថា «សង្គមនេះ»។ សាកល​វិទ្យាល័យនៅខេត្តសៀមរាបមួយនេះ ចាត់ទុកថាបទចម្រៀង «សង្គមនេះ» បាន​ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងផ្ទុយពីគោលនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រដ្ឋាភិបាល។

ក្នុងសេចក្ដីថ្លែងការណ៍ដដែល​ សាកល​វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បាន​លើកឡើងផងដែរថា ​សាកលវិទ្យាល័យ​មិនមានកម្មវិធីបង្រៀនឲ្យចេះរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលនោះទេ ហើយថា បទចម្រៀងនេះ គឺកើតចេញពីយុវជនឈ្មោះ ឈុន ឌីម៉ី ផ្ទាល់ និងគ្មានការផ្ដល់យោបល់ពីគណៈគ្រប់គ្រង សាស្ដ្រាចារ្យ និងគ្រូបង្រៀននៅសាកលវិទ្យាល័យនេះទេ។

ប្រធានបណ្ដាញយុវជនកម្ពុជា លោក ទឹម ម៉ាល័យ យល់ថា សេចក្ដីថ្លែងការណ៍របស់សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នេះ គឺគ្រាន់តែដើម្បីការពារផលប្រយោជន៍របស់ខ្លួន ឬស្ថិតនៅក្រោមគំនាបរបស់រដ្ឋាភិបាលប៉ុណ្ណោះ។

លោកថា នេះក៏បង្ហាញឲ្យឃើញនូវគំរូអាក្រក់ក្នុងប្រព័ន្ធអប់រំក្នុងប្រទេសកម្ពុជាផងដែរ ដែលកន្លែងផ្ដល់ចំណេះដឹង បែរជារឹតត្បឹតសិទ្ធិសេរីភាព និងបន្ទុចបង្អាក់ការចូលរួមរបស់យុវជននៅក្នុងសង្គមទៅវិញ។

លោកបន្ដថា៖ «ខ្ញុំយល់ថា សាលាក៏មានការគាបសង្កត់ពីសំណាក់អ្នកមានអំណាចនៅក្នុងស្រុកខ្មែរដែរ […] ជាគំរូអាក្រក់ដល់សាលាផ្សេងទៀតក្នុងប្រទេសកម្ពុជា យើងមិនគួរបិទបាំងសិទ្ធិសេរីភាពក្នុងការនិយាយស្ដីទេ។ ប្រសិនបើសាលាយល់ថា សង្គមហ្នឹងមិនអញ្ចឹងគាត់នៅស្ងៀមទៅ ព្រោះវាជាឯកជនភាពរបស់ម្នាក់ៗ គាត់អាចបង្ហាញនូវអ្វីដែលគាត់មើលឃើញ»។

កាលពីថ្ងៃទី១៦ ខែឧសភាកន្លងមក យុវជន ឈុន ឌីម៉ី បានសម្រេចចិត្តលុបបទចម្រៀងដែលគាត់និពន្ធ និងច្រៀង ចេញពីបណ្ដាញសង្គមហ្វេសប៊ុក និងយូធ្យូបវិញ ក្រោយមានប្រតិកម្មពីអាជ្ញាធរ និងមន្ដ្រីរដ្ឋាភិបាល។

បទ «សង្គមនេះ» ដែលច្រៀងដោយយុវជន ឈុន ឌីម៉ី បានរៀបរាប់ និងរិះគន់ពីបញ្ហាសង្គមក្នុងប្រទេសកម្ពុជានា ដូចជា បញ្ហាអយុត្តិធម៌ អំពើពុករលួយ និងការជិះជាន់លើប្រជាពលរដ្ឋក្រីក្រ ពីសំណាក់អ្នកមានអំណាច ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ