យុវជន​គាំទ្រអតីត CNRP ​គ្រោងតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន សែន នៅជប៉ុន

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេ (Shinzo Abe) ក្នុងទីក្រុងតូក្យូថ្ងៃទី 7 ខែសីហាឆ្នាំ 2017 ។ រូបថត: AFP / Toru Hannai / Pool

ក្រុមយុវជនដែលគាំទ្រ​អតីតគណបក្សសង្គ្រោះ​ជាតិ​ គ្រោងធ្វើការតវ៉ាប្រឆាំងវត្តមានរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន អំឡុងពេលដែលមេដឹកនាំកម្ពុជារូបនេះទៅចូលរួមសន្និសីទមួយនៅប្រទេសជប៉ុននាចុងខែឧសភានេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា លោក ហ៊ុន សែន និងប្រតិភូជាន់ខ្ពស់កម្ពុជានឹងទៅបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅទីក្រុងតូក្យ៉ូ ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអន្ដរជាតិលើកទី២៥ ស្ដីពី«អនាគតរបស់អាស៊ី» ធ្វើឡើងចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភាខាងមុខនេះ។

តាមសេចក្ដីប្រកាសព័ត៌មាន ក្នុងដំណើរទស្សនកិច្ចនោះ លោក ហ៊ុន សែន ក៏គ្រោងជួបជាមួយនាយករដ្ឋមន្ដ្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងចំនួន២ ដែលជប៉ុនគ្រោងផ្ដល់ជំនួយឥតសំណងដល់កម្ពុជា មានទឹកប្រាក់សរុបជាង ៥០០លានយ៉េន (៥៣៩លានយ៉េន)។   

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ នៅប្រទេស​ជប៉ុន ​លោក ហៃ វណ្ណា ប្រាប់ VOD ថា លោកនឹងដឹកនាំការតវ៉ាប្រឆាំងវត្តមានរបស់លោក ហ៊ុន សែន នេះ ដោយលោកចោទថា រដ្ឋាភិបាលបច្ចុប្បន្ន គឺជារដ្ឋាភិបាលខុសច្បាប់ដែល​កើតចេញពីការបោះឆ្នោតក្លែងក្លាយ​។

លោកបន្ដថា ក្រុមយុវជន និងប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុននឹងចូលរួមផងដែរ ហើយថា ការតវ៉ានេះនឹងធ្វើឡើងនៅទីតាំងចំនួន៣ គឺ​នៅមុខ​សណ្ឋាគារដែល​រៀបចំ​សន្និសីទ​នេះ នៅខាងមុខ​ក្រសួងការបរទេស​ និង​រដ្ឋសភាជប៉ុន។

លោក បន្ដថា៖ «ក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ ចង់ឃើញយុត្តិធម៌សង្គម ចង់ឃើញការផ្លាស់ប្ដូរជាវិជ្ជមានក្នុងប្រទេសកម្ពុជា គឺយើងប្រកាន់ជំហរមិនទទួលស្គាល់លោក ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីស្របច្បាប់របស់យើងទេ។ យើងមិនទទួលស្គាល់ដាច់ខាតការបោះឆ្នោតដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយកន្លងទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»។ 

បើតាមលោក ហៃ វណ្ណា ចំពោះការតវ៉ានេះ ពួកគេនឹងប្រមូលផ្ដុំគ្នាជាក្រុម ដោយមានទាំងការលើកបដា និងផ្ញើសារមួយចំនួន ដែលពួកគេទាមទារផងដែរ។ 

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សួស យ៉ារ៉ា ថាលោកមិនចាប់អារម្មណ៍គម្រោងធ្វើការតវ៉ានេះទេ ដោយលោកចាត់ទុកថា ក្រុមដែលរៀបចំការតវ៉ានេះ គឺជាក្រុមខុសច្បាប់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយចោលនោះ។

លោកបន្ដថា៖ «យើងក៏ដូចជាគ្មានយោបល់អីដែរ ព្រោះពួកក្រៅច្បាប់អ៊ីចឹង។ ហើយក៏យើងមិនដែលគិតថា មានគេផង ព្រោះច្បាប់រំលាយបាត់ហើយ ហើយប្រជាជនបោះឆ្នោតរួចហើយ យើងអត់មានអីត្រូវនិយាយទៀតទេ»។

អ្នកតាមដានពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី យល់ថា ការតវ៉ានេះគឺគ្រាន់តែជារូបភាពមួយរំខានដល់រដ្ឋាភិបាលដឹកនាំដោយបក្សកាន់អំណាចតែប៉ុណ្ណោះ។ លោកថា ការផ្លាស់ប្ដូរជាវិជ្ជមានណាមួយ គឺទាល់តែចិនលែងមានឥទ្ធិពលមកលើកម្ពុជា និងការផ្លាស់ប្ដូរជំហររបស់កម្ពុជាខ្លួនឯង។  

លោក បន្ដថា៖ «ដរាបណាចិននៅតែគ្រប់គ្រង ហើយប្រើឥទ្ធិពលនយោបាយរបស់ខ្លួនមកលើប្រទេសកម្ពុជា ជាពិសេសការធ្វើឲ្យមានប្រព័ន្ធគ្រប់គ្រងមួយមានលក្ខណៈឯកបក្ខហ្នឹង ការដោះស្រាយតែចំណុចមួយនៅក្នុងស្រុក ការពាក់ព័ន្ធរបស់បរទេសនៅក្នុងការប្រើប្រាស់ឥទ្ធិពលនយោបាយមកលើស្រុកយើង»។

អតីតគណបក្ស​សង្គ្រោះ​ជាតិ ដែល​កាន់​កាប់​អាសនៈ​សភា​ចំនួន៥៥​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ និងទទួលបាន​អាសនៈ​ចំនួន ៥០០៧ ក្នុង​ការ​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក​ ត្រូវ​បាន​តុលាការ​កំពូល​​រំលាយ​ចោលតាមបណ្ដឹងរបស់រដ្ឋាភិបាល ហើយ​អាសនៈ​​ទាំង​អស់របស់អតីតបក្សប្រឆាំង ក៏ត្រូវ​បាន​ដក​ហូត និង​បែង​ចែក​ទៅ​ឲ្យ​គណបក្ស​​ផ្សេង​។

សហគមន៍​អន្តរជាតិ​នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ថ្កោល​ទោស​ការ​បោះ​ឆ្នោត​ និង​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោតនោះទេ ដោយពួកគេបានព្រមានដាក់ទណ្ឌកម្មទាំងផ្នែកសេដ្ឋកិច្ច និងការទូតមកលើកម្ពុជាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ