លោក ប្រាយុទ្ធ ជាប់​ជានាយករដ្ឋមន្រ្តី ​ក្រោម​ការរិះគន់​ពីបក្សប្រឆាំងថាមានការទិញសំឡេង

លោក ប្រាយុទ្ធ ចាន់អូចា កាលពីខែកញ្ញា ឆ្នាំ២០១៤។ រូបភាព៖ រ៉យទ័រ

លោក ប្រាយុទ្ធ ចាន់​អូចា ត្រូវបាន​សមាជិក​សភាទាំងពីរថ្នាក់​ កាល​ពីម្សិលមិញ បាន​បោះឆ្នោត​ឲ្យលោក​ក្លាយ​ជានាយករដ្ឋមន្រ្តី​ទី​២៩របស់​ថៃ ក្រោម​ការរិះគន់​ពីក្រុម​បក្ស​ប្រឆាំង​ថា​ មានការ​​ទិញ​ទឹក​ចិត្ត​តំណាងរាស្រ្តមកពីបក្សផ្សេង​។

តាមការចុះផ្សាយរបស់​សារព័ត៌មាន​ The Nation របស់​ថៃ លោក ប្រាយុទ្ធ​ ចាន់អូចា ត្រូវ​បាន​សមាជិក​រដ្ឋសភា និងព្រឹទ្ធសភា ៥០០នាក់ ក្នុងចំណោម​ ៧៥០នាក់ បោះឆ្នោត​គាំទ្រ ខណៈគូប្រកួតរបស់លោកគឺ Thanathorn Juangroongruangkit ទទូលបានតែ​ ២៤៤សំឡេង ប៉ុណ្ណោះ។ ជ័យជំនះ​របស់​លោក ប្រាយុទ្ធ ចាន់​អូចា នៅពេលនេះ មិនមាន​អ្វី​ភ្ញាក់​ផ្អើលនោះទេ ព្រោះថា​ សមាជិក​ព្រឹទ្ធសភា​ទាំង​ ២៥០នាក់​សុទ្ធតែត្រូវបាន​លោក ប្រាយុទ្ធ​ ចាន់អូចា តែងតាំង​ទាំងអស់។ ចំណែក​ឯសមាជិក​រដ្ឋសភា​ ២៥០នាក់​ទៀត គឺមក​ពី​បក្ស​ Palang Pracharat របស់លោក និង​មក​ពីបក្ស​ជាសម្ព័ន្ធមិត្ត​ជិត​ ២០ផ្សេងទៀត ដែល​ក្នុងនោះ​ក៏មាន​បក្ស​ប្រជាធិតេយ្យ​របស់​អតីតនាយក​រដ្ឋមន្ត្រី អាប់ភីស៊ីត ផងដែរ។

កាល​ពីម្សិល​មិញនេះ អតីតប្រធានបក្សប្រជាធិបតេយ្យ លោក អាប់​ភីស៊ីត បាន​ប្រកាស​លាលែង​ចេញ​ពីសមាជិក​រដ្ឋសភា​ បន្ទាប់​ពីសមាជិក​បក្សរបស់លោកប្រកាស​ចងសម្ព័ន្ធមិត្ត​ជាមួយបក្ស​របស់លោក ​ប្រាយុទ្ធ ចាន់អូចា។ លោក អាប់ភីស៊ីត បានលើកឡើងថា​ លោកមិនអាចក្បត់​ឆន្ទៈរបស់ខ្លួន ហើយចូល​ទៅបោះឆ្នោតនៅក្នុង​សភា​គាំទ្រលោក ​ប្រាយុទ្ធ ចាន់​អូចា ជានាយករដ្ឋមន្រ្តី​ ហើយក៏មិនអាចចូល​ទៅ​បោះឆ្នោត​រើសអ្នកផ្សេង​ដែល​ផ្ទុយ​ពីការ​សម្រេច​របស់បក្សលោក​ដែរ។ លោក ​បន្ថែមថា ​ជម្រើសមាន​តែមួយ​គត់សម្រាប់លោក​នៅពេល​នេះ គឺការលាលែង​ពីសមាជិកភាព​សភា។

ចំណែក​ឯ Thanathorn  ក៏មិនបាន​ចូលរូម​បោះឆ្នោត​ដែរ​ ព្រោះ​ថា តំណែង​ជាតំណាងរាស្រ្តរបស់លោក​ត្រូវបានព្យួរ។

ក្រុម​សមាជិក​រដ្ឋសភាមកពីបក្ស Future Forward  របស់លោក Thanathorn និង​បក្សដែល​ជាសម្ព័នមិត្ត ១៣ផ្សេងទៀត បាន​អះអាង​ថា ​ពួកគេត្រូវបានគេទាក់ទងដោយសន្យា​ផ្ដល់​ជាប្រាក់​រាប់​លាន​បាត​ជាថ្នូរ​នឹង​ការ​បោះឆ្នោតឲ្យលោក ប្រាយុទ្ធ ចាន់​អូចា។

អ្នកនាំពាក្យ​បក្ស Future Forward  កញ្ញា​ Pannika Wanich ថា ​បក្ស​លោក ប្រាយុទ្ធ ដឹងច្បាស់​ថា ​ចំនួន​អាសនៈដែល​មាន​នៅ​រដ្ឋសភាដែលមាន​តែ១៥០ និងអាសនៈព្រឹទ្ធសភា២៥០ ​មិនគ្រប់​សម្រាប់​បង្កើត​រដ្ឋាភិបាល​ទេ។ បេក្ខជននាយករដ្ឋមន្រ្តី​ថ្មី​ត្រូវការ​សំឡេង​យ៉ាងហោចណាស់ ៣៧៦ ពី​សមាជិកសភាទាំងពីរថ្នាក់។ កញ្ញា បន្តថា ដោយសារតែមូលហេតុនេះហើយ ​ទើបក្រុមលោក​ ប្រាយុទ្ធ ចាន់​អូចា ផ្ដល់​ប្រាក់រាប់​លាន​បាតដល់​តំណាង​រាស្រ្តដែលមកពីបក្សផ្សេងៗដើម្បី​ជាការដោះដូរ។

កញ្ញា​ Pannika Wanich  អះអាងថា ​សមាជិករដ្ឋសភាមួយចំនួន​ត្រូវបាន​គេគំរាម​កំហែង​ពីសុវត្ថិភាព​ទៀតផង ប្រសិនបើពួកគេមិនបោះឆ្នោត​គាំទ្រលោក ប្រាយុទ្ធ ចាន់​អូចា នោះទេ។

លោក ប្រាយុទ្ធ ចាន់​អូចា បាន​ឡើងកាន់​អំណាចជានាយករដ្ឋមន្រ្តី​ថៃ​ នៅឆ្នាំ២០១៤ ក្រោយ​ពីក្រុម​យោធារបស់​លោក បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រី យីងឡាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ