អ្នកកាសែតមួយក្រុមដែលកំពុងរងបណ្តឹង ព្រមានប្តឹងបកប្រធានការិយាល័យគយម្នាក់នៅកំពតទៅ ACU

មន្ត្រីគយ និងអ្នកកាសែត កំពុងតែប៉ះទង្គិចគ្នា ក្នុងរឿងដែលអ្នកសារព័ត៌មានថតពីសកម្មភាពការដឹកទំនិញពីវៀតណាមកកម្ពុជា។ រូបភាព៖ បណ្ដាញសង្គម / Screenshot

អ្នកសារព័ត៌មានមួយក្រុមដែលរងការចោទថា បានជេរប្រមាថ និងជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញការងារមន្រ្តីរាជការសាធារណៈនោះ បានព្រមានប្តឹងបកប្រធានការិយាល័យគយនៅច្រកព្រែកចាក ខេត្តកំពត ម្នាក់ ទៅអង្គភាពប្រឆាំងអំពើពុករលួយ។

ក្នុងវីដេអូឃ្លីបមួយដែលបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកតៗគ្នា កាលពីចុងខែឧសភានេះ បានបង្ហាញពីសកម្មភាពមន្ត្រីគយម្នាក់បានប៉ះទង្គិចគ្នាជាមួយអ្នកកាសែតមួយក្រុម ដោយក្នុងនោះអ្នកកាសែតម្នាក់ បានរុញច្រានមន្រ្តីគយម្នាក់ដោយអះអាងថា មន្រ្តីគយនោះបានដកហូតទូរសព្ទពីអ្នកកាសែត ដែលកំពុងថតសកម្មភាព នៃការដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាមចូលមកកម្ពុជា។

ក្រោយការប៉ះទង្កិចគ្នានេះបានប៉ុន្មានថ្ងៃ អ្នកយកព័ត៌មានប្រមាណ១០នាក់ មានលោក ហ៊ុន សុខា ជាប្រធានសារព័ត៌មាននៃក្លឹបអ្នកកាសែតឯករាជ្យ និងជានាយកការផ្សាយព័ត៌មានប្រជាជនកម្ពុជា (CPNTV) លោក ចន យូដេត  លោក ស៊ាង ប៊ុនសុង លោក ទុំ ឆោម លោក ប៉ែន រ៉ា លោក កែវ សុផាត លោក ជី ពេជ្រ លោក អ៊ុត ប៊ុនធឿន និងបក្ខពួកផ្សេងទៀត ត្រូវបានប្រធានការិយាល័យគយនៅច្រកព្រែកចាក លោក យី ថុល ប្តឹងទៅសាលាដំបូងខេត្តកំពតកាលពីម្សិលមិញ ដោយចោទថា «ជេរប្រមាថចំពោះអ្នករាជការសាធារណៈ និងជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈរបស់មន្រ្តីរដ្ឋ»។ នេះបើតាមការចុះផ្សាយរបស់សាព័ត៌មានក្នុងស្រុក។

ប្រធានសារព័ត៌មាន​នៃក្លឹបអ្នកកាសែតឯករាជ្យ និងជានាយកការផ្សាយព័ត៌មានប្រជាជនកម្ពុជា (CPNTV) លោក ហ៊ុន សុខា ប្រាប់ វី.អូ.ឌី នៅថ្ងៃនេះ ថា ករណីមន្រ្តីគយប្តឹងលោក និងអ្នកកាសែតផ្សេងទៀតនោះ វាជាសិទ្ធិ ហើយថា លោកនឹងចូលបំភ្លឺ ប្រសិនបើមានការកោះហៅពីតុលាការ។ ប៉ុន្តែ លោកថា ក្រុមរបស់លោកនឹងប្តឹងប្រធានការិយាល័យគយនៅច្រកព្រែកចាក លោក យី ថុល ទៅ ACU និងរដ្ឋាភិបាលពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ។

លោក បន្ថែមថា៖ «បន្ទាប់ពីបំភ្លឺហើយ ខ្ញុំនឹងធ្វើសន្និសីទកាសែតមួយនៅមុខតុលាការដើម្បីញែករឿងនេះឲ្យអស់។ ឥលូវនេះមិនទាន់បញ្ចេញភស្តុតាង​ទាំងអស់ទេ ព្រោះវាជាបទព្រហ្មទណ្ឌ ខ្ញុំត្រូវលាក់សិន។ ហើយខ្ញុំនឹងបញ្ចេញ បន្ទាប់ពីតុលាការកោះហៅពួកខ្ញុំ។ រឿងប្តឹងបក យើងនឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ឬខ្ញុំនឹងដាក់ទៅសម្តេចតេជោផ្ទាល់តែម្តង ព្រោះរឿងនេះជារឿងរបស់ប្រទេសជាតិ»

អ្នកសារព័ត៌មានរូបនេះ អះអាងថា ករណីក្រុមអ្នកសារព័ត៌មានចូលទៅថតកន្លែងសាងទំនិញនៅច្រកព្រែកចាកនោះ គឺបានសុំការអនុញ្ញាតពីមេប៉ុសិ៍្តនគរបាលនៅតំបន់នោះត្រឹមត្រូវ។ លោកបន្តថា​ តាមរយៈការចុះសង្កេតផ្ទាល់ការដឹកទំនិញចូលពីវៀតណាមតាមច្រកមួយនេះគឺ មានភាពមិនប្រក្រតីជាច្រើន ដោយសារតែមានការលាក់បាំងរបស់មេគយនៅទីនោះ ដូចជា ការឃុបឃិតគ្នាជាមួយឈ្មួញនាំទំនិញគ្មានគុណភាពចូលមកប្រទេសកម្ពុជាដោយឥតច្បាប់ទម្លាប់ និងពុំមានការបង់ពន្ធត្រឹមត្រូវ ជាដើម។

វី.អូ.ឌី មិនអាចសុំការឆ្លើយតបពីប្រធានការិយាល័យគយនៅច្រកព្រែកចាក លោក យី ថុល បានទេពាក់ព័ន្ធករណីនេះ។

អ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ខាន់ សុផល ប្រាប់ វី.អូ.ឌី ថា សាលាដំបូងខេត្តទទួលបានបណ្តឹងរបស់ប្រធានការិយាល័យគយនៅច្រកព្រែកចាក លោក យី ថុល កាលពីម្សិលមិញនេះ ប៉ុន្តែ រហូតមកដល់ពេលនេះ តុលាការពុំមានចំណាត់ការយ៉ាងណានៅឡើយទេ។

លោក បន្ថែមថា៖ «បណ្តឹងហ្នឹងពិតជាបានចូលដល់ខាងអយ្យាការហើយ ប៉ុន្តែ លោកព្រះរាជអាជ្ញា លោកមិនទាន់ចាត់ចែងទៅឲ្យខាងព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារងណាធ្វើការលើរឿងនេះទេរហូតមកដល់ម៉ោងនេះ»

នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា លោក ឆាយ សុផល មានប្រសាសន៍ថា ករណីភាគីគយ និងក្រុមអ្នកកាសែតសម្រេចប្តឹងគ្នាទៅវិញទៅមកនោះ វាជាសិទ្ធរបស់បុគ្គលទាំងពីរ ប៉ុន្តែ លោកស្នើទៅភាគីទាំងពីរត្រូវពិនិត្យមើលលើការប្រតិបត្តិការងាររបស់ខ្លួនឡើងវិញ ថាតើបានធ្វើត្រឹមត្រូវតាមវិជ្ជាជីវៈហើយ ឬនៅ។

លោក ឆាយ សុផល បន្តថា បើតាមការពិនិត្យមើលវីដេអូមួយកំណាត់ដែលបានចែកតាមលើបណ្តាញសង្គមនោះ គឺភាគីទាំងពីរមានកំហុសទាំងអស់គ្នា។ លោក ថា សម្រាប់អ្នកការសែតមួយក្រុមនោះហាក់ធ្វើហួសពីវិជ្ជាជីវៈសារព័ត៌មានបន្តិច ដែលត្រូវប្តឹងទៅតាមច្បាប់ស្តីពីវិជ្ជាជីវៈរសាព័ត៌មាន ប៉ុន្តែ ប្រសិនបើមានការចាប់យក ឬបោកទូរសព្ទអ្នកកាសែតមែន ទង្វើនោះក៏មិនត្រឹមត្រូវដែរ។

លោក មានថា៖ «សំខាន់គាត់ចង់ប្តឹងអីជាសិទ្ធិរបស់បុគ្គលទាំងសងខាង។ ប៉ុន្តែ រឿងសំខាន់យើងត្រូវគិតទៅលើវិជ្ជាជីវៈ និងក្រមសីលធម៌ថា ភាគីទាំងពីរហ្នឹងគាត់បានប្រតិបត្តិការងាររបស់ពួកគាត់ហ្នឹងស្របទៅតាមវិជ្ជាជីវៈរបស់ខ្លួនអត់។ ខ្ញុំនិយាយចំពោះអ្នកសាព័ត៌មាន ប្រសិនបើអ្នកសារព័ត៌មានគាត់ខុសឆ្គងទៅលើវិជ្ជាជីវៈ អាហ្នឹងយើងអាចប្តឹងទៅតាមច្បាប់វិជ្ជាជីវៈរបបសារព័ត៌មាន។ ប៉ុន្តែ បើប៉ះពាល់ទៅក្រមព្រហ្មទណ្ឌ អាហ្នឹងវាស្ថិតនៅក្នុងក្រមព្រហ្មទណ្ឌ»

កាលពីខែមេសា ប្រធាន​ក្លឹប​អ្នក​កាសែត​ឯករាជ្យ និង​ជា​ម្ចាស់​ផេក​ CPNTV-Online-Cambodia លោក ហ៊ុន សុខា និង​មនុស្ស​ចំនួន​ ៧​នាក់​ផ្សេងទៀត ក៏ត្រូវបានពលរដ្ឋ ១៤៩គ្រួសារប្តឹងទៅសាលាដំបូងខេត្តព្រះសីហនុដែរ ដោយចោទថា បានផ្សព្វផ្សាយព័ត៌មាន ធ្វើឲ្យសាធារណជនយល់ច្រឡំក្នុងករណីវិវាទដីធ្លីមួយនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ