អតីត​គណបក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​រួម​កម្លាំង​គ្នា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​

លោក សម រង្ស៊ី និងអ្នកគាំទ្រ កាលពីខែកក្កដា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក Cambodia Elections – បោះឆ្នោត កម្ពុជា)

អតីត​គណបក្ស​ប្រឆាំង​ អំពាវនាវ​ទៅ​ពលរដ្ឋ​គ្រប់​និន្នាការ​ និង​គ្រប់​គណបក្ស​នយោបាយ​ឱ្យ​រួម​កម្លាំង​គ្នា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប ​និង ​GSP​ របស់​សហរដ្ឋ​អាមេរិក​។

សេច​ក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី៩ ខែមិថុនា​ អតីត​គណបក្ស​ប្រឆាំង​ បញ្ជាក់​ថា​ ការ​អំពាវនាវ​នេះធ្វើឡើង​«ដើម្បី​បញ្ចៀស​នូវ​ការឈឺចាប់​ និង​សេច​ក្តី​ទុក្ខ​លំបាក​របស់​ពលរដ្ឋខ្មែរ​»

សេច​ក្តី​ថ្លែងការណ៍​ដដែល​ ក៏​ប្រាប់​ពី​គម្រោង​វិលត្រឡប់​របស់​ថ្នាក់ដឹកនាំ​មួយចំនួន​ដែល​បាន​និរទេស​ខ្លួន​ ថា​នឹង​វិល​ចូល​កម្ពុជា​វិញ​ឆាប់​ៗផង​ដែរ​ ។

បើ​តាម​សេចក្តី​ថ្លែងការណ៍​នេះ​ ដំណើរ​និវត្តន៍​នេះ​ដើម្បី​តស៊ូ​នយោបាយ​ដោយ​អហិង្សា​នៅក្នុង​ប្រទេស​ ទាមទារ​ឱ្យ​ដោះលែង​លោក​ កឹម​ សុខា​ និង​ជំរុញ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​ ដើម្បី​បញ្ចៀស​ការ​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​។

សហភាព​អឺរ៉ុប​ នៅ​សប្តាហ៍​មុន​នេះ​ បាន​បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​ពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ លើ​វិធានការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​។

ចំណែ​កប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ GSP ​របស់​សហរដ្ឋ​អាមេរិក ​កំពុង​គំរាមកំហែង​ដក​វិញ ​ក្រោយពី​សមាជិកសភា​អាម​រិក​ពីរ​រូប​ស្នើសុំ​ព្យួរ​ ។

ការ​គំរាមកំហែង​ព្រមគ្នា​ផ្នែក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទាំងនេះ​ បាន​កើតឡើង​ក្រោយពី​ប្លុក​លោកសេរី​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះលែង​ លោក​ កឹម​ សុខា​ ឱ្យ​ទម្លាក់បទ​ចោទ​អ្នកន​យោបាយ​​ប្រឆាំង​ទាំងអស់ ​និង​ទាមទារ​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ​ឡើងវិញ ​ជាដើម​ គ្មាន​ចម្លើយ​វិជ្ជមាន​ពី​បក្ស​កាន់អំណាច​។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក​ យ៉េង​ វីរៈ​ ប្រាប់ ​VOD ​ថា​ ការបាត់បង់​ប្រព័ន្ធ​អនុ​ គ្រោះ​ពន្ធ​ ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​។ លោក​ថា​ ករណីនេះ​ គណបក្ស​លោក​ធ្លាប់​បាន​ជំរុញ​រួចហើយ​ទៅ​រដ្ឋាភិបាល​ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កើតឡើង​។

អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ លោក​ សុខ​ ឥសាន​ ហៅ​សារ​អំពាវនាវ​នេះ​ថា​ ជា​ល្បិច​ទា​ល់​​ច្រក​ថ្មី​មួយទៀត​ ក្រោយពី​អំពាវនាវ​ទៅ​ប្រជាពលរដ្ឋ​ និង​កងទ័ព​ឱ្យ​ចូលរួម​ផ្តួល​រំលំ​រដ្ឋាភិបា​ល​មិនបាន​ជោគជ័យ​។

ប៉ុន្តែ​ នៅពេល​សួរ​ថា​ តើ​គណបក្ស​កាន់អំណាច​ នឹង​បង្ហាញ​ជំហរ​យ៉ាងដូច​ម្តេច​ពាក់ព័ន្ធ​ទៅ​នឹង​លក្ខខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។

លោក​ថា​៖ «អាហ្នឹង​ យើង​ធ្វើតាម​នីតិវិធី​របស់​យើង​ ពីព្រោះ​ការសម្រេច​មិនមែន​ស្ថិតនៅ​លើ​យើង​ទេ ​តែ​រដ្ឋាភិបាល​លោក​កំពុង​ចាត់ចែង​ការងារ​ហ្នឹង​ ស្រប​ទៅតាម​នីតិវិធី​ និង​សមត្ថកិច្ច​រប​ស់​ក្រ​សួង​ពាក់ព័ន្ធ​»។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៅ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ មានប្រសាសន៍​ថា​ ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម ​វា​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សិទ្ធិ​រស់រាន​មានជីវិត​របស់​ពលរដ្ឋ​ច្រើន​លាន​នាក់​។

អ្នកឃ្លាំមើល​រូប​នេះ​ ផ្តល់​ជា​យោបល់​ថា​ អ្នកនយោបាយ​គួរ​ស្វែងរក​ដំណោះស្រាយ​រក្សាទុក​ប្រព័ន្ធ​អនុគ្រោះ​នេះ​ ដើម្បី​ជា​ប្រយោជន៍ជាតិ​ ជាជាង​បណ្តែតបណ្តោយ​ឱ្យ​ជាតិ​បែកបាក់​។

លោក​ ថា​៖ «យើង​មានការ​ព្រួយបារម្ភ​ ព្រោះ​បើកាលណា​យើង​បាត់ ​EBA​ និង GSP ​អ្នក​ដែល​ទទួលរង​ផល​ប៉ះពាល់​មុនគេហ្នឹង ​គឺ​កម្មករ​តាម​រោងចក្រ​ ហើយ​បើ​កម្មករ​គាត់​បាត់បង់​ហើយ​ក្រុម​គ្រួសារ​គាត់​ប៉ុន្មានលាន​នាក់​ទៀត​ដែល​ត្រូវ​រងគ្រោះ​ដោយសារ​ការបាត់បង់​ហ្នឹង​»។

តាម​លិខិត​ក្រុម​អ្នកបញ្ជា​ទិញ​ដែល​បាន​ផ្ញើ​ទៅ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ កាលពីដើម​ខែមេសា​ ឆ្នាំនេះ​ បង្ហាញថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​និង​ ​GSP​ ផ្តល់​អត្ថ​ប្រយោជន៍​ដល់​កម្ពុជា​ក្នុង​ការនាំ​ទំនិ​ញ​​ទៅ​លក់​នៅ​ទីនោះ​ គិតជា​ទឹកប្រាក់ ៨​,៥ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ២០១៨​។ ទំហំ​ពាណិជ្ជកម្ម​នេះ​ស្មើនឹង ១ភាគ៣​ ឬ ៣៨​% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ GDP​ ​របស់​កម្ពុជា​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ