ការ​សិក្សា​រក​ឃើញ​ថា ចំនួន​សត្វ​ទ្រមាក់​អណ្ដើក​ធ្លាក់​ចុះ​ជាង​ពាក់​កណ្ដាល​ត្រឹម​៥​ឆ្នាំ​ចុង​ក្រោយ

ទ្រមាក់អណ្ដើក ឬសត្វខ្សឹប។ រូបភាព៖ Jonathan C. Eames

ការ​សិក្សា​ស្រាវជ្រាវ​មួយ បាន​រក​ឃើញ​ថា ចំនួន​សត្វ«​ទ្រមាក់​អណ្ដើក»​នៅ​កម្ពុជា ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​​ប្រភេទ​សត្វ​បក្សី​ជិត​ផុត​ពូជ​​នៅ​​លើ​ពិភព​លោក​នោះ បាន​ធ្លាក់​ដល់​ទៅ​ជាង ៥០​ភាគរយ នៅ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ចុងក្រោយ​មក​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​ចេញ​នៅ​ថ្ងៃ​នេះ ​ក្រសួង​បរិស្ថាន និង​អង្គការ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា (WCS) បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ចំនួន​«សត្វ​ទ្រមាក់​អណ្ដើក ឬ​សត្វ​ខ្សឹប​ឈ្មោល» បាន​ថយ​ចុះ​ពី​ចំនួន ២១៦​ក្បាល​នៅ​ឆ្នាំ​២០១២ មក​នៅ​ត្រឹម​ចំនួន ១០៤​ក្បាល​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

ការ​ស្រាវ​ជ្រាវ​នោះ​បាន​រក​ឃើញ​ទៀត​ថា ចំនួន​សត្វ​ខ្សឹប​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​ បាន​ធ្លាក់​ចុះ​ដល់​ទៅ ៥៥​ភាគរយ ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ហើយ​តំបន់​សត្វ​ខ្សឹប​រស់​នៅ ក៏​បាន​ធ្លាក់​ចុះ​ពី​ចំនួន ១០​តំបន់​នៅ​ឆ្នាំ​២០១២ មក​នៅ​ត្រឹម​ចំនួន ៤​តំបន់​កាល​ពី​ឆ្នាំ​មុន។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ ក្រសួង​បរិស្ថាន និង​អង្គការ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា បាន​លើក​ឡើង​ថា សត្វ​ខ្សឹប​រស់​នៅ​ច្រើន​បំផុត​នៅ​ស្រុក​ស្ទោង​​ ស្ថិត​ក្នុង​ខេត្ត​កំពង់ធំ និង​ស្រុក​ជីក្រែង ​ក្នុង​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទំនាប​ភាគ​ខាង​ជើង​បឹង​ទន្លេសាប បន្ទាប់​ពី​តំបន់​ទាំង​ពីរ​នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​តំបន់​ការពារ​ទេសភាព។

អនុ​ប្រធាន​នាយកដ្ឋាន​អភិរក្ស​តំបន់​ដី​សើម​ទឹក​សាប​របស់​ក្រសួង​បរិស្ថាន លោក ហុង ចំណាន ដែល​ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ បាន​ហៅ​​ការងារ​អភិរក្ស​សត្វ​ស្លាប​នៅ​តំបន់​ទាំង​ពីរ​នោះ​ថា ជា«ជោគជ័យ​ធំ​ធេង»

លោក ហុង ចំណាន ឲ្យ​ដឹង​បន្ថែម​ថា ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សត្វ​ខ្សឹប​ថយ​ចុះ​នេះ ​បណ្ដាល​មក​ពី​កត្តា​មនុស្ស និង​បរិស្ថាន​ជុំវិញ​ខ្លួន​វា​ ខណៈ​​សត្វ​ប្រភេទ​នេះ​បង្កើត​​កូន​បាន​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយ​ក្នុង​ចំនួន​តិច​ថែម​ទៀត។​

លោក​ ហុង ចំណាន ប្រាប់ថា៖ «សត្វ​នេះ​ វា​អត់​អាច​ទំលើ​ដើម​ឈើ​ដូច​សត្វ​ស្លាប​ដទៃ​ទេ។ អ៊ីចឹង​​ហើយ ​ការ​ពង​កូន​ក៏​ដូច​ជា​ធ្វើការ​បន្ត​ពូជ ​វា​នៅ​ផ្ទាល់​ដី​ ដេក​ពួន​ដី​នៅ​លើ​ដី​រហូត។​ អ៊ីចឹង វា​ងាយ​ក្នុង​ការ​គំរាម​កំហែង​អំពី​ឆ្កែ ឬ​សត្វ​ពស់​ សត្វ​អី​ផ្សេងៗ​ ដែល​វា​អាច​ថា ​ចាប់​សត្វ​ហ្នឹង​ស៊ី​ ឬ​ក៏​យក​ពង​យក​កូន​របស់​សត្វ​ហ្នឹង ​អី​អញ្ចឹង​ណា​»

បើ​តាម​លោក ចំណាន បច្ចុប្បន្ន​ បើ​ទោះ​បី​ផ្ទៃ​ដី​អភិរក្ស​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​មាន​ទំហំ​ដល់​ទៅ​ជាង​ ៣១​ពាន់​ហិកតា​ក៏​ដោយ​ តែ​ការ​ផ្លាស់​ទី​របស់​សត្វ​នេះ​នៅ​ពេល​ទឹក​ឡើង​ក៏​ជា​បញ្ហា​នៃ​ការ​អភិរក្ស​ផង​ដែរ។

ទីប្រឹក្សា​បច្ចេកទេស​របស់​អង្គការ​អភិរក្ស​សត្វ​ព្រៃ​កម្ពុជា លោក ស៊ុំ ភារុណ កិច្ចការ​អភិរក្ស​សត្វ​ខ្សឹប ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​ការពារ​តំបន់​ស្មៅ​ធម្មជាតិ​លិច​ទឹក​នៅ​តាម​បឹង​ទន្លេ​សាប។

លោក ស៊ុំ ភារុណ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​និយាយ​ថា​៖ «ការពារ​តំបន់​ស្មៅ​ធម្មជាតិ​លិច​ទឹក​នៅ​តាម​តំបន់​លិច​ទឹក​បឹង​ទន្លេសាប គឺ​ជា​ចំណាត់​ការ​ដ៏​មាន​សារៈ​សំខាន់ ដើម្បី​ធានា​ដល់​ការ​ស្តារ​ឡើង​វិញ និង​ការ​រស់រៀន​យូរ​អង្វែង​របស់​សត្វ​ដ៏​កម្រ​ទាំង​នេះ»

លោក ស៊ុំ ភារុណ បាន​ប្រាប់ ​VOD ថា ​ការ​ជួយ​សត្វ​នេះ​ឲ្យ​មាន​ចំនួន​ច្រើន​វិញ​ក្នុង​មជ្ឈដ្ឋាន​រស់​នៅ​របស់​ពួកវា ជា​ការ​លំបាក​មួយ​ដោយ​សារ​ការងារ​អភិរក្ស​នេះ​ ត្រូវ​ការ​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​។

លោក ស៊ុំ ភារុណ៖ «យើង​នឹង​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព ហើយ​ខ្ញុំ​គិត​ថា​ តំបន់​ដែល​យើង​បាន​ធ្វើ​ការងារ​ តំបន់​ដែល​យើង​មាន​សកម្មភាព យើង​គិត​ថា ​អាច​សង្ឃឹម​ក្នុង​ការ​ធានា ​តែ​សម្រាប់​តំបន់​ដែល​យើង​មិន​ទាន់​មាន​សកម្មភាព​ការងារ​ ឬ​មិន​ទាន់​ពង្រីក​សកម្មភាព​ទៅ​ដល់​ទីតាំង​ហ្នឹង​ គឺ​យើង​ពិបាក​សង្ឃឹម​ដែរ​»

បើ​តាម​មន្ត្រី​បរិស្ថាន ​សត្វ​ទ្រមាក់​អណ្ដើក ឬ​ខ្សឹប​នេះ ​ត្រូវ​បាន​ចាត់​ចូល​ជា​សត្វ​ជិត​ផុត​ពូជ​ដែល​ត្រូវ​ការ​ការ​គាំពារ​បំផុត ខណៈ​នៅ​តំបន់​អាស៊ី​សត្វ​នេះ​ឃើញ​មាន​តែ​ប្រទេស ​៣​ប៉ុណ្ណោះ គឺ​កម្ពុជា​ នេប៉ាល់ និង​ឥណ្ឌា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ