សិង្ហបុរី ថាបានជួយឱ្យប្រជាជនកម្ពុជាមានសិទ្ធិសម្រេចអនាគតដោយខ្លួនឯង

នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង(ឆ្វេង) និង នាយករដ្ឋមន្ត្រីហ៊ុន សែន (ស្តាំ) នៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានក្នុងខែមេសាឆ្នាំ២០១៨ក្នុងប្រទេសសិង្ហបុរី(រូបពីហ្វេសប៊ុក នាយករដ្ឋមន្ត្រីហ៊ុន សែន)

រដ្ឋាភិបាលសិង្ហបុរី អះអាងថា បានជួយឱ្យប្រជាជនកម្ពុជាមានសិទ្ធិសម្រេចលើជោគវាសនាអនាគតរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែក នៅក្នុងអំឡុងពេលដែលមានការឈ្លានពាននៅក្នុងតំបន់ឥណ្ឌូចិនកាលពីឆ្នាំ១៩៧៨។​

អ្នកនាំពាក្យក្រសួងការបរទេសរបស់សិង្ហបុរីលើកឡើងថា ការឈ្លានពាននៅក្នុងតំបន់ឥណ្ឌូចិន (កម្ពុជា ឡាវ និងវៀតណាម) មិនមែនជាប្រវត្តិសាស្ត្រថ្មីទេ ហើយថា ពេលនោះ សិង្ហបុរីដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឈ្លានពាននេះ។​ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសិង្ហបុរីកាលពីម្សិលមិញ។​

ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលសិង្ហបុរីលើកឡើងទៀតថា នៅឆ្នាំ១៩៧៩ សិង្ហបុរី រួមជាមួយប្រទេស៤ផ្សេងទៀត ដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ក្នុងនាមជាសមាជិកអាស៊ាន បានធ្វើសេចក្តីថ្លែងការណ៍រួមមួយដាក់ទៅអង្គការសហប្រជាជាតិ​លើកឡើងពីបញ្ហារបស់កម្ពុជា។​

សិង្ហបុរីលើកឡើងទៀតថា សេចក្តីថ្លែងការណ៍ពេលនោះ ដើម្បីធានាដល់ប្រជាជនកម្ពុជា អាចសម្រេចលើអនាគតរបស់ខ្លួនដោយមិនមានការជ្រៀតជ្រែកពីប្រទេសផ្សេង។​

ទោះយ៉ាងណា ក្រសួងការបរទេសសិង្ហបុរីលើកឡើងថា នោះគ្រាន់តែជារឿងរ៉ាវអតីតកាលតែប៉ុណ្ណោះ ហើយថា បច្ចុប្បន្នប្រទេសក្នុងតំបន់កំពុងតែមានទំនាក់ទំនងល្អជាមួយគ្នា។​

កាលពីថ្ងៃទី៣១ ខែឧសភា លោក លី សៀនឡុង នាយករដ្ឋមន្ត្រីសិង្ហបុរីសរសេរនៅលើហ្វេសប៊ុករបស់លោកថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ព្រេម ដែលស្លាប់កាលពីថ្ងៃទី២៦ ខែឧសភានោះ ដើរតួនាទីសំខាន់ក្នុងការប្រឆាំងវៀតណាមឈ្លានពានកម្ពុជា។​

ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីសិង្ហបុរីនេះ មានប្រតិកម្មបន្តបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងវៀតណាម​។ កាលពីថ្ងៃទី៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោកមានការសោកស្តាយចំពោះការថ្លែងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការថ្លែងរបស់លោក លី គឺជាគាំទ្រដល់របបប្រល័យពូជសាសន៍ខ្មែរក្រហម និងជាការប្រមាថដល់អាយុជីវិតប្រជាជនខ្មែរ។​

កាលពីថ្ងៃទី៥ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ​Le Thi Thu Hang បានបញ្ជាក់ថា ការថ្លែងរបស់នាយករដ្ឋមន្ត្រីសិង្ហបុរីនេះ មិនឆ្លុះបញ្ចាំងពីការពិតនោះទេ។ លោកស្រីបញ្ជាក់ថា ការអន្តរាគមន៍កងទ័ពពេល​នោះគឺវៀតណាម​ជួយដោយស្មោះចង់បញ្ចប់របបប្រល័យពូជសាសន៍នៅកម្ពុជា។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ