លោក​ ហ៊ុន​ សែន​ ថា​កម្ចី​ពី​ចិន​មិនក្លាយជា​អន្ទាក់​បំណុល​ទេ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតី ស៊ី ជីនពីង។ (រូបភាព៖ បណ្ដាញសង្គម)

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន​ សែន​ អះអាង​ក្នុង​សន្និ​សី​ទមួយ​នៅ​ប្រទេស​ជប៉ុន​ថា​ កម្ពុជា​នឹង​មិន​ធ្វើ​ឱ្យ​ប្រាក់កម្ចី​ពី​ចិន​ក្លាយជា​អន្ទាក់​បំណុល​ដូច​មជ្ឈដ្ឋាន​មួយចំនួន​លើកឡើង​នោះ​ទេ​។

ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី២៥​ «ស្តី​ពីអ​នាគ​តរបស់​អាស៊ី​» នៅ​ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ហ៊ុន​ សែន​ ឆ្លើយ​ទៅ​នឹង​សំនួរ​អ្នកសារព័ត៌មាន​ថា​ សម្រាប់​កម្ពុជា ​កម្ចី​ពី​ចិន​នឹង​មិន​ក្លាយជា​អន្ទាក់​បំណុល​ទេ​។ លោក​ថា​ ព្រោះ​កម្ពុជា​រក្សា​បាន​នូវ​អធិបតេយ្យ​ ខ្ចី​ទៅតាម​គម្រោង​ដែល​ត្រូវ​អភិវឌ្ឍ​ ហើយ​ថា​ ចិន​បាន​គោរព​ការសម្រេច​របស់​កម្ពុជា​។

មេដឹកនាំ​រូប​នេះ​ថ្លែង​ទៀត​ថា​ ជាង​នេះ​ទៅទៀត​ ចិន​មិនបាន​បង្ខំ​កម្ពុជា​ឱ្យ​ធ្វើអ្វី​មួយ​តាម​ខ្លួន​ចង់បាន​នោះ​ទេ​ លោក​ថា ​ផ្ទុយទៅវិញ​ ចិន​បាន​គោរព​ការសម្រេច​ចិត្ត​របស់​កម្ពុជា​លើ​ការប្រើ​ប្រាស់​ឥណទាន​ ហើយ​ថា ​កម្ចី​របស់​ចិន​មាន​អត្រា​ការ​ប្រាក់​ទាប​ មាន​រយៈ​ពេលសង​វែង​។

លោក​ថា​៖ «មកដល់ពេលនេះ​ កម្ពុជា​ទើបតែ​ខ្ចីគេ​ស្មើនឹង ២១​,៥ភាគរយ​នៃ​អនុបាត [ផលធៀប​គិតជា​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​ ឬហិរញ្ញវត្ថុ​ពីរ​] ៤០ភាគរយ​ដែល​អនុញ្ញាត​ឱ្យ​ខ្ចីដែល​នេះ​ជា​ចំនុច​ដែល​យើង​ត្រូវ​មើលឃើញ​»។

អ្នកស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត ​មាស​ នី​ ហៅ​ការ​អះអាង​នេះ​ថា​ ជា​ភាសា​នយោបាយ​ ដោយ​ថា​ មកដល់ពេលនេះ​ កម្ពុជា​មិនទាន់​រក​ទីផ្សារ​ថ្មី​ជំនួស​ទីផ្សារ​អាមេរិក​ និង​អឺរ៉ុប​ ជា​ដង្ហើម​សេដ្ឋកិច្ច​របស់​ខ្លួន​នៅឡើយ​ទេ​ ខណៈ​ប្លុក​លោកសេរី​ទាំងនោះ​កំពុង​គំរាមកំហែង​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ ដោយសារតែ​ជម្លោះ​នយោបាយ​នោះ​។

លោក​ថា​៖ «ដរាបណា​កម្ពុជា​មិនទាន់​រក​ច្រកចេញ​ណាមួយ​ដើម្បី​ជំនួស​ទីផ្សារ​នៅ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ទេ​នោះ​ ឬក៏​យក​ស្អី​មក​ជំនួស​ការបាត់បង់​ដែល​ទទួលរង​ដោយសារតែ​ការ​ព្យួរ​ EBA​ និង GSP ​អីហ្នឹង​ ខ្ញុំ​គិតថា​ នៅពេល​ហ្នឹង ​ការសម្រេច​ចិត្ត​ចុងក្រោយ​មកដល់​ យើង​នឹង​ប៉ះពាល់​ហើយ​»។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ ​និង​សារព័ត៌មាន​ដែល​មាន​និន្នាការ​ទៅ​លោកខាងលិច​មួយចំនួន​តែងតែ​លើកឡើង​ថា ​ការ​ផ្ដល់​ប្រាក់កម្ចី​របស់​ចិន​ដល់​ប្រទេស​មួយចំនួន​មាន​លក្ខណៈ​ជា​អន្ទាក់​បំណុល​ ហើយ​ចិន​ប្រើ​វា​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​។ ប៉ុន្តែ​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​តែងតែ​បដិសេធ​ចោល​រាល់​ការចោទប្រកាន់​ទាំងនេះ​។

អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ វិភាគ​ថា​ កម្ចី​ពី​ចិន​អាច​ក្លាយជា​អន្ទាក់​បំណុល​បើ​ការ​ខ្ចីនេះ​យក​ប្រើប្រាស់​គ្មាន​តម្លាភាព​ ដូចជា ​ការ​ធ្វើ​ថ្នល់​គ្មាន​គុណភាព​ មានអំពើ​ពុករលួយ​ រួម​ទាំង​ ​ការ​បណ្តែតបណ្តោយ​ឱ្យ​កម្ពុជា​រង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធពី​សហរដ្ឋ​អាមេរិក ​និង​សហភាព​អឺរ៉ុប​មែន​នោះ​។

លោក​ថា​៖ «យើង​មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផង​ យើង​នៅ​ប្រឈម​ដោះស្រាយ ​យើង​នៅ​មាន​វិបត្តិ​មិន​អាច​ដោះស្រាយ​បាន​ នៅ​មាន​ពលករ​ចំណាកស្រុក​ជាង១លាន​នាក់​ទៅក្រៅ​ប្រទេស​ ទៅ​កូរ៉េ​ខ្លះ​ ថៃ​ខ្លះ​ ម៉ាឡេស៊ី​ខ្លះ​។ អានេះ​ជា​កត្តា​ចោទ​ធំ​ក្នុង​កម្លាំង​ពលកម្ម​ក្នុង​ការ​អភិវឌ្ឍ​ដែល​ជា​រឿង​សំខាន់ ​រដ្ឋ​ត្រូវ​ប្រឈម​ដោះស្រាយ​»។

របាយការណ៍​​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា ​ឱ្យ​ដឹង​ថា​ គិត​ត្រឹម​ឆមាស​ទី១ នៃ​ឆ្នាំ២០១៨​ ចិន​ ​ជា​ម្ចាស់បំណុល​ធំ​បំផុត​របស់​កម្ពុជា​ដែល​មាន​ចំនួន​ដល់ទៅ​ជិត​ ៧ពាន់​លាន​ដុល្លារ​ ឬបាន​កាន់កាប់​ចំណែក​បំណុល​កម្ពុជា​ដល់ទៅ​ជាង​ ៤២ភាគរយ ​ក្នុងចំណោម​បំណុល​សរុប​ដែល​កម្ពុជា​ជំពាក់​បរទេស​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ