វិភាគ​៖ ហេតុអ្វី​អាមេរិក​មក​រំឭក​ពីអ​ត្ថ​ប្រយោជន៍​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP នៅពេល​នេះ​?

ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបជាមួយមន្ត្រីការិយាល័យឧបការីតំណាងពាណិជ្ជកម្មអាមេរិក ដឹកនាំដោយលោកបណ្ឌិត កាល អ៊ីលើ (Karl Ehlers) ឧបការីនៃការិយាល័យតំណាងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។ រូបភាព៖ ហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerce

​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ផ្នែក​ពាណិជ្ជកម្ម​ លោក​ កាល​ អ៊ី​ល័រ (Karl​ Ehlers​) កាលពី​សប្តាហ៍​មុន បាន​ជួប​រដ្ឋមន្ត្រី​ក្រ​សួង​​ពាណិជ្ជកម្ម​កកម្ពុជា​ លោក​ ប៉ាន​ សូ​ស័ក្តិ​ នៅ​រាជធានី​ភ្នំពេញ​។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ជំនួប​នោះ​ មន្ត្រី​អាមេរិក​ បាន​រំឭក​ថា​៖ «ប្រទេស​កម្ពុជា​ជា​ប្រទេស​ទទួលផល​ធំ​ទី៨​ ពី​កម្មវិធី​ GSP​ ហើយ​ការ​រី​ក​ចម្រើ​ន​នេះ​ផង​ដែរ ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​ក្នុង​វិស័យ​កាត់ដេរ​ ស្បែកជើង​ និង​កាបូប​នៅ​កម្ពុជា​»

របាយការ​ណ៍​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​វិញ​ បង្ហាញថា​ តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​របស់​សហរដ្ឋ​អាមេរិក​នេះ​ រយៈពេល ៣ខែ​ដើម្បី​ឆ្នាំ២០១៩ កម្ពុជា​បាន​នាំចេញ​​គិតជា​ទឹកប្រាក់​ប្រមាណ​ជាង ១ពាន់​លាន​ដុល្លារ ​(១,១២​ ពាន់​លាន​) កើនឡើង ២៤ភាគរយ ​បើ​ធៀប​​នឹង​ទំហំ​នៃ​ការ​នាំ​ចេញ​ក្នុង​រយៈ​ពេល​ដូច​គ្នា។

ជា​ការ​កត់សម្គាល់​ វត្តមាន​មន្ត្រី​អាមេរិក​​មក​រំឭក​ពីអ​ត្ថ​ប្រយោជន៍​ GSP​ នេះ​ ក៏​កើត​ឡើង​ចំ​ពេល​តំណាង​សហភាព​អឺរ៉ុប​មក​ស្វែងរក​ការពិត​ចុងក្រោយ​​ពី​ការ​វិវត្តន​យោ​បាយ​នៅ​កម្ពុជា​ ពាក់ព័ន្ធ​ទៅ​នឹង​ការជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​​ផង​ដែរ។

សំណួរ​ត្រង់ថា​ ហេតុអ្វី​អាមេរិក​មក​រំឭក​កម្ពុជា​ពីអ​ត្ថ​ប្រយោជន៍​ GSP ​របស់​ខ្លួន​នៅពេល​នេះ​?

អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ មាស​ នី​ មានប្រសាសន៍​ថា​ ការដែល​មន្ត្រី​អាមេរិក​រំឭក​ពី​អំណោយផលពី​ពាណិជ្ជកម្ម​របស់​ខ្លួន​មក​លើ​កម្ពុជា ​អាច​ថា​ អាមេ​រិក​មិន​ចង់​ឱ្យ​កម្ពុជា​ខាតបង់​ ដោយសារតែ​លម្អៀ​ងទៅ​រក​ចិន​។

លោក​ មាស​ នី​ វិភាគ​ថា​ ការ​រំឭក​នេះ​ ក៏​ចំ​ពេល​ដែល​សង្គ្រាម​ពាណិជ្ជកម្ម​​ចិន​-អាមេរិក​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​។ លោក​ថា​ ស្ថានភាព​បែបនេះ​ វា​នឹង​ជំរុញ​ឱ្យ​កម្ពុជា​រអិល​ធ្លាក់​ក្នុង​វិបត្តិ​សង្គម​ បើ​កម្ពុជា​ងាក​ទៅ​គាំទ្រ​ចិន​កាន់តែ​ខ្លាំង​ ហើយ​ភ្លេច​ស្តារ​ស្ថានការណ៍​​ធានា​ដល់​យន្តការ​ប្រជាធិបតេយ្យ​​តាម​ការ​ជំរុញ​របស់​ប្លុក​លោកសេរី​។

លោក​ថា​៖ «ខ្ញុំ​គិតថា​ រឿង​ GSP ​និង EBA ​ក៏អាច​ក្លាយជា​កត្តា​ចម្បង​មួយ​ដែល​អាច​ធ្វើ​ឱ្យ​សហរដ្ឋ​អាមេរិក​សម្លឹង​ និង​ភ្ជាប់​ជាមួយ​សង្គ្រាម​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ហ្នឹង​ មក​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ ពិសេស​វត្តមាន​នៃ​អ្នក​វិនិយោគ​ចិន​សន្ធឹក​សន្ធាប់​នៅ​កម្ពុជា​ វា​ធ្វើ​ឱ្យ​អាមេរិក​ពិនិត្យមើល​កាន់តែ​លម្អិត​ ហើយ​វា​អាច​នឹង​មាន​វិធាន​ការ​ផ្សេង​ៗទៀត​ នេះ​តាម​ការ​មើលឃើញ​របស់ខ្ញុំ​»

សហរដ្ឋ​អាមេ​រិក​ និង​សហភាព​អឺរ៉ុប​ ធ្លាប់​ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ ដែល​បាន​ផាត់​អតីត​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ ​ធ្លាប់​ទាមទារ​ឱ្យ​ដោះលែង​លោក​ កឹម​ សុខា​ និង​ធ្លាប់​ជំរុញ​ឱ្យ​បក្ស​កាន់អំណាច​វិល​ទៅ​បង្រួប​បង្រួម​ជាតិ​ឡើងវិញ​ ដើម្បី​ធានា​យន្តការ​ប្រជាធិបតេយ្យ​។

ប៉ុន្តែ​ ជិត ២ឆ្នាំ​មកនេះ​ ជម្លោះ​នយោបាយ​រវាង​គណបក្ស​កាន់អំណាច​ និង​គណបក្ស​ប្រឆាំង​ នៅតែ​មិន​អាច​រក​ការស​ម្រ​ប​សម្រួល​បាន​ដដែល​។

កម្តៅ​នយោបាយ​នេះ ​អាម​រិក​បាន​ប្រកាស​វិធានការ​ដំបូង​​បង្កក​ទ្រព្យសម្បត្តិ​មេបញ្ជាការ​អង្គរក្ស​របស់​នាយក​រដ្ឋមន្ត្រី ​គឺ​លោក​ ហ៊ីង​ ប៊ុ​នហៀង​ និង​មិនទាន់​លុបចោល​ការ​ដាក់ទណ្ឌកម្ម​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៅ​ក្រសួង​ការបរទេស​របស់​កម្ពុជា​នៅឡើយ​ទេ ​​ចាប់តាំងពី​ឆ្នាំ២០១៧មក​។

ចំណែក​សហភាព​អឺរ៉ុប​វិញ​ បាន​ប្រកាស​វិធានការ​លើ​ដំណើរការ​ឈាន​ទៅ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​ ក្រោយពី​រក​ឃើញថា ​រដ្ឋាភិបាល​បាន​បរាជ័យ​ក្នុង​ការ​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​តាម​លក្ខខណ្ឌ​របស់​ខ្លួន​ ដោយ​រាប់​ថ្ងៃ​ថយក្រោយ​ចាប់ពី​ខែ​កុម្កៈ ​ឆ្នាំ២០១៩មក​។

អ្នកវិភាគ​វ័យក្មេង ​កញ្ញា​ លី​ ស្រី​ស្រស់​ វិភាគ​ថា​ សារ​របស់​អាមេរិក​ ថ្វីបើ​លើកឡើង​ពី​អំណោយផល​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ សារ​នេះ​ក៏បាន​បង្កប់ន័យ​ថា​ វិធានការ​រួមគ្នា​នឹងអាច​កើតឡើង​ បើ​រដ្ឋាភិបាល​នៅតែ​ព្រងើយកន្តើយក្នុងការ​វិល​ចូល​ទៅ​គន្លង​ប្រជាធិបតេយ្យ​វិញ​។

កញ្ញា​ថា​៖ «ខ្ញុំ​គិតថា​ ការ​មក​ព្រមគ្នា​ [សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​] នេះ ​វា​ជា​រឿង​មួយ​បង្ហាញ​ពី​ភាព​បាត់បង់​ដ៏​ធំធេង ​​បើសិនជា​កម្ពុជា​នៅតែ​រក្សា​ជំ​ហរបែ​បនេះ​។ ព្រោះ​គេ​ចង់​បង្ហាញថា​ ជំហរ​របស់​សហរដ្ឋ​អាមេរិក​ និង EU​ អាច​ស្ថិតនៅ​ក្នុង​ឡា​ញ (បន្ទាត់) តែ​មួយ​ មានន័យថា​ បើ​អាមេរិក​ទៅណា​ សហភាព​អឺរ៉ុប​ក៏​ទៅតាម​នោះ​ដែរ​»

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ លោ​ក គឹម​ សុខ​ ​វិភាគ​ថា​ សារ​រំឭក​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​អាមេរិក​ជា​ភាសា​កា​រ​ទូត​ ប៉ុន្តែ ​លោក​វិភាគ​ថា ​វា​ជា​សារ​ព្រមាន​ចុងក្រោយ​​នៃ​វិធានការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​យ៉ាង ​បើ​រដ្ឋាភិបាល​ងាក​ទៅ​រក​ចិន​ផ្តាច់​មុខ​ ហើយ​មិនព្រម​បើក​លំហ​ប្រជាធិបតេយ្យ​ តាម​ការ​ទាមទារ​របស់​ប្លុក​លោកសេរី​នោះ​។

លោក​ថា​៖ «និយាយ​ឱ្យ​ចំ ​អាមេរិក​នឹង​ដក ​GSP​ នៅពេល​ដែល​សហភាព​អឺរ៉ុប​ដក EBA​ ប្រសិនបើ​របប​ក្រុងភ្នំពេញ​មិន​គោរព​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អន្តរជាតិ​ទេ​។ ភាសា​ការទូត​រំ​ឭក​ដដែល​ៗ គឺជា​លក្ខខណ្ឌ​ព្រមាន​បិទផ្លូវ​»

លោក​ គឹ​មសុខ​ វិភាគ​ទៀត​ថា​ ការដែល​អាមេរិក​ទាមទារ​ម្តង​ហើយ​ម្តង​ទៀត​ ឱ្យ​ដោះលែង​មេ​បក្ស​ប្រឆាំង​ លោ​ក កឹម​ សុខា​ និង​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​ឱ្យ​ស្តា​រប្រ​ជាធិប​តេយ្យ​ឡើងវិញ ​និង​រំឭក​ពីអ​ត្ថ​ប្រយោជន៍​ GSP ​របស់​ខ្លួន​នៅពេល​​នេះ ​ក៏​បង្ហាញ​ដែរ​ថា​ អាមេរិក​​នឹង​មិន​ដកដៃ​ពី​កម្ពុជា​ក្នុង​ការជំរុញ​ប្រជាធិបតេយ្យ​នេះ​ទេ​ ទោះ​ពេលនេះ ​កម្ពុជា​កំពុង​យក​ចិន​ធ្វើជា​ខ្នង​បង្អែ​កធំ​ក៏ដោយ​។

អ្នកវិភាគ​រូប​នេះ​វិភាគ​ទៀត​ថា​ ជំហរ​របស់​អាមេរិក​បច្ចុប្បន្ន​ ចង់​ជួយ​ប្រទេស​កម្ពុជា​ និង​ពលរដ្ឋខ្មែរ​ជា​ការ​បំពេញ​កាតព្វកិច្ច​ជា​អន្តរជាតិ​ស្របតាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ស្ដី​អំពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​ផង​ និង​ដើម្បី​ផ្សះផ្សា​ស្នាមរបួស​កាលពី​អតីតកាល​ផង​។

នាយក​រដ្ឋមន្ត្រី​កម្ពុជា ​លោក​ ហ៊ុន​ សែន​ អំឡុង​​ទៅ​ចូលរួម​វេ​ទិ​កាស្តីពីអ​នាគ​តអាស៊ី​នៅ​ប្រទេស​ជប៉ុន​​ នា​ចុងខែ​ឧសភា​ខែមុន​នេះ​ បាន​ច្រាន​ចោល​​ការវាយតម្លៃ​ថា​ កម្ពុជា​ងាក​ទៅ​គាំទ្រ​ចិន​ ហើយ​ចោល​អាមេរិក​ និង​បាន​ស្នើ​ជប៉ុន​ឱ្យ​ជួយ​នាំសារ​ប្រាប់​ទៅ​អាមេរិក​ថា ​កម្ពុជា​នៅតែ​ចង់​ធ្វើជា​មិត្ត​ល្អជា​មួយ​អាមេរិក​ដដែល​។

បើ​តាម​របាយការណ៍​របស់​ក្រុម​អ្នកបញ្ជា​ទិញ​ ដែល​ត្រូវ​បាន​ផ្ញើ​ទៅកាន់​នាយក​រដ្ឋមន្ត្រី​កាលពីដើម​ខែមេសា​ឆ្នាំនេះ​ ប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប​ និង​ GSP​ របស់​អាមេរិក​ ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កម្ពុជា​ក្នុង​ការនាំ​ទំនិញ​ទៅ​ល​ក់​​នៅ​ទីនោះ​ គិត​ជា​ទឹកប្រាក់ ៨​,៥ពាន់​លាន​​ដុល្លារ​​ក្នុង​ឆ្នាំ២០១៨​។ លិខិតបញ្ជាក់​ថា​ ទំហំ​ពាណិជ្ជកម្ម​នេះ​ស្មើនឹង​ ១ភាគ៣​ ឬ ៣៨​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ឬ GDP​ របស់​កម្ពុជា​។

ទោះជាយ៉ាងណា​ អ្នកវិភាគ​គិតថា​ បញ្ហា​កម្ពុជា​អាច​បញ្ចៀស​​ទណ្ឌកម្ម​​នេះ​បាន ​បើ​អ្នកនយោបាយ​ខ្មែរ​គិត​ប្រយោជន៍ជាតិ​ ហើយ​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ ដោយ​ថា ​ថ្វីបើ​កម្ពុជា​ត្រូវការ​ទីផ្សារ​លោកសេរី​ជា​ដង្ហើម​សេដ្ឋកិច្ចក៏ដោយ​ តែ​សហរដ្ឋ​អាមេរិក​វិញ​ ក៏​ត្រូវការ​កម្ពុជា​ ដើម្បីទប់​ឥទ្ធិពល​ចិន​នៅ​តំបន់​អាស៊ី​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ