ពលរដ្ឋរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង ជំរុញឲ្យ​អាជ្ញាធរ​ពន្លឿនការដោះស្រាយសំណង

លោក ឡុង ចាន់ឌី ដែលអះអាងថា ជាតំណាងពលរដ្ឋនៅសហគមន៍ផ្លូវរថភ្លើងទួលសង្កែB ប្រាប់ វី.អូ.ឌី ក្រោយជួបប្រជុំជាមួយតំណាងសាលាក្រុង។ រូបភាព៖ ហ៊ី ឆាយ

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុង​រាជធានីភ្នំពេញ បានជំរុញទៅសាលារាជធានីភ្នំពេញជាថ្មីទៀត ឲ្យពន្លឿនដោះស្រាយសំណងជូនពួកគេ ខណៈពលរដ្ឋទាំងនោះបារម្ភពីការបណ្តេញចេញទាំងបង្ខំ។

តំណាងពលរដ្ឋអះអាងថា អ្នកភូមិប្រមាណ៨០នាក់ បានជួយប្រជុំជាមួយតំណាងសាលារាជធានីភ្នំពេញនៅថ្ងៃនេះ ដើម្បីសួរនាំពីដំណោះស្រាយ និងផលសំណង ក្រោយពីទីលំនៅរបស់ពួកគេរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង។

លោក ឡុង ចាន់ឌី ដែលអះអាងថា ជាតំណាងពលរដ្ឋនៅសហគមន៍ផ្លូវរថភ្លើងទួលសង្កែ B ប្រាប់ វី.អូ.ឌី ក្រោយជួបប្រជុំជាមួយតំណាងសាលាក្រុងថា ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញធ្លាប់បានសន្យាដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋទាំងអស់គ្នាជាច្រើនដង និងយូរឆ្នាំហើយ ប៉ុន្តែ រហូតមកពេលនេះ អ្នកភូមិមិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ។

លោក បន្ថែមថា៖ «កាល ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស សន្យាថា ធ្វើការអភិវឌ្ឍនៅនឹងកន្លែង ដោយផ្តល់ដីឲ្យពលរដ្ឋ ៤គុណ១៥។ រហូតមកដល់ ២០១៨ ឯកឧត្តម ឃួង ស្រេង ពេលដែលឡើងជាអភិបាលក្រុង លោកសន្យាអភិវឌ្ឍ(នៅ)នឹងកន្លែងដដែល។ ក្រោយមក ឯកឧត្តម កើត ឆែ ហៅពួកយើងមកនិយាយដោយប្រាប់ថា អត់មានដីអភិវឌ្ឍបានទេ ដោយសារប៉ះពាល់ពលរដ្ឋនៅរស់នៅខាងក្រោយ ដែលធ្វើការដោះដូរកន្លែង។ ប៉ុន្តែ រហូតពេលនេះ កន្លែងដោះដូរមិនដឹងនៅកន្លែងណាឲ្យច្បាស់លាស់ទេ ដែលធ្វើឲ្យពួកគេបារម្ភ»

តំណាងពលរដ្ឋសហគមន៍ផ្លូវរថភ្លើងទួលសង្កែ A លោក ស៊ីម វីរៈ និយាយថា ដោយសារចង់ចូលរួមសម្រួលដល់ការអភិវឌ្ឍរបស់រដ្ឋាភិបាល គឺប្រជាសហគមន៍បានសម្រេចទទួលយកការដោះដូរទីកន្លែង។ ប៉ុន្តែ លោកថា រហូតពេលនេះកន្លែងដែលត្រូវដោះដូរនោះមិនដឹងជានៅកន្លែងណាច្បាស់លាស់ទេ ដែលធ្វើពួកគាត់បារម្ភខ្លាចមានការ​បណ្ដេញចេញទាំង​បង្ខំដូចសហគមន៍ដទៃទៀតពេលកន្លងមក។

លោក មានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋយើងសុខចិត្តសម្បទានដីជូនសាលាក្រុង ដើម្បីធ្វើផ្លូវហ្នឹងឲ្យបាន។ អ៊ីចឹង ប្រជាពលរដ្ឋមិនធ្វើការអភិវឌ្ឍនៅនឹងកន្លែងទេ សុខចិត្តដោះដូរទៅយកដីនៅតាមបណ្តោយលូទឹកស្អុយវិញ។ ប៉ុន្តែ ពលរដ្ឋយើងសុំដោះដូរយកដីម្តុំវត្តទួល បើមិនបាននៅម្តុំនោះទេ ពួកយើងមិនព្រមទទួលយកឡើយ»

ពលរដ្ឋម្នាក់អ្នកស្រី កែវ វត្ថា និយាយថា ការពន្យារពេលមិនដោះស្រាយបញ្ចប់ជូនពលរដ្ឋនេះ បានធ្វើឲ្យពួកគាត់ជួបការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តជាខ្លាំង ដោយសារផ្ទះសម្បែងរបស់ពួកគាត់កំពុងចាស់ទ្រុឌទ្រោម និងបាក់បែក ប៉ុន្តែ មិនអាចសាងសង់អ្វីបន្ថែមទៀតទេ ដែលធ្វើពិបាកក្នុងការរស់នៅប្រចាំថ្ងៃ។

អ្នកស្រី បន្ត​ថា៖ «ប្រជាពលរដ្ឋផ្ទះគាត់ចាស់ទ្រុឌទ្រោមអស់ហើយ បើគាត់សាងសង់ឡើងវិញត្រូវខ្ចីប្រាក់គេយកមកសាងសង់ ហើយបើសាងសង់ ឬជួសជុលទៅ នៅបានយូរមិនអីទេ ប៉ុន្តែ សាងសង់រួច គេផ្លាស់ប្តូរភ្លាម គ្នាមិនជំពាក់លុយគេត្រួត? អាផ្ទះចាស់ក៏ជំពាក់គេ ផ្ទះថ្មីក៏ជំពាក់គេ។ អ៊ីចឹង ប្រជាពលរដ្ឋមិនប្រសើរជាងមុនទេ»

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង សុំមិនធ្វើអធិប្បាយទេ ដោយលោកថា កំពុងជាប់រវល់ប្រជុំ។

ទោះយ៉ាងណាក៏ដោយ តំណាងពលរដ្ឋឲ្យដឹងក្រោយការ​ជួបពិភាក្សាថា​ មន្រ្តីសាលារាជធានី​បានសន្យាចំពោះមុខពលរដ្ឋថា នឹងផ្តល់ដីជូនពលរដ្ឋតាមសំណើ ដោយរៀបចំចាក់បំពេញដីសម្រាប់ចែកជូនពលរដ្ឋចាប់ពីថ្ងៃសុក្រ​សប្តាហ៍នេះ ហើយថា ប្រសិនបើពុំឃើញទេ ពលរដ្ឋអាចមកសួរនាំម្តងទៀតបាន។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ដើម្បីកុំឲ្យប្រជាពលរដ្ឋបារម្ភចំពោះយន្តការដោះស្រាយយឺតយ៉ាវនេះ សាលារាជធានីភ្នំពេញត្រូវធានាពីការដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋទាំងនោះឲ្យបានច្បាស់លាស់។

លោក បន្ថែមថា៖ «ពីព្រោះ ពលរដ្ឋមានបទពិសោធន៍កន្លងមកច្រើន ទាក់ទងកន្លែងផ្សេងដែលមានបញ្ហាត្រូវដោះស្រាយ ដូចជា នៅបុរីកីឡា ជាដើមហ្នឹង វាបានបង្កបញ្ហាហ្នឹងជាប់រហូតមក។ អ៊ីចឹង​ហើយ ប្រជាពលរដ្ឋគាត់តែងតែមានការព្រួយបារម្ភ។ អ៊ីចឹង ប្រសិនសាលារាជធានីភ្នំពេញមានការបង្ហាញពីដំណោះស្រាយជាក់លាក់ ធ្វើឲ្យប្រជាពលរដ្ឋហ្នឹងគាត់មានការជឿជាក់ គាត់ស្ងប់អារម្មណ៍ ហើយអាចទទួលយកបានហើយ»

តំណាងពលរដ្ឋអះអាងថា អ្នកភូមិដែលឡើងមកជួបតំណាងសាលារាជធានីភ្នំពេញនៅថ្ងៃនេះ គឺមកពី៥សហគមន៍ក្នុងរាជធានីភ្នំពេញ មានសហគមន៍ទួលសង្កែA ទួលសង្កែB សហគមន៍ផ្លូវរថភ្លើង សហគមន៍មិត្តភាព និងសហគមន៍ក្រោលគោ ដែលសរុបមានពលរដ្ឋ ៣៤៣គ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ