សមាជិក​ព្រឹទ្ធសភា​អាមេរិក ស្នើច្បាប់​​​ដាក់​ទណ្ឌកម្មចិនករណី​សមុទ្រចិន​ខាងត្បូង​

​លោក ម៉ាកូ រូប៊ីអូ​ (Marco Rubio) សមាជិក​ព្រឹទ្ធសភាមកពី​​គណបក្ស​សាធារណរដ្ឋ​ (ឆ្វេង) និងលោក ឌីក ដឺប៊ីន​ (Dick Durbin) ​នៃ​គណបក្ស​ប្រជា​ធិប​តេយ្យ (ស្ដាំ)។ រូបភាព៖ វេបសាយបរទេស

ក្រុម​សមាជិក​ព្រឹទ្ធសភាអាមេរិក បាន​ស្នើជាថ្មី​នូវច្បាប់ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ពាក់​ព័ន្ធ​ជាមួយប្រទេស​ចិន​ ក្នុងករណី​រំលោភអធិបតេយ្យ​តំបន់​​កំពុងមាន​ជម្លោះ​ក្នុងសមុទ្រចិនខាងត្បូង និងខាងកើត​។

តាម​សេចក្តីប្រកាសព័ត៌មានដែល​ចេ​ញផ្សាយ​កាលពីម្សិលមិញ ​លោក ម៉ាកូ រូប៊ីអូ​ (Marco Rubio) សមាជិក​ព្រឹទ្ធសភាមកពី​​គណបក្ស​សាធារណរដ្ឋ​ និងលោក ឌីក ដឺប៊ីន​ (Dick Durbin) ​នៃ​គណបក្ស​ប្រជា​ធិប​តេយ្យ ជាអ្នកដឹកនាំស្នើ​ច្បាប់នេះ​។

​សេចក្តីប្រកាសព័ត៌មាន​ដែល​ចេញ​ដោយលោក ម៉ាកូ រូប៊ីអូ បាន​ឲ្យដឹងថា​ ច្បាប់នេះនឹងដាក់​ទណ្ឌកម្មប្រឆាំងបុគ្គល ឬក្រុមហ៊ុន​ណាដែល​ចូលរួម​ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង​ក្នុងសកម្មភាព​ខុសច្បាប់នានា។ សកម្មភាព​ខុសច្បាប់​ទាំងនោះ​រួមមាន​ ការរំលោភ​យក​ដែនកោះ ការបង្កើតកោះសិប្បនិម្មិត និង​ការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ចល័តក្នុង​តំបន់​ដែល​កំពុងមាន​ជម្លោះ ជាដើម។

តាមការចុះផ្សាយ​របស់​សារព័ត៌មាន​ South China Morning Post ប្រសិន​បើ​ច្បាប់នេះ​ចូល​ជាធរមាន​ រដ្ឋាភិបាល​អាមេរិក​នឹងដកហូតទ្រព្យសម្បត្តិ​របស់​បុគ្គល​ ឬក្រុម​ហ៊ុន​ចិនទាំងនោះ ឬបដិសេធការចេញ​ទិដ្ឋាការឲ្យពួកគេចូល​ទឹក​ដី​អាមេរិក​។

លោក ម៉ាកូ រូប៊ីអូ បានថ្លែងប្រាប់​សារព័ត៌មាន​ដែលមាន​មូលដ្ឋាន​នៅទីក្រុងហុងកុង​ដដែលនេះថា​ ច្បាប់ដែល​ស្នើឡើង​ដោយព្រឹទ្ធសមាជិកទាំង​ពីរ​គណបក្សនេះ ​នឹងពង្រឹងកិច្ច​ខិតខំប្រឹងប្រែងរបស់​សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត​ ដើម្បីទប់ទល់នឹង​សកម្មភាពយោធា​ដ៏គ្រោះថ្នាក់​របស់​ចិន​នៅ​តំបន់​មាន​ជម្លោះក្នុង​ដែនសមុទ្រចិនខាងត្បូង។ សមាជិកព្រឹទ្ធសភារូបនេះ បន្ថែម​ថា ​ច្បាប់នេះបង្ហាញ​ពីការ​ប្តេជ្ញារបស់​អាមេរិក​ក្នុងការរក្សាតំបន់សមុទ្រ​ចិនខាង​ត្បូង ​ជាតំបន់​មួយដែល​បើកចំហសម្រាប់​គ្រប់​ប្រទេសទាំងអស់។ លោក បន្ថែម​ថា ​ច្បាប់នេះក៏នឹង​ធ្វើឲ្យចិន​ទទួល​ខុសត្រូវ​ចំពោះ​សកម្មភាព​គំរាម​កំហែងរបស់ខ្លួន​​ទៅលើ​ប្រទេសផ្សេងៗក្នុងតំបន់​ផងដែរ។

ប៉ុន្តែ ​រដ្ឋាភិបាល​ក្រុងប៉េកាំង បាន​ហៅ​សំណើបង្កើត​ច្បាប់​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន និង​ជនជាតិ​ចិនពី​សំណាក់សមាជិក​ព្រឹទ្ធសភា​អាមេរិក​នេះ ថា ​រំលោភ​ច្បាប់​អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការបរទេសចិន​ លោក លូ ខាង បាន​លើកឡើងបែបនេះក្នុង​សន្និសីទសារព័ត៌មាន​មួយកាលពីម្សិលមិញ​។ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ អះអាងថា​ ការកសាង​សំណង់​នានា​នៅ​ដែនសមុទ្រចិនខាងត្បូង និងសមុទ្រចិន​ខាងកើត គឺធ្វើឡើង​​នៅ​ក្នុង​ដែន​អធិបតេយ្យរបស់​ចិន។

លោក លូ ខាង បន្ថែម​ថា ភាគី​​ចិនប្រឆាំងដាច់ខាតនឹង​សំណើ​ច្បាប់នេះ។ លោក ក៏បាន​ជំរុញ​ទៅ​អាមេរិកបញ្ឈប់​ដំណើរការច្បាប់​នេះជាបន្ទាន់​​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

ច្បាប់ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ពាក់​ព័ន្ធ​ជាមួយប្រទេស​ចិន​ ក្នុងករណី​រំលោភអធិបតេយ្យ​តំបន់​​កំពុងមាន​ជម្លោះ​ក្នុងសមុទ្រចិនខាងត្បូង និងខាងកើតនេះ ធ្លាប់​ត្រូវបាន​ស្នើម្តងរួច​ទៅ​​ហើយកាលពីឆ្នាំ២០១៧ ប៉ុន្តែ​ វាមិនត្រូវបាន​អនុម័ត​ទេនៅពេលនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ