អ្នក​ភូមិ​រាប់​រយ​​នាក់​ប្រមូល​ផ្ដុំ​គ្នា​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បណ្ដឹង​លើ​ប្រជា​សហគមន៍​៨​រូប

ប្រជាពលរដ្ឋ ២០០​នាក់ នៅ​ក្នុង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បានប្រមូល​ផ្ដុំ​គ្នា​តវ៉ានៅមុខសាលាដំបូងខេត្តនេះ ដើម្បីទាមទារឱ្យតុលាការទម្លាក់​ចោលបណ្ដឹងទៅ​លើប្រជាសហគមន៍ដីធ្លីចំនួន ៨​នាក់ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩។ រូបភាព៖ បណ្ដាញសង្គម

ប្រជាពលរដ្ឋ ២០០​នាក់ នៅ​ក្នុង​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បានប្រមូល​ផ្ដុំ​គ្នា​តវ៉ានៅមុខសាលាដំបូងខេត្តនេះ ដើម្បីទាមទារឱ្យតុលាការទម្លាក់​ចោលបណ្ដឹងទៅ​លើប្រជាសហគមន៍ដីធ្លីចំនួន ៨​នាក់។

ការតវ៉ារបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីប្រជាសហគមន៍ដីធ្លីចំនួន ៨​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​ត្បូងឃ្មុំ​ កោះ​ហៅ​ឱ្យចូលបំភ្លឺ នាថ្ងៃនេះ ក្រោម​ការចោទ​ថា បាន​គំរាមកំហែង​អ្នក​ដទៃ។

តំណាងសហគមន៍​ដីធ្លី លោក សែម ចំណាន ដែលត្រូវចូលបំភ្លឺនៅថ្ងៃនេះ បាន​ប្រាប់ វី.អូ.ឌី ថា តុលាការបានលើកពេលចូលបំភ្លឺទៅថ្ងៃក្រោយវិញ​ហើយ ដោយមិនបានកំណត់ពីពេលវេលានោះទេ។

លោក សែម ចំណាន ប្រាប់​ថា៖ «អត់ប្រាប់ពីមូលហេតុទេ ប៉ុន្តែ ខ្ញុំស្មាន គឺដោយសារ​មកពី​ប្រជាពលរដ្ឋមកច្រើន។ ប្រជាពលរដ្ឋទាមទារ ឱ្យមានដើម​បណ្ដឹង ទាមទារឱ្យរកយុត្តិធម៌  ហើយមួយទៀត គាត់មកលើកទឹកចិត្តអ៊ីចឹង។ អត់បានជួបចៅក្រមទេ ជួបតែព្រះរាជអាជ្ញារងព្រោះព្រះរាជអាជ្ញាគាត់អ្នកហៅចូល ហើយគាត់ថា ចាំជួបចៅក្រមពេលក្រោយ»

ក្នុងដីកាកោះ​ចុះថ្ងៃទី២៣ ខែឧសភា ចៅក្រម​ស៊ើបសួរ​​សាលាដំបូងខេត្តត្បូងឃ្មុំ អ្នកស្រី ហៃ ណៃហេង បានបង្គាប់ឱ្យប្រជាពលរដ្ឋចំនួន ៨នាក់ នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំងព្រីង ចូលបំភ្លឺនៅតុលាការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ក្រោម​ការចោទ​ថា បាន​គំរាមកំហែង​អ្នក​ដទៃ។

លោក សែម ចំណាន អះអាងថា ដីព្រៃសហគមន៍ភូមិ​ស្រែប្រាំង​ ត្រូវបានចុះបញ្ជីកាលពីឆ្នាំ២០០៤ គ្រប់លើ​ផ្ទៃ​ដី​ព្រៃ​ទំហំ ៧៨៥​ហិកតា​ ស្ថិត​ក្នុង​ឃុំត្រពាំងព្រីង ស្រុកតំបែរ ហើយ​បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋចំនួន ១៣៩​គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល​លើ​ដីព្រៃ​សហគមន៍​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ