សមត្ថកិច្ចនឹងបំភ្លឺការស្លាប់ក្នុងពន្ធនាគាររបស់អតីតសកម្មជនបក្សប្រឆាំង លោក ទិត្យ រ៉ន

រូបភាពសពបុរសម្នាក់ស្លាប់ក្នុងពន្ធនាគារខេត្តកំពង់ចាម កាលពីថ្ងៃទី១៨មេសា ។ លោកឈ្មោះ ទិត្យ រ៉ន អាយុ៣៧ឆ្នាំនៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។ រូបភាព៖ ផ្ដល់ឲ្យពី អាដហុក

ស្នងការនគរបាលខេត្តកំពង់ចាម បានលើកឡើងថា សមត្ថកិច្ចមិនដែលព្រងើយកន្តើយចំពោះករណីស្លាប់កូនអតីតមន្ត្រីមូលដ្ឋានបក្សប្រឆាំង លោក ទិត្យ រ៉ន នោះឡើយ ដោយថា ការស៊ើបអង្កេតនោះ ធ្វើឡើងមុន​ពេលមានការជំរុញពីមជ្ឈដ្ឋានមួយចំនួនទៀតផង។

ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោក ហេង វុទ្ធី អះអាងថា​ សមត្ថកិច្ចបានបើកការស៊ើបអង្កេតករណីស្លាប់លោក ទិត្យ រ៉ន ហើយក៏ត្រៀមបញ្ជូនឯកសារភស្តុតាងទាំងអស់ទៅគណៈកម្មការក្រសួងមហាផ្ទៃនៅថ្ងៃស្អែកនេះ។

យ៉ាងនេះក្តី ស្នងការរងដដែល មិនទាន់អាចបង្ហាញអំពីលទ្ធផលនៃការស៊ើបអង្កេតនោះបាន​នៅឡើយទេ​។

លោកបន្តថា៖ «តាមពិតយើងចំណាត់ការរឿងហ្នឹងតាំងពីមុនម្លេះ មិនមែនចាំដល់ពេលគេប្តឹងហើយបានចេញធ្វើទេ។ យើងបានធ្វើរួចទៅហើយ យើងបានចេញរួចទៅហើយ ហើយឥឡូវនេះ យើងបានធ្វើចេញឱ្យអស់ ដោយប្រមូលភស្តុតាងទាំងអស់ ​បង្ហាញទៅគាត់ (ក្រសួងមហាផ្ទៃ) ដើម្បីឱ្យ​បានដឹងរឿងហ្នឹងបណ្តាលមក​ពីយ៉ាងម៉េច។ អ៊ីចឹង ស្អែកនេះគឺគណៈកម្មការទាំងអស់ដែលមានក្រសួងមហាផ្ទៃដឹកនាំមកហ្នឹងគឺអនុវត្តហើយ។ អនុវត្តជាក់ស្តែងឱ្យឃើញតែម្តង។ អ៊ីចឹងលទ្ធផលនឹងចេញស្អែកទាំងអស់ »។

លោក ទិត្យ រ៉ន មានអាយុ ៣៧ឆ្នាំ ជាអតីតមន្ត្រីសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាជ្រើសរើសឃុំ-សង្កាត់ ឆ្នាំ២០១៧ មកពីគណបក្សសង្រ្គោះជាតិ។

ឪពុករបស់លោក ទិត្យ រ៉ន គឺលោក អៀម ទិត្យ ជាអតីតសមាជិកគណៈកម្មការប្រតិបត្តិគណបក្សសង្រ្គោះជាតិ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

លោក ទិត្យ រ៉ន ត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាម ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមេសា ពាក់ព័ន្ធសំណុំរឿងបង្ករបួសស្នាមកាលពីជាង១០ឆ្នាំមុន។

ប៉ុន្តែពីរថ្ងៃ ក្រោយចាប់ខ្លួន ពោលគឺនៅថ្ងៃទី១៨ ខែមេសា មន្ត្រីពន្ធនាគារ​ប្រាប់សាច់ញាតិឱ្យមកយកសពលោក ទិត្យ រ៉ន តែម្តង ដោយគ្រួសារធ្លាប់អះអាងថា សពមានស្នាមរបួសជាំជាច្រើនកន្លែង និងបាក់កថែមទៀតផង។

កាលពីថ្ងៃទី៣០ ខែមេសា ស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បានចេញរបាយការណ៍បំភ្លឺម្តងរួចមកហើយ ថាការស្លាប់របស់លោក ទិត្យ រ៉ន បណ្តាលមកពីរអិលដួលបោកក្បាលទៅនឹងជ្រុងអាងទឹកក្នុងបន្ទប់ឃុំខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តនេះ កាលពីថ្ងៃទី១៧ ខែមេសា។

របាយការណ៍ដដែល អះអាងថា ក្នុងពេលឃុំខ្លួននៅបន្ទប់ស្នងការដ្ឋាននគរបាលខេត្ត សមត្ថកិច្ចមិនបានប្រើអំពើហិង្សា ឬធ្វើទារុណកម្មលើជនសង្ស័យឈ្មោះ ទិត្យ រ៉ន នោះឡើយ។

​ប្អូនប្រុសបង្កើតរបស់លោក ទិត្យ រ៉ន គឺលោក ទិត្យ ចាន់ បានអះអាងថា ហេតុផលដួលបោកក្បាលនៅបន្ទប់ទឹកស្លាប់នោះ គឺជាហេតុផលមិនអាចទទួលយកបាន​។ លោកស្នើជាថ្មីទៀត ឱ្យស្ថាប័នជំនាញស៊ើបអង្កេតឱ្យបានច្បាស់លាស់ ដើម្បីផ្តល់យុត្តិធម៌ដល់សពបងប្រុសរបស់លោក។

លោកបន្តថា៖ «ដួលណាស្លាប់? ដួលមិនស្លាប់ទេ គេដួលម៉ូតូ គេមិនងាប់ផង គ្រាន់តែបាក់ដៃបាក់ជើង។ ហើយនេះ គ្រាន់តែបន្ទប់ទឹកសោះ ទៅឱ្យដួលស្លាប់ឯណា? រួចដៃខ្លួន ភ្នែក ឡើងជាំអស់រលីងហើយ ដួលណាអ៊ីចឹង? បងខ្ញុំនៅឯណេះរកត្រី រកអី រាល់តែថ្ងៃសោះហ្នឹង រួចដល់ចាប់ពីរបីថ្ងៃ ស្លាប់ទៅអ៊ីចឹង»។

ប្រធានការិយាល័យផ្នែកអង្កេតរបស់អង្គការលីកាដូ លោក អំ សំអាត លើកឡើងថា ប្រសិនបើករណីនេះ ស្ថាប័នពាក់ព័ន្ធមិនអាចផ្តល់យុត្តិធម៌ដល់គ្រួសារ និងជនរងគ្រោះទេ គឺបង្ហាញអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា​បន្តទៀត។  ​

លោកបន្តថា៖ «ហើយបើសិនករណីនេះ យើងមិនបានបង្ហាញពីការវិវត្តទេ អាហ្នឹងគឺចាត់ទុកថា វាមានរឿងរំលោភសិទ្ធិមនុស្សហ្នឹងបន្តទៀត ដែលធ្វើឱ្យផលមិនចំណេញសម្រាប់កម្ពុជាយើងផងដែរ»។

កាលពីថ្ងៃទី១៨ ខែឧសភា សហរដ្ឋអាមេរិក​ បានចេញសេចក្តីថ្លែងការណ៍មួយ អះអាងថា ខ្លួនបារម្ភយ៉ាងខ្លាំងចំពោះការស្លាប់របស់​ ទិត្យ​ រ៉ន​ ដែលជាសមាជិកគណបក្សសង្គ្រោះជាតិ ក្នុងពេលលោកស្ថិតក្រោមការឃុំឃាំ​ង​របស់នគរបាល។

សហរដ្ឋអាមេរិក ក៏បានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យជាបន្ទាន់មួយ ចំពោះហេតុការណ៍ដែលឈា​ន​​ទៅ​​ដល់ការចាប់ខ្លួន​ និងការស្លាប់សមាជិកគណបក្សប្រឆាំងរូបនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ