លោក ហ៊ុន សែន ថាលោក​រង់ចាំធ្វើសង្គ្រាមជាមួយលោក សម រង្ស៊ី

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្រកាសជាថ្មីពេលលោកទៅបំពេញទស្សនកិច្ចនៅជប៉ុន ថាលោកនឹងមិនដកថយក្នុងការចាត់វិធានការទៅលើអតីតមេបក្សប្រឆាំងនោះទេ ក្រោមហេតុផលថា អនុវត្តច្បាប់ដើម្បីការពារសន្តិសុខ និងសន្តិភាពដល់ជាតិ។​​

ការថ្លែងបែបនេះរបស់លោក ហ៊ុន សែន គឺជាការឆ្លើយតបនឹងសំណួររបស់សារព័ត៌មានជប៉ុន Nikkei នៅក្នុងសន្និសីទអន្ដរជាតិមួយស្ដីអំពី «អនាគតរបស់អាស៊ី» ដែលធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុននាថ្ងៃនេះ។

ក្នុងសន្និសីទនេះផងដែរ លោក ហ៊ុន សែន បានប្រាប់ដល់កាសែតជប៉ុនថា វិធានការទាំងឡាយលើអតីតបក្សប្រឆាំង គឺជាការអនុវត្តច្បាប់របស់កម្ពុជា ដើម្បីរក្សាសន្ដិភាព និងបញ្ចៀសសង្គ្រាមមិនឲ្យកើតមានជាថ្មី។

ប៉ុន្ដែ លោក ហ៊ុន សែន ថ្លែងទៀតថា លោកក៏កំពុងរង់ចាំសង្គ្រាមមួយ ដែលរៀបចំឡើងដោយអតីតមេដឹកនាំគណបក្សប្រឆាំងនៅក្រៅប្រទេស។    

លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំកំពុងរង់ចាំសង្គ្រាមមួយដែលវានឹងកើតឡើងតាមរយៈការប្រកាសរបស់ជនក្បត់ជាតិ​ ឬគេហៅថា ឆ្កែមួយក្បាល ដែលស្រែកពីក្រៅប្រទេសឲ្យប្រជាពលរដ្ឋចាប់ ហ៊ុន សែន។ ខ្ញុំមិនធ្វើអ្វីផ្សេងទៀតក្រៅតែពីដំណើរការផ្លូវច្បាប់ ដោយទុកលទ្ធភាពឲ្យឆ្កែមួយក្បាល ដែលស្រែកពីបរទេសឲ្យកងទ័ពបះបោរ ប្រជាពលរដ្ឋបះបោរ ឲ្យចាប់ហ៊ុន សែន យកទៅផ្ដន្ទាទោស ខ្ញុំទុកពេលឲ្យគេធ្វើ ដរាបណាគេមិនទាន់ប្រកាសចុះចាញ់សង្គ្រាមនេះទេ»។ 

អនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ហៅការគំរាមរបស់លោក ហ៊ុន សែន នេះថា ជាការបន្ដនយោបាយផាត់ដៃគូរបស់ខ្លួនចេញពីឆាកនយោបាយ។​

ប៉ុន្ដែ បើទោះបីជាមានការគំរាមបែបនេះក្ដី លោកស្រីអះអាងថា ក្រុមមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសនៅតែរក្សាជំហរវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ស្របពេលសហភាពអឺរ៉ុបកំពុងដាក់សំពាធមកលើរដ្ឋាភិបាលផងនោះ។

លោកបន្ដថា៖ «ពីព្រោះនៅពេលណាដែលមានគណបក្សសង្គ្រោះជាតិ ទោះបីម្នាក់ក៏ដោយ ក៏លោកដឹងថា នឹងចាញ់ឆ្នោត។ ដូច្នេះ បង្ហាញឲ្យឃើញថា លោក ហ៊ុន សែន មិនហ៊ានប្រឈមនឹងការប្រកួតជាមួយនឹងគណបក្សសង្គ្រោះជាតិ ទី២ គឺលោក ហ៊ុន សែន មិនខ្វល់នឹងការបាត់បង់ទីផ្សារសហគមន៍អឺរ៉ុប។ យើងនឹងត្រឡប់ទៅមាតុភូមិយើងវិញនៅឆ្នាំ២០១៩ខាងមុខ»។

អ្នកវិភាគបញ្ហានយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា នេះជាសញ្ញាគ្រោះថ្នាក់មួយដែលគណបក្សធំៗទាំងពីរ មិនអាចរកដំណោះស្រាយជាវិជ្ជមាន និងសន្ដិវិធីរួមគ្នា ខណៈលោកថា អតីតមន្ដ្រីគណបក្សប្រឆាំងទំនងជាទទួលរងសំពាធបន្ថែមទៀត បន្ថែមទៅលើស្ថានភាពនាពេលបច្ចុប្បន្ន។  

លោកបន្ដថា៖ «វាជាស្ថានភាពមួយគេហៅថា អ្នកនយោបាយប្រឈមគ្នាកាន់តែស្រួចស្រាល់ទៅៗ ហើយអ្នកដើរតាមកាន់តែប្រកាន់ទស្សនៈរៀងខ្លួនៗ ធ្វើឲ្យសង្គមយើងកាន់តែប្រេះឆាដែរ។ ការប្រកាសពីអ្នកកាន់អំណាចបែបនេះ អ្នកនៅមូលដ្ឋាន អាជ្ញាធរ ខ្ញុំគិតថា ក៏នឹងមានវិធានការតឹងរ៉ឹងពាក់ព័ន្ធទៅនឹងសកម្មភាពនានា សកម្មជន និងគណបក្សប្រឆាំង»។  

កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ អតីតគណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា និងលោក សម រង្ស៊ី ជាស្ថាបនិកនោះ ត្រូវបានតុលាការកំពូលរំលាយចោលតាមបណ្ដឹងរបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្រោមការចោទប្រកាន់ថា បានឃុបឃិតជាមួយបរទេសប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ 

ក្នុងនោះ ប្រធានអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក៏ត្រូវបានកម្លាំងរដ្ឋាភិបាលចាប់ខ្លួន និងនៅតែបន្ដជាប់ឃុំនៅក្នុងផ្ទះរហូតមកទល់ពេលបច្ចុប្បន្ន ខណៈលោក សម រង្ស៊ី បាននិរទេសខ្លួនឯងទៅនៅក្រៅប្រទេសគេចចេញពីបណ្ដឹងរបស់រដ្ឋាភិបាល។

ប៉ុន្ដែ សហគមន៍​អន្តរជាតិ​នាំ​មុខ​ដោយ​សហរដ្ឋ​អាមេរិក និង​សហគមន៍​អឺរ៉ុប បាន​ថ្កោល​ទោសចំណាត់ការរបស់រដ្ឋាភិបាលទៅលើអតីតគណបក្សប្រឆាំងថា ជារឿងនយោបាយ និងថែមទាំងបានប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតថ្នាក់ជាតិ កាលពីខែកក្កដា ឆ្នាំ២០១៨ ទៀតផង។

សហភាពអឺរ៉ុប កាលពីខែកុម្ភៈ ដើមឆ្នាំ២០១៩នេះ​ ក៏បានប្រកាសអំពីដំណើរការចាប់ផ្ដើមដែលឈានទៅព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងអាវុធ» ពីកម្ពុជា ក្រោយប្លុកលោកសេរីមួយនេះរកឃើញថា កម្ពុជាមិនបានអនុវត្តឲ្យបានពេញលេញទៅតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ខ្លួននៅក្នុងរយៈពេល ១៨ខែចុងក្រោយនេះ៕    

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ